គន្លឹះជួយឲ្យកូនចូលចិត្តការអានតាំងពីតូច​

  • 2023-09-26 11:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជួយ​ឲ្យ​កូន​មាន​ជំនាញ​ក្នុងការ​អាន​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការឆ្ពោះ​ទៅ​រក​ភាព​​ជោគជ័យ​ក្នុងការ​សិក្សា និង​ការ​ស្រឡាញ់​ការអាន​ពេញ​មួយ​ជីវិត​។ ដើម្បី​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ចូល​ចិត្ត​ការអាន ប៉ា​ម៉ាក់​គួរ​ដឹង​ និង​អនុវត្ត​គន្លឹះ​មួយ​ចំនួន​នេះ។

បង្កើត​ទម្លាប់​អាន​ឲ្យ​កូន​៖ ការ​បង្កើត​ទម្លាប់​នេះ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​លះបង់​របស់​ប៉ា​ម៉ាក់ គឺ​មាន​ន័យ​ថា​ប៉ា​ម៉ាក់​ត្រូវ​ចំណាយ​ពេល​អាន​ជាមួយ​កូន​។ ការធ្វើ​ដូច​នេះ​កូន​នឹង​បាន​អាន​ពាក្យ​ថ្មីៗ​ ជួយ​ឲ្យ​កូន​ចាំពាក្យ​បាន​ច្រើន និង​បាន​រំឭកពាក្យ​ចាស់​ៗ​ដែល​បាន​រៀន​កន្លង​មក​ផងដែរ​។

ឲ្យ​កូន​អាន​សៀវភៅ​ដែល​ពួកគេ​ចូល​ចិត្ត​៖ ការ​ឲ្យ​កូន​ជ្រើស​រើស​សៀវភៅ​ដែល​គេ​ចូល​ចិត្ត​យក​មក​អាន​នឹង​ធ្វើ​ឲ្យ​កូន​​ជក់ចិត្ត​ក្នុង​ការ​អាន និង​បង្កើត​ទម្លាប់​ក្នុង​ការ​អាន​ដែរ។ ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​ក៏​ត្រូវ​រៀបចំ​ទុក​ដាក់​សៀវ​ភៅ​នៅ​កន្លែងដែល​កូន​ងាយ​នឹង​យក​អាន​បាន ដែល​ការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​កូន​ងាយ​នឹង​ចង់​អាន​​សៀវ​ភៅ​ដែរ​។​

ជួយ​កូន​ស្វែង​រក​សៀវភៅ​ប្រភេទផ្សេងៗ​៖ ដូច​គ្នា​ដែរ ប៉ាម៉ាក់​គួរ​នាំ​កូន​ទៅ​បណ្ណាគារ​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ឲ្យ​កូន​​អាច​ស្វែងរក​សៀវភៅ​ដែល​គេ​ចូល​ចិត្ត និង​ចង់​អាន​។ ប៉ា​ម៉ាក់​គួរ​អនុញ្ញាត​ឲ្យ​កូន​ជ្រើស​រើស​សៀវភៅ​ដែល​គេ​ចូល​ចិត្ត សៀវភៅ​ដែល​មាន​អ្នក​និពន្ធ​ផ្សេងៗ​​គ្នា និង​ប្រភេទ​ផ្សេងៗ​គ្នា​ផង​ដែរ​។ ពេល​កូន​មាន​សៀវភៅ​ដែលខ្លួន​ចូលចិត្ត​ នោះ​កូន​នឹង​ចំណាយ​ពេល​អាន​មិន​ខាន​។​

ជួយ​ពន្យល់​កូន​ពីពាក្យ​ពិបាកៗ៖ បន្ថែម​ពីនេះ ប៉ា​ម៉ាក់​ក៏​នៅ​តែ​ត្រូវ​ចំណាយ​ពេល​ជួយ​កូន​អាន​ដែរ ដើម្បី​ជួយ​ប្រាប់​ពាក្យ​ណា​ដែល​កូន​ពិបាក​អាន ឬ​មិន​យល់​ន័យ​។ ការ​ជួយ​ពន្យល់​ពាក្យ​ពិបាកៗ​ទាំង​នេះ​ដល់​កូន​មិន​ត្រឹម​តែ​ជួយ​កូន​បាន​យល់​សាច់រឿងក្នុង​សៀវ​ភៅ​បាន​កាន់​តែ​លម្អិត​ទេ តែ​ក៏​ធ្វើ​ឲ្យ​កូន​ចេះ​ពាក្យ​ថ្មីៗ​បន្ថែមទៀត​ដែរ។

ដើម្បី​ឲ្យកូន​ចេះ​អាន ពូកែ​អាន​ ​មិន​អាច​ខ្វះ​បាន​ទេ​ពី​ការ​ចូល​រួម​របស់​ឪពុកម្ដាយ និងកូន​ផ្ទាល់។ នៅ​សាលា​មាន​គ្រូ​ជួយ​បង្ហាត់​បង្ហាញ ចំណែក​នៅ​ផ្ទះ​គឺជា​ភារៈ​របស់​ម៉ាក់​ប៉ា​ក្នុង​ការ​ជួយ​កូន​បន្ថែម​ទៀត​។​

ប្រភព៖ ប្រភព ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម