តើកូលេស្តេរ៉ូលខ្ពស់មានន័យថាម៉េច និងប៉ះពាល់បេះដូងបែបណា?
- 2023-09-18 04:08:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកូលេស្តេរ៉ូលខ្ពស់មានន័យថាម៉េច និងប៉ះពាល់បេះដូងបែបណា?
កូលេស្តេរ៉ូលឡើងខ្ពស់មានន័យថាក្នុងឈាមរបស់យើងមានខ្លាញ់ច្រើន។ កូលេស្តេរ៉ូល គឺជាសារធាតុម្យ៉ាងមានលក្ខណៈអន្ធឹលៗដែលមាននៅក្នុងឈាម ហើយរាងកាយយើងត្រូវការកូលេស្តេរ៉ូលដើម្បីធ្វើឲ្យកោសិកាមានសុខភាពល្អ។
ប៉ុន្តែនៅពេលមួយដែលកូលេស្តេរ៉ូលក្នុងឈាមឡើងខ្ពស់ នោះនឹងអាចនាំឲ្យយើងមានហានិភ័យកើយជំងឺបេះដូងទៅវិញ។ ពេលកូលេស្តេរ៉ូលខ្ពស់ នោះក្នុងសរសៃឈាមយើងអាចមានជាតិខ្លាញ់កាន់តែច្រើនបន្តកើនឡើង និងអាចធ្វើឲ្យលំហូរឈាមក្នុងសរសៃឈាមមិនបានគ្រប់គ្រាន់។ ពេលខ្លះទៀត ដុំខ្លាញ់ដែលមានក្នុងសរសៃឈាមនេះអាចបែកភ្លាមៗ និងបង្កើតបានជាដុំកំណកមួយដែលអាចរាំងស្ទះដល់លំហូរឈាម និងអាចធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគាំងបេះដូង។
កម្រិតកូលេស្តេរ៉ូលខ្ពស់ គឺមានន័យថាកូលេស្តេរ៉ូលក្នុងរាងកាយយើងសរុបចាប់ពី២០០មិល្លីក្រាម/ដេស៊ីលីត្រ (200mg/dL) ឬក៏មានខ្ពស់ជាងនេះ។ ហើយបើក្នុងករណីកម្រិតកូលេស្តេរ៉ូលខ្ពស់ជាងកម្រិតធម្មតាតិចតួច យើងអាចងាយស្រួលក្នុងការគ្រប់គ្រង ដោយប្រើវិធីកែប្រែរបៀបរបបរស់នៅ និងរបបអាហារ។ ប្រឹក្សាជាមួយគ្រូពេទ្យពីជម្រើសនៃការគ្រប់គ្រងកូលេស្តេរ៉ូលដែលស័ក្តិសមនឹងស្ថានភាពលោកអ្នក។
ខាងក្រោមនេះជាវិធីមួយចំនួនជួយបញ្ចុះកូលេស្តេរ៉ូល៖
ញ៉ាំអាហារល្អចំពោះសុខភាពបេះដូង៖ កាត់បន្ថយការញ៉ាំសាច់ក្រហម ឬផលិតផលធ្វើពីទឹកដោះគោដែលមានខ្លាញ់ច្រើន ស៊ុតផ្នែកក្រហម និងថ្លើមសត្វ ហើយអ្វីដែលសំខាន់គឺកុំជក់បារី។ យើងអាចញ៉ាំត្រី សាច់ទ្រូងមាន់ គ្រាប់ផ្លែឈើ និងប្រេងអូលីវ ជំនួសវិញ។ ក្រៅពីនេះ អ្នកមានបញ្ហាលើសកូលេស្តេរ៉ូលគួរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។
ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណអាចជួយបង្កើនកម្រិតកូលេស្តេរ៉ូលល្អ និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ និងថែមទាំងអាចគ្រប់គ្រងទម្ងន់ខ្លួនបានល្អទៀតផង។ យើងអាចហាត់ប្រាណត្រឹម៣០នាទីក្នុងមួយថ្ងៃ និងពីបួនទៅប្រាំដងក្នុងមួយសប្ដាហ៍។
ប្រឹក្សាជាមួយគ្រូពេទ្យ៖ បើសិនជាការកែប្រែបែបបទនៃការរស់នៅ និងរបបអាហារមិនអាចធ្វើឲ្យកូលេស្តេរ៉ូលចុះមកធម្មតាវិញទេ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យយើងប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រងបញ្ហាសុខភាពមួយនេះ។