បញ្ហា​លើស​សម្ពាធ​ឈាម​ ទាំងនេះ​ជា​អ្វី​​គួរ​ដឹង​

  • 2023-09-11 07:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្ពាធ​ឈាម​ខ្ពស់ ឬ​លើស​សម្ពាធ​ឈាម គឺ​ជា​បញ្ហា​សុខ​ភាព​មួយ​ដែល​ប៉ះពាល់​ទៅ​ដល់​សរសៃ​ឈាម​ក្នុង​រាង​កាយ​។ សម្ពាធ​ឈាម​ខ្ពស់​កើត​ឡើង​នៅ​ពេល​កម្លាំង​នៃ​ការ​រុញ​​ច្រាន​ឈាម​ទៅ​នឹង​ជញ្ជាំង​សរសៃ​ឈាម​មាន​ការ​កើន​ឡើង​។

ពេល​វាស់​សម្ពាធ​ឈាម​ឃើញ​​លទ្ធផល​ 130/80mm បារត (mm Hg) ឬ​លើស​នេះ គឺ​​មាន​ន័យ​ថា​យើង​កំពុងមាន​សម្ពាធ​ឈាម​ខ្ពស់​។ បញ្ហា​លើស​សម្ពាធ​ឈាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឃាតករ​លាក់​មុខ​មួយ​ដែរ ពីព្រោះ​ថា​បញ្ហា​នេះ​ច្រើន​កើន​ឡើង​ដោយ​មិន​មាន​សញ្ញា​ព្រមាន ឬ​រោគ​សញ្ញា​ ហើយ​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ថា​ខ្លួន​កំពុង​មាន​បញ្ហា​នេះ​ទេ​។

បើ​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ហើយមិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវទេ វា​នឹង​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ឬគាំង​បេះ​ដូង ព្រម​ទាំង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត​។

ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​យើង​គួរ​ដឹង​ពី​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​៖

  • តើ​បាន​ពិនិត្យ​សម្ពាធឈាម​ទៀង​ទាត់ទេ? ​​​សម្រាប់​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជា​ការ​ចាំ​បាច់​ណាស់​ក្នុងការ​តាម​ដាន​សម្ពាធ​ឈាម​របស់​ខ្លួន​ឲ្យ​បាន​ទៀង​ទាត់​តាម​ការណែ​នាំ​របស់គ្រូពេទ្យ​។ សម្រាប់​អ្នក​មាន​សុខ​ភាព​ធម្មតា​ក៏​គួរ​ពិនិត្យ​សម្ពាធ​ឈាម​របស់​ខ្លួន​ដែរ​ អាច​ថាយ៉ាង​តិច​បាន​ពីរ​ដង​ក្នងុ​មួយ​ឆ្នាំ ឬ​អាច​ច្រើន​ជាង​នេះ​។​

  • ទម្លាប់​ល្អ​ក្នុងការ​រស់នៅជួយ​ការពារ និង​​គ្រប់​គ្រង​បញ្ហា​លើស​សម្ពាធ​ឈាម​។ បញ្ឈប់​ការ​ជក់​បារី ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព ជា​អ្វី​ដែល​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ត្រូវ​ធ្វើ​​ដើម្បី​គ្រប់គ្រង​បញ្ហា​នេះ​ឲ្យ​បាន​ល្អ ហើយ​ក៏​អាច​ជួយ​ការពារ​បញ្ហា​លើស​សម្ពាធ​ឈាម​បាន​ដែរ សម្រាប់​អ្នក​មិន​ទាន់​​មាន​បញ្ហា​នេះ​។​​

  • កត្តា​ហានិភ័យ​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​។ កត្តា​ហានិភ័យ​ទាំង​នោះ​មាន​ដូច​ជា​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន ធាត់​លើស​ទម្ងន់ មាន​បញ្ហា​ផ្លូវចិត្ត​រ៉ាំរ៉ៃ និង​មាន​ប្រវត្តិសមាជិក​គ្រួសារ​លើស​សម្ពាធ​ឈាម​។

  • អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ខ្លះ​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​ជួយ​គ្រប់​គ្រង​ស្ថានភាព​សុខ​ភាព​។ ក្រៅ​ពី​ការ​គ្រប់​គ្រង​របប​អាហារ និង​ធ្វើ​លំហាត់​ប្រាណ អ្នក​មាន​​បញ្ហា​លើស​សម្ពាធ​ឈាម​មួយ​ចំនួ​ន​អាច​នឹង​ត្រូវ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ផង​ដែរ ហើយ​អ្នក​ជំងឺត្រូវ​ញ៉ាំ​ថ្នាំ​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​។​​

  • លើស​សម្ពាធ​ឈាម​ជា​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​មួយ​ តែ​មិន​ស្ដែង​ចេញ​រោគ​សញ្ញា​។ បញ្ហា​លើស​សម្ពាធ​ឈាម​ជាទូ​ទៅ​អាចនឹង​មិន​បង្ហាញ​សញ្ញា ឬ​រោគ​សញ្ញា​អ្វី​ទេ​។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ឃាតករ​លាក់​មុខ​។ ​គ្រប់​គ្នា​អាច​នឹង​មាន​បញ្ហា​នេះ​ជា​ច្រើន​ឆ្នាំ​ទាំង​ដែល​មិន​បាន​ដឹង​ខ្លួន​សោះ​ក៏​មាន​។​​

ប្រភព៖ mayoclinic | CDC អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម