ត្រូវមានជំនឿចិត្តលើខ្លួនឯង ក្នុងការធ្វើអ្វីមួយ
- 2023-09-04 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវមានជំនឿចិត្តលើខ្លួនឯង ក្នុងការធ្វើអ្វីមួយ
យើងដឹងហើយថា កាលបើយើងគ្មានមានជំនឿចិត្តលើខ្លួនឯងទេ នោះប្រាកដជាមិនអាចធ្វើអ្វីសម្រេចជោគជ័យបានឡើយ ព្រោះថាការជឿជាក់លើខ្លួនឯងនេះ គឺជាការសាងកម្លាំងជំរុញចិត្តពីខាងក្នុងខ្លួនរបស់យើងខ្ពស់ជាងកម្លាំងជំរុញពីខាងក្រៅ។ ដូច្នេះហើយយើងរមែងកត់សម្គាល់ឃើញថា អ្នកដែលមានកម្លាំងពីខាងក្នុងតែងតែពុះពាររាល់ឧបសគ្គ បើទោះជាឧបសគ្គនោះធំប៉ុណ្ណា ក៏គេនៅតែវាយបំបែករហូតទាល់តែបានសម្រេច។
ដោយឡែកអ្នកដែលមិនមានជំនឿចិត្តលើខ្លួនឯង គេរមែងតែរាថយ ហើយតែងមានគំនិតបីសាចចេញពីក្នុងខ្លួនផ្សេងៗមកថា៖
ខ្ញុំធ្វើមិនកើតទេ
ខ្ញុំមិនមានសមត្ថភាពធ្វើវាទេ
ខ្ញុំធ្វើទៅខ្លាចតែវាបរាជ័យប្រាកដជានាំឲ្យខាតពេល
ខ្ញុំធ្វើទៅនិងមានអ្នកដ៏ទៃសើចចំអកឲ្យ
ខ្ញុំធ្វើទៅនិងមានអ្នកដ៏ទៃមកជ្រៀតជ្រែក
ខ្ញុំធ្វើមិនកើតទេ ព្រោះខ្ញុំគ្មានជំនាញ ។ល។
គំនិតបិសាចទាំងនេះនឹងធ្វើឲ្យកែវភ្នែករបស់គេទាំងពីរសម្លឹងឃើញតែរឿងដែលធ្វើមិនកើត មិនអាចធ្វើបាន មិនមិនចេញ ធ្វើមិនរួច ធ្វើមិនបានជោគជ័យ ធ្វើយ៉ាងណាមិនបានចម្រើន។ល។ ដែលគំនិតទាំងនេះនិងទៅរួមផ្សំជាមួយនឹងគំនិតបិសាចខាងក្រៅរបស់អ្នកដ៏ទៃថា៖
បើឯងធ្វើទៅវាមិនខ្មេះទេ !
បើឯងធ្វើទៅវាមិនអាចម៍ទេ!
បើឯងធ្វើទៅវាមិនជោគជ័យទេ!
បើឯងធ្វើទៅវានាំតែខាតពេលវេលាឥតប្រយោជន៍ទេ!
បើឯងធ្វើទៅវាមិនអាចទៅរួចបានទេ! ។ល។
ដែលកត្តារួមផ្សំទាំងនេះនឹងកាន់តែធ្វើឲ្យមនុស្សយើងមានការរាថយ និងមិនមានទំនុកចិត្តឬការជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើងៗ។ យើងត្រូវតែមានជំនឿចិត្តលើខ្លួនឯង យើងជាមនុស្សល្អ ជាមនុស្សដែលបង្កើតប្រយោជន៍ដល់សង្គមជាតិ ជាមនុស្សសន្តិភាព មិនមែនជាមនុស្សកើតមកទម្ងន់ផែនដីទេ និងជាមនុស្សដែលអាចធ្វើអ្វីៗដូចគេដែរ ជាដើម។
ប្រភព៖«សៀវភៅចិត្តសាស្ត្រលួងលោមចិត្តខ្លួនឯង»