គន្លឹះមួយចំនួន ជួយម៉ាក់ៗការពារខ្លួនពីបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល
- 2023-08-31 11:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះមួយចំនួន ជួយម៉ាក់ៗការពារខ្លួនពីបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល
បញ្ហាបាក់ទឹកចិត្តក្រោយសម្រាល គឺជាប្រភេទនៃការបាកទឹកចិត្តមួយដែលអាចកើតឡើងក្រោយសម្រាលកូនរួច។ បញ្ហានេះគឺជាបញ្ហាស្មុគស្មាញមួយនៃការប្រែប្រួលលើសុខភាពរាងកាយ ផ្លូវចិត្ត និងអាកប្បកិរិយា ដែលអាចបង្កឲ្យមានភាពសោកសៅខ្លាំង មានអារម្មណ៍ឯកោ អារម្មណ៍ប្រែប្រួលខ្លាំង យំញឹកញាប់ អស់កម្លាំង មានអារម្មណ៍ថាខុស និងពេលខ្លះពិបាកមើលថែកូនទៀតផង។
បញ្ហានេះអាចមានស្ថានភាពធ្ងន់ធ្ងរ អាចប៉ះពាល់ម៉ាក់ៗម្នាក់ក្នុងចំណោមប្រាំពីរនាក់។ ដូចនេះដើម្បីដោះស្រាយបញ្ហានេះ ម៉ាក់ៗគួរដឹងគន្លឹះមួយចំនួន ដើម្បីធានាថាម៉ាក់ៗមានសុខភាពល្អក្រោយសម្រាល។
បើសិនជាម៉ាក់ៗមានអារម្មណ៍ដឹងថាខ្លួនកំពុងជួបបញ្ហាពិបាកចិត្ត មានអារម្មណ៍ប្រែប្រួលញឹកញាប់ គួរជជែកពីបញ្ហានេះជាមួយស្វាមី សមាជិកគ្រួសារ ឬមិត្តភក្ដិ ដើម្បីឲ្យពួកគាត់បានដឹង និងអាចផ្ដល់ជំនួយបាន។ មួយវិញទៀត បើម៉ាក់ៗស្គាល់អ្នកទើបសម្រាលកូនរួចដូចគ្នា គឺជាការល្អក្នុងការជជែក ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
បើម៉ាក់ៗមានសុខភាពមិនល្អ នោះការថែទាំកូនក៏អាចមានបញ្ហាដែរ ពិសេសការបំបៅដោះកូនតែម្ដង។ ដូចនេះម៉ាក់ៗត្រូវយកចិត្តទុកដាក់លើសុខភាពខ្លួនឯងមិនត្រឹមតែដើម្បីម៉ាក់ៗទេ គឺដើម្បីកូនផងដែរ។ ម៉ាក់ៗត្រូវញ៉ាំអាហារល្អៗចំពើសុខភាព អាហារសម្បូរដោយបន្លែ ផ្លែឈើ និងសាច់ ទៅតាមការណែនាំរបស់គ្រូពេទ្យ។ ដូចគ្នាដែរ ដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ម៉ាក់ៗក៏គួរបង្កើតទម្លាប់អានសៀវភៅ ឬធ្វើកិច្ចការណាដែលម៉ាក់ៗចូលចិត្ត។
បើសិនជាម៉ាក់ៗមានបញ្ហាថប់បារម្ភ និងដឹងថាអារម្មណ៍បែបនេះគួរស្វែងរកការប្រឹក្សាពីអ្នកជំនាញសុខភាពផ្លូវចិត្ត។ ដូចគ្នាដែរ បើម៉ាក់ៗមានអារម្មណ៍ពិបាកចិត្តរឿងមិនសូវមានទឹកដោះឲ្យកូនបៅជាដើម គឺអាចស្វែងរកជំនួយពីគ្រូពេទ្យដែលមានឯកទេសខាងការបំបៅដោះ។ ម៉ាក់ៗត្រូវចាំថា រាល់ពេលមានបញ្ហាណាមួយទាក់ទងនឹងសុខភាព មិនថាផ្លូវកាយ ឬផ្លូវចិត្ត គឺត្រូវស្វែងរកជំនួយពីអ្នកជំនាញ។