គន្លឹះ​មួយ​ចំនួន ជួយម៉ាក់ៗ​ការពារខ្លួនពី​បញ្ហាបាក់ទឹកចិត្តក្រោយសម្រាល

  • 2023-08-31 11:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​បាក់ទឹកចិត្តក្រោយ​សម្រាល​ គឺ​ជា​ប្រ​ភេទ​នៃការបាកទឹកចិត្ត​មួយ​ដែល​អាច​កើត​ឡើង​ក្រោយ​សម្រាល​កូន​រួច​។ បញ្ហា​នេះ​គឺ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​នៃ​ការ​ប្រែ​ប្រួល​​លើ​សុខភាព​រាង​កាយ ផ្លូវ​ចិត្ត និង​អាកប្បកិរិយា​ ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​សោកសៅ​ខ្លាំង មាន​អារម្មណ៍​ឯកោ​ អារម្មណ៍​ប្រែ​ប្រួល​ខ្លាំង យំ​ញឹក​ញាប់​ អស់​កម្លាំង មាន​អារម្មណ៍​ថា​ខុស និង​ពេល​ខ្លះ​​ពិបាក​មើល​ថែ​កូន​ទៀត​ផង​​។​​

បញ្ហា​នេះ​អាច​​មាន​ស្ថា​ន​ភាព​ធ្ងន់​ធ្ងរ អាច​ប៉ះពាល់​ម៉ាក់ៗ​ម្នាក់​ក្នុង​ចំណោម​ប្រាំពីរ​នាក់។ ដូច​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ម៉ាក់ៗ​គួរ​ដឹង​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ធានាថា​ម៉ាក់ៗ​មាន​សុខ​ភាព​ល្អ​ក្រោយ​សម្រាល​។​

១. ​ពិភាក្សា​ជាមួយ​អ្នក​ពាក់ព័ន្ធ

បើ​សិន​ជា​ម៉ាក់​ៗ​មាន​អារម្មណ៍​ដឹង​ថា​ខ្លួន​កំពុង​ជួប​បញ្ហា​ពិបាក​ចិត្ត មាន​អារម្មណ៍​ប្រែ​ប្រួល​​ញឹក​ញាប់​ គួរ​ជជែក​ពី​បញ្ហា​នេះ​ជាមួយ​ស្វាមី សមាជិក​គ្រួសារ ឬ​មិត្ត​ភក្ដិ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដឹង និង​អាច​ផ្ដល់​ជំនួយ​បាន​។​​ មួយ​វិញ​ទៀត បើ​​ម៉ាក់ៗ​ស្គាល់​អ្នក​ទើប​សម្រាល​កូន​រួច​ដូច​គ្នា គឺ​ជា​ការ​ល្អ​ក្នុង​ការ​ជជែក ចែក​រំលែក​បទពិសោធ​ន៍​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។​

​២. យក​ចិត្ត​ទុក​ដាក់​ថែទាំ​ខ្លួនឯង​

​ បើ​ម៉ាក់ៗ​មាន​សុខ​ភាព​មិនល្អ នោះ​ការ​ថែ​ទាំ​កូន​ក៏​អាច​មាន​បញ្ហា​ដែរ ពិសេស​ការ​បំបៅ​ដោះ​កូន​តែ​ម្ដង។ ដូច​នេះ​ម៉ាក់ៗ​ត្រូវ​យកចិត្ត​ទុក​ដាក់​លើ​សុខ​ភាព​ខ្លួន​ឯង​មិន​ត្រឹម​តែដើម្បី​ម៉ាក់ៗ​ទេ គឺ​ដើម្បី​កូន​ផង​ដែរ​។ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ចំពើ​សុខ​ភាព អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែឈើ និង​សាច់ ទៅ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​​។ ដូច​គ្នា​ដែរ ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ ម៉ាក់ៗ​ក៏​គួរ​បង្កើត​ទម្លាប់​អាន​សៀវភៅ ឬ​ធ្វើ​កិច្ច​ការណា​ដែល​ម៉ាក់ៗ​ចូ​ល​ចិត្ត​។

៣. ស្វែង​រក​ជំនួញ​ពី​គ្រូពេទ្យ​ ឬ​​អ្នក​ជំនាញ​

បើ​សិន​ជា​ម៉ាក់ៗ​មាន​បញ្ហា​ថប់បារម្ភ និង​ដឹង​ថា​អារម្មណ៍​បែប​នេះ​គួរ​ស្វែង​រក​ការ​ប្រឹក្សា​ពី​អ្នក​ជំនាញ​សុខ​ភាព​ផ្លូវ​ចិត្ត។ ដូច​គ្នា​ដែរ បើ​ម៉ាក់ៗ​មាន​អារម្មណ៍​ពិបាក​ចិត្ត​រឿង​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​កូន​បៅ​ជា​ដើម គឺ​អាច​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​ដែល​មាន​ឯកទេស​ខាង​ការ​បំបៅ​ដោះ​។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា​ រាល់​ពេល​មាន​បញ្ហា​ណាមួយ​ទាក់​ទង​នឹង​សុខ​ភាព មិន​ថាផ្លូវ​កាយ ឬ​ផ្លូវ​ចិត្ត គឺ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ​។​

ប្រភព៖ Cleveland Clinic | Unicef អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម