ផលវិបាកចំនួន៤ ស្រ្តីទើបសម្រាលកូនហើយអាចនឹងជួបប្រទះ
- 2023-08-29 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលវិបាកចំនួន៤ ស្រ្តីទើបសម្រាលកូនហើយអាចនឹងជួបប្រទះ
ក្រោយសម្រាលកូន ម៉ាក់ៗនឹងត្រូវចំណាយពេលច្រើនក្នុងការមើលថែកូន ដូចជាការបំបៅដោះ ដូរខោទឹកនោម ងូតទឹកឲ្យកូន និងលួងលោមកូនពេលកូនយំជាដើម។ កិច្ចការនេះមើលទៅដូចជាមិនធ្ងន់ធ្ងរទេ តែជាក់ស្ដែងក៏មិនស្រួលដែរ ហើយស៊ីពេលវេលាម៉ាក់ៗស្ទើរតែគ្មានសល់សម្រាប់ខ្លួនឯង។
យ៉ាងណាម៉ាក់ៗត្រូវចាំថាថ្វីបើកូនតួចត្រូវការយើងមើលថែដិតដល់បែបណាក្ដី តែសុខភាពម៉ាក់ៗក៏កាន់តែសំខាន់ថែមទៀត ដែលទាមទារឲ្យម៉ាក់ៗត្រូវយកចិត្តទុកដាក់ថែទាំខ្លួនឯង និងត្រូវជួបពេទ្យបើមានកង្វល់បញ្ហាសុខភាពណាមួយ។ ក្រោយសម្រាលអាចមានបញ្ហាសុខភាពមួយចំនួនកើតលើម៉ាក់ៗ ហើយត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន។
ខណៈដែលការធ្លាក់ឈាមក្រោយសម្រាលគឺជារឿងធម្មតា ហើយស្រ្តីភាគច្រើនអាចបន្តធ្លាក់ឈាមក្នុងរយៈពេលពី២ទៅ៦សសប្ដាហ៍ ក៏មានស្រ្តីមួយចំនួនទៀតប្រឈមនឹងបញ្ហាធ្លាក់ឈាមច្រើនក្រោយសម្រាលដែរ។
ពេលណាគួរទៅជួបពេទ្យ? ម៉ាក់ៗគួរទៅជួបពេទ្យប្រសិនបើការធ្លាក់ឈាមមិនថយចុះ ហើយបន្តធ្លាក់កំណកឈាម ឬឈាមក្រហមលើសពី៣ទៅ៤ថ្ងៃ។ ដូចគ្នាដែរបើសិនជាការធ្លាក់ឈាមបានថយចុះហើយ តែស្រាប់តែបែរជាចាប់ផ្ដើមធ្លាក់ច្រើនមកវិញទៀតភ្លាមៗ ក៏ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែរ។ ក្រៅពីនេះ ទន្ទឹមនឹងការធ្លាក់ឈាមអមជាមួយការឈឺចុកចាប់ ក៏ជាសញ្ញាព្រមានមួយដែលម៉ាក់ៗគួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
ការសម្រាលកូនមិនមែនជារឿងសមញ្ញទេ ពេលសម្រាលទ្វារមាសម៉ាក់ៗអាចនឹងមានរបូស ដូចជារហែកទ្វារមាស។ ការរហែកទ្វារមាសពេលសម្រាលកូននេះទាមទារឲ្យមានការដេរឡើងវិញ។ ចំណែកអ្នកសម្រាលដោយវះកាត់ក៏អាចប្រឈមនឹងការឆ្លងមេរោគដូចគ្នាដែរតាមរយៈថ្នេរ។
ពេលណាគួរជួបពេទ្យ? បើចេញរោគសញ្ញាដូចជាមានការឈឺចាប់កាន់តែខ្លាំង ក្ដៅខ្លួន កន្លែងរបួសឡើងក្រហម ធ្លាក់ស ឬឈឺចាប់ពេលនោម ជាដើម ម៉ាក់ៗគួរទៅជួបគ្រូពេទ្យទើបជាការល្អ។ បើសិនជាការការឆ្លងមេរោកត្រូវបានរកឃើញលឿន ការព្យាបាលក៏មានលក្ខណៈងាយស្រួលផងដែរ។
អាការៈឈឺសុខដន់ក្រោយសម្រាលមិនថាបំបៅដោះកូនឬអត់ គឺជារឿងធម្មតា ហើយនេះជាផលវិបាកមួយច្រើនកើតមានលើស្រ្តីទើបសម្រាលកូនរួច។ ដើម្បីដោះស្រាយបញ្ហានេះ ម៉ាក់ៗអាចស្អំក្រណាត់ក្ដៅ ឬត្រជាក់ដើម្បីសម្រួលអាការៈឈឺចាប់ ឬអាចសាកសួរគ្រូពេទ្យថាអាចប្រើថ្នាំបំបាត់ការឈឺចាប់បានឬយ៉ាងណា។ មួយវិញទៀត ការងូតទឹកក្ដៅឧណ្ហៗក៏ជាវិធីមួយជួយសម្រួលអាការៈនេះដែរ។
ចុះពេលណាគួរជួបពេទ្យ? បើសុដន់ចេញរោគសញ្ញាដូចជាឡើងក្រហម មានអារម្មណ៍ថាសុដន់ឡើងកម្ដៅ ឬស្ទាបដឹងថាក្ដៅ ហើយម៉ាក់ៗមានអាការៈក្ដៅខ្លួន និងមានអាការៈដូចផ្ដាសាយទៀតនោះ ម៉ាក់ៗគួរប្រឹក្សាជាមួយគ្រូពេទ្យហើយ។
អារម្មណ៍ប្រែប្រួលចុះឡើងម្ដងម្កាលក្នុងប៉ុន្មានសប្ដាហ៍ដំបូងបន្ទាប់ពីសម្រាលកូនរួច វាជារឿងទូទៅមួយ។ ស្រ្តីភាគច្រើនបានជួបនឹងអារម្មណ៍បែបនេះ។ ប៉ុន្តែបើអារម្មណ៍បែបនេះនៅបន្តអូសបន្លាយច្រើនសប្ដាហ៍ និងរំខានដល់ការមើលថែកូន នោះប្រហែលជាម៉ាក់ៗកំពុងមានបញ្ហាថប់បារម្ភក្រោយសម្រាលហើយ។
ពេលណាទៅជួនពេទ្យ? បើអារម្មណ៍បែបនេះរំខានដល់ការមើលថែកូន និងការរស់នៅប្រចាំថ្ងៃ ហើយមិនថមថយទៀតនោះ ម៉ាក់ៗគួរប្រឹក្សាជាមួយគ្រូពេទ្យហើយ។ អាការៈបែបនេះ អាចព្យាបាលបាន ហើយស្ត្រីជាច្រើនដែលមានបញ្ហាទាំងនេះ បានធូរស្បើយវិញក្រោយការព្យាបាល។