ហេតុអ្វីគ្រូពេទ្យជោះកែងជើងទារកទើបកើត?
- 2023-08-24 01:39:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីគ្រូពេទ្យជោះកែងជើងទារកទើបកើត?
ម៉ាក់ៗពេលសម្រាលកូនមានធ្លាប់សម្គាល់ទេ ពេលគ្រូពេទ្យជោះកែងជើងកូនតូចដើម្បីយកឈាមយកទៅធ្វើតេស្ត? ប្រសិនជាសម្គាល់ មានដឹងទេថាការជោះយកឈាមទៅតេស្តនេះ មានសារៈសំខាន់កម្រិតណាសម្រាប់ទារកតូចដែលទើបនឹងកើតនេះ? ថ្ងៃនេះ កញ្ញានឹងនាំយកអ្នកទាំងអស់គ្នាមកស្វែងយល់អំពីការធ្វើតេស្តឈាមទារក និងសារៈសំខាន់នៃការធ្វើតេស្តឈាមនេះ។
ការធ្វើតេស្តឈាមទារក សំដៅលើការធ្វើតេស្តឈាមរកជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត គឺប្រព្រឹត្តឡើងតាមរយៈការជោះសកែងជើងទារក ដែលវាជាវិធីសាស្ត្រដ៏សាមញ្ញ ដោយគ្រាន់តែជួសយកឈាម១-២តំណក់ពីកែងជើងទារក ដោយទារកមិនទទួលការឈឺចាប់ទេ ព្រោះនៅកែងជើងជាកន្លែងដែលយកឈាមមិនឲ្យទារកឈឺ។ តាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពីពិការភាពកាយសម្បទា និងស្មារតីផងដែរ។
ការធ្វើតេស្តរកជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើតមានសារៈសំខាន់ណាស់ ព្រោះជំងឺនេះអាចធ្វើរោគវិនិច្ឆ័យបានតែតាមរយៈការយកឈាមទារកទៅពិនិត្យមើលប៉ុណ្ណោះ។
ម្យ៉ាងទៀត រោគសញ្ញានៃជំងឺនេះស្តែងចេញមកនៅពេលទារកអាយុចាប់ពី ៣អាទិត្យ ទៅ ១ខែ ដែលអាចធ្វើឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារកច្បាស់។
ការពិនិត្យឈាមទារកមានទំនាក់ទំនងនឹងការព្យាបាល ព្រោះថាបើទារកព្យាបាលទាន់ពេលវេលា លទ្ធផលក៏ទទួលបាលផលល្អ ពោលគឺទារកអាចរួចផុតពីពិការភាពប្រាជ្ញា និងស្មារតី។
ការធ្វើតេស្ត មានលក្ខណៈសាមញ្ញ គឺដោយគ្រាន់តែយកឈាមពីការជោះសកែងជើងទារក ១ទៅ២ដំណក់ ទៅផ្តិតលើក្រដាស ហើយទុកដាក់ឲ្យបានល្អរយៈពេល ២៤ម៉ោងដើម្បីឲ្យស្ងួត រួចយកទៅដាក់នៅមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យ។
ការធ្វើតេស្តនេះមានប្រសិទ្ធភាពល្អ នៅពេលទារកមានអាយុចន្លោះពី ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។
លទ្ធផលអាចទទួលបានក្នុងរយៈពេល៥ថ្ងៃ នៃធ្វើការ។
- លទ្ធផលវិជ្ជមានៈ មានន័យថាទារកប្រឈមនឹងជំងឺមេតាបូលិសខ្ពស់
- លទ្ធផលអវិជ្ជមានៈ មានន័យថាទារកមិនប្រឈមនឹងជំងឺមេតាបូលិសទេ
បើលទ្ធផលតេស្តបង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។
ចំពោះការព្យាបាលជំងឺមេតាបូលិស វាមានរយៈពេលយូរ ហើយការតាមដានក៏យូរដូចគ្នាដែរ ដែលជាលទ្ធផលកូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។ សូមយកចិត្តទុកដាក់ចំពោះកូនលោកអ្នក ជៀសវាងកើតជំងឺមេតាបូលិសនេះ និងដើម្បីបង្ការកុំឲ្យហួសពេលវេលា។