ឆ្ងល់អត់ហេតុអ្វីទារកខ្លះកើតមិនគ្រប់ខែ?

  • 2023-08-22 06:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងធ្លាប់បានដឹងហើយអំពីបញ្ហាកូនកើតមិនគ្រប់ខែ គឺសំដៅដល់ការកើតរបស់ទារកមុនពេលដែលត្រូវសម្រាល។ យ៉ាងណាមិញ តើបញ្ហាកូនកើតមិនគ្រប់ខែជាអ្វី ហើយបណ្តាលមកពីមូលហេតុអ្វី? តើស្ត្រីជាម្តាយអាចធ្វើអ្វីបានខ្លះ ដើម្បីបង្ការ​ និងការពារខ្លួនពីបញ្ហានេះ?

តើអ្វីទៅជាទារកកើតមិនគ្រប់ខែ?

តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន៣៧សប្តាហ៍នៃអាយុគភ៌។

ហេតុអ្វីបានជាទារកកើតមិនគ្រប់ខែត្រូវការការថែទាំជាពិសេសខុសពីទារកគ្រប់ខែ?

ទារកកើតមិនគ្រប់ខែ ពួកគាត់សុទ្ធតែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅ​ខាងក្រៅផ្ទៃពោះម្តាយទេ។ ប្រសិនបើទារកកើតកាន់តែឆាប់ សរីរាង្គរបស់ពួកគេក៏លូតលាស់កាន់តែមិនទាន់បានគ្រប់ជ្រុងជ្រោយ។

ជាពិសេសសរីរាង្គសំខាន់ៗ ដូចជាសួត បេះដូង ប្រព័ន្ធរំលាយអាហារ ខួរក្បាល ប្រព័ន្ធភាពស៊ាំ ភ្នែក គឺសុទ្ធតែនៅខ្ចី ដែលទាមទារឲ្យមានការគាំពារផ្នែកវេជ្ជសាស្រ្តដោយក្រុមគ្រូពេទ្យជំនាញ ធានាធ្វើយ៉ាងណាឲ្យការលូតលាស់របស់ពួកគេមានសភាពប្រហាក់ប្រហែលនឹងការរស់នៅក្នុងផ្ទៃពោះម្តាយ។

មូលហេតុអ្វីដែលធ្វើឲ្យទារកកើតមិនគ្រប់ខែ?

កត្តាប្រឈមមួយចំនួនដែលធ្វើឲ្យទារកកើតមិនគ្រប់ខែមានដូចជា៖

  • ស្រ្តីជាម្តាយធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែពីមុនមក
  • ស្រ្តីជាម្តាយមានជំងឺលើសឈាម ទឹកនោមផ្អែម ។ល។
  • ស្ត្រីជាម្តាយពពោះទារកភ្លោះ
  • ចន្លោះផ្ទៃពោះពីកូនមួយទៅកូនមួយ មានរយៈពេលខ្លីតិចជាង៦ខែ
  • មានបញ្ហាស្បូន កស្បូន ឬសុក
  • ការពពោះសិប្បនិម្មិត
  • ការជក់បារី ឬ​ស្រូបផ្សេងបារី
  • ការពិសាគ្រឿងស្រវឹង
  • ការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ

តើមានវិធីណាខ្លះដើម្បីការពារកុំឲ្យទារកកើតមិនគ្រប់ខែ?

ដើម្បីការពារខ្លួនពីបញ្ហានេះ ស្ត្រីជាម្តាយត្រូវ៖

  • ទៅពិនិត្យ និងតាមដានផ្ទៃពោះឲ្យ​បានទាន់ពេល និងឲ្យបានទៀងទាត់
  • ទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ប្រសិនបើមានបញ្ហាសុខភាពកំឡុងពេលមានផ្ទៃពោះដូចជាលើសសម្ពាធឈាម ទឹកនោមផ្អែម បញ្ហាផ្លូវចិត្តជាដើម
  • បរិភោគអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់
  • ជៀសវាងការជក់បារី ឬនៅជិតអ្នកជក់បារី
  • កុំពិសាគ្រឿងស្រវឹង
  • ហាមប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ។

ប្រសិនបើអ្នកម្តាយត្រូវសម្រាលកូនមិនគ្រប់ខែ អ្នកម្តាយគួរតែជ្រើសរើសកន្លែងសម្រាលនៅមន្ទីរពេទ្យណា ដែលមានកន្លែងសង្រ្គោះទារកមិនគ្រប់ខែ ព្រោះទារកមិនគ្រប់ខែទាមទារការព្យាបាលដោយជំនាញផ្សេងមួយ លើសពីការព្យាបាលទារកគ្រប់ខែ។

លើសពីនេះទៅទៀត ការព្យាបាលទារកមិនគ្រប់ខែទាមទារពេលវេលាយូរអង្វែង ដែលទាក់ទងនឹងការសង្គ្រោះ ក្រោយសង្គ្រោះ និងការតាមដានក្រោយចេញពីមន្ទីរពេទ្យ ដោយមានគ្រូពេទ្យថែទាំ និងគ្រូពេទ្យព្យាបាល ដែលមានជំនាញច្បាស់លាស់ខាងទារកមិនគ្រប់ខែ ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម