ជំងឺខ្សោយពោះវៀនអាចមានអាការៈទាំងនេះ គួរកុំមើលរំលង

  • 2023-08-17 07:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់។ អ្នកជំងឺអាចមានចង្កោមអាការៈ ឬរោគសញ្ញាមួយចំនួនដូចជាឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ ឬតឹងណែនក្នុងពោះជាដើម។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញា ឬ អាការៈប្រ​ហាក់ប្រហែលនេះ អត្ថបទនេះនឹងជួយឲ្យអ្នកអាចស្វែងយល់កាន់តែច្បាស់​អំពីជំងឺខ្សោយពោះវៀន។

តើជំងឺខ្សោយពោះវៀនជាអ្វី?

តើជំងឺខ្សោយពោះវៀន គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះត្រូវបានគេឲ្យឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺ ដូចជា៖

  • ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
  • ជំងឺខ្យល់ក្នុងពោះវៀន
  • និង ហើមពោះវៀនជាដើម

តើរោគសញ្ញានៃជំងឺខ្សោយពោះវៀនមានអ្វីខ្លះ? រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖

  • ការឈឺពោះរ៉ាំរ៉ៃ
  • ចុកឆ្អល់ក្នុងពោះ
  • តឹងណែនក្នុងពោះ
  • ញ៉ាំឆាប់ឆ្អែត

រោគសញ្ញាមួយចំនួនទៀតអាចធ្វើឲ្យគេអាចបែងចែកជំងឺនេះបានជា ៤ ក្រុមគឺ ៖

  • រាគរ៉ាំរ៉ៃ (ក្រុមទី១)
  • ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)
  • រាក និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)
  • មិនមានរោគសញ្ញារាក ឬ ទល់ទេ (ក្រុមទី៤)

តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?

ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។ ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញារបស់អ្នកជំងឺ។ យ៉ាងណាមិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀន ដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនឲ្យបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។

តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?

ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬសម្ពាធគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។

តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?

ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា៖

  • អ្នកខ្លះញ៉ាំម្ជូរមិនបាន
  • អ្នកខ្លះញ៉ាំស៊ុតមិនបាន
  • អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ។ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់និងទទួលនូវសេវាព្យាបាលបានត្រឹមត្រូវ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា