ជិតមករដូវមុខឡើងមុន សភាពស្បែកប្រែប្រួល? ទាំងនេះជាមូលហេតុ

  • 2023-08-15 04:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក និង​វដ្ដ​រដូវ​របស់​ស្រីៗ​មាន​ទំនាក់ទំនង​គ្នា តើ​ជឿ​អត់? ពិត​ណាស់​ស្រីៗ​យើង​ច្បាស់​ជា​ដឹង​រឿង​នេះ​មិន​ខាន។ គ្នា​យើង​ខ្លះ​អាច​ជួប​បញ្ហា​ឡើង​មុន​ពេល​ជិត​មក​រដូវ ឬ​ក៏​មាន​ការ​ប្រែ​ប្រួល​ពណ៌​ស្បែក​ជា​ដើម។ តើ​រឿង​ទាំង​នេះ​កើត​ឡើង​បាន​​យ៉ាង​ម៉េច?

អ័រម៉ូន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រែ​ប្រួល​​របស់​ស្បែក​ក្នុង​វដ្ដ​រដូវ។ ការ​ឡើង​ចុះ​នៃ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូហ្សេស្តេរ៉ូន អាច​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​ស្បែក លំនឹង​ជាតិ​ទឹក និង​អាច​បង្កើ​ន​ការ​ផលិតជាតិ​ខ្លាញ់​នៅ​លើ​ស្បែក បូក​រួម​នឹង​កោសិកា​ងាប់ អាច​នាំ​ឲ្យ​មាន​ការ​រាំង​ស្ទះរន្ធ​ញើស​បង្ក​ឲ្យ​ទៅ​ជា​កើត​មុន​។

ខាង​ក្រោម​នេះ​ជា​ផល​ប៉ះ​ពាល់​របស់​វដ្ដ​រដូវ​មក​លើ​ស្បែក និង​គន្លឹះ​មួយ​ចំនួន​ដោះ​ស្រាយ​បញ្ហានេះ​៖​

​​​ថ្ងៃទី១-៦ នៃ​វដ្ដ​រដូវ៖ ដំណាក់​កាល​នេះ​ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូហ្សេស្តេរ៉ូន​ អាច​ចុះ​ទាប​បំផុត ដែល​អាច​ធ្វើ​ឲ្យ​ស្រីៗយើង​មាន​អារម្មណ៍​ថា​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​យើង​ត្រូវ​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​អាច​ប្រើ​ផលិត​ផល​ដែល​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​។​

ថ្ងៃទី៧-១១ នៃ​វដ្ដរដូវ៖ បន្ទាប់​ពី​អស់​ឈាម​រដូវ ការ​ផលិត​​អ័រម៉ូន​អឺស្រ្តូហ្សែន​ចាប់​ផ្ដើម​កើត​មាន​ជា​ថ្មី​ និង​ជំរុញ​ដល់ការ​ផ្លាស់​ប្ដូរ​កោសិកា។ ក្នុង​កាលៈទេសៈ​នេះ វា​ជា​ពេល​ដ៏​ស័ក្ដិ​សម​សម្រាប់​ស្រីៗ​យើង​ធ្វើ​ការ​ជម្រុះ​កោសិកា​​ស្បែក​ងាប់ ដើម្បី​ការពារ​កុំ​ឲ្យ​កក​ស្ទះ​នៅ​រន្ធ​ញើស​​​។​​

ថ្ងៃទី​១២-១៦ នៃ​វដ្ដរដូវ៖ ដំណាក់​កាល​នេះ​អ័រម៉ូន​អឺស្រ្តូហ្សែន​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ដែល​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​សម្គាល់​ដឹង​ថា​ស្បែក​ហាក់​មាន​សភាព​រលួង។ យ៉ាងណា ត្រូវ​ប្រាកដ​ថា​ការពារ​ស្បែក​កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង ដោយ​អាច​ស្លៀក​ពាក់ជិតៗ ប្រើ​ផលិត​ផល​ការពារ​ស្បែក ឬ​កុំ​ចាក​ចេញពី​អាគារ​នៅ​ពេល​មេឃ​ក្ដៅ​ខ្លាំង។ ដូច​គ្នា​ដែរ ដំណាក់​កាល​នេះ​ក៏​ជា​ដំណាក់​កាល​នៃ​ការ​ទុំ​ធ្លាក់​មេជីវិត​ញី ដែល​អាច​ផ្ដល់ឱកាសឲ្យ​មាន​ការ​បង្ក​កំណើត​ដែរ​។​​

ថ្ងៃទី​១៧-២៨ នៃ​វដ្ដរដូវ៖ អំឡុង​ពេល​នេះ​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​បាន​កើន​ឡើង​វិញ​ម្ដង ដែល​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មួយ​ចំនួន​មាន​បញ្ហា​ស្បែក​ឡើង​ខ្លាញ់​ និង​មាន​​មុន​ច្រើន​ជាង​ធម្មតា​។ ក្នុង​ដំណាក់​កាល​នេះ យើង​អាច​ប្រើ​ផលិត​ផល​រក្សា​ស្បែក​ដែល​គ្មាន​ជាតិ​ប្រេង និង​ចៀសវាង​យក​ដៃ​មិន​ស្អាត​ប៉ះ​ផ្ទៃ​មុខ ដើម្បី​ការពារ​កុំ​ឲ្យ​មុខ​ឆ្លង​មេរោគ ឬបាក់តេរី​។

ប្រភព៖ healthline | Cleveland Clinic អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម