ហេតុផលមួយចំនួន ឪពុកម្ដាយចាំបាច់រួមចំណែកក្នុងការសិក្សារបស់កូន
- 2023-08-14 04:21:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមួយចំនួន ឪពុកម្ដាយចាំបាច់រួមចំណែកក្នុងការសិក្សារបស់កូន
ការចូលរួមរបស់ឪពុកម្ដាយក្នុងការសិក្សារបស់កូនពិតជាមានប្រយោជន៍ច្រើនណាស់ចំពោះកូន ក៏ដូចជាឪពុកម្ដាយខ្លួនឯងផងដែរ។ តស! ស្វែងយល់ទាំងអស់គ្នាថាមានប្រយោជន៍អ្វីខ្លះចំពោះកូន ពេលឪពុកម្ដាយចូលរួមយកចិត្តទុកដាក់លើការសិក្សាកូន។
គុណភាពសិក្សា៖ ការសិក្សាជាច្រើនបានរកឃើញថាកូនសិស្សដែលមានការចូលរួមយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយរបស់ខ្លួនច្រើនរៀនបានចំណាត់ថ្នាក់ល្អក្នុងសាលា។ ការចូលរួមរបស់ឪពុកម្ដាយក្នុងការសិក្សាកូនគឺជួយលើកទឹកចិត្តកូនឲ្យកាន់តែខិតខំសិក្សា និងនាំពួកគេទៅរកភាពជោគជ័យក្នុងការសិក្សា។
ពង្រឹងភាពជឿជាក់ដល់កូន៖ ការចូលរបស់ឪពុកម្ដាយក្នុងការសិក្សារបស់កូនអាចធ្វើឲ្យកូនមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងជាការជំរុញទឹកចិត្តកូនឲ្យកាន់តែខំរៀនផងដែរ។ ពេលឪពុកម្ដាយបង្ហាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ដល់កូនក្នុងការសិក្សា នឹងធ្វើឲ្យកូនមានគំនិតវិជ្ជមានចំពោះសម្ថភាពរបស់ពួកគេ និងធ្វើឲ្យគេកាន់តែមានចិត្តចង់បានភាពជោគជ័យក្នុងការសិក្សា។
រក្សាឥរិយាបទល្អក្នុងសង្គម៖ កូនដែលមានឪពុកម្ដាយយកចិត្តទុកដាក់លើការសិក្សាច្រើនតែមានឥរិយាបទល្អប្រសើរក្នុងសង្គម។ នេះក៏ដោយសារឪពុកម្ដាយតែងយកចិត្តទុកដាក់ណែនាំកូនៗទាំងនោះពីឥរិយាបទដែលគួរមានទាំងនៅក្នុងសាលា និងក្នុងសង្គម។
ទំនាក់ទំនងល្អជាមួយគ្រូ៖ ឪពុកម្ដាយដែលយកចិត្តទុកដាក់លើការសិក្សាកូន ចូលរួមធ្វើកិច្ចការផ្ទះជាមួយកូន ក៏នឹងមានទំនាក់ទំនងល្អជាមួយគ្រូដែរ។ ព្រោះថាឪពុកម្ដាយតែងតែចង់ដឹងថាកូនរៀនបែបម៉េចនៅក្នុងសាលា ដែលជាហេតុនាំឲ្យឪពុកម្ដាយរក្សាទំនាក់ទំនងជាមួយគ្រូជាប្រចាំ។ ការធ្វើដូចនេះ ក៏បានផ្ដល់ជាគុណប្រយោជន៍ដល់ការសិក្សាកូនផងដែរ ដោយទាំងម្ដាយឪពុក និងគ្រូ អាចជួយគាំទ្រកូនបានគ្រប់គ្រាន់។