សកម្មភាពទាំង៧ ធ្វើឲ្យកូនកាន់តែមាន​ភាពវៃឆ្លាត​

  • 2023-08-11 07:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃើញកូនលូតលាស់ធំធាត់ឆ្លាតវៃ​ និងជោគជ័យ ជាបំណងប្រាថ្នាដ៏ធំរបស់ឪពុកម្តាយគ្រប់រូប។ យ៉ាងណាមិញ ឪពុកម្តាយអាចនឹងពិបាកក្នុងការរិះរកវិធីណាដែលអាចធ្វើឲ្យកូនមានភាពឆ្លាតវៃបាន។

ខាងក្រោមជាសកម្មភាពងាយៗទាំង ៧យ៉ាងដែលប៉ាៗម៉ាក់ៗអាចយកមកអនុវត្តជាមួយកូនៗ ដើម្បីបង្កើនភាពជិតស្និទ្ធជាមួយកូន ហើយថែមទាំងអាចធ្វើឲ្យកូនកាន់តែឆ្លាតជាងមុនថែមទៀតផង។

១. ការលេងតន្ត្រី

វាជាវិធីល្អបំផុតដើម្បីពង្រឹងភាពវៃឆ្លាតរបស់កុមារ គឺដោយការបង្រៀនគាត់ឱ្យបង្កើតតន្ត្រី។ ការបង្កើតតន្ត្រីមានអត្ថប្រយោជន៍មិនត្រឹមតែជាការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ការច្នៃប្រឌិតផងដែរ។ លើសពីនេះ តន្ត្រីអនុញ្ញាត​ឱ្យ​មាន​ការ​បញ្ចេញ​មតិ ជួយ​កុមារ​ឱ្យ​ពង្រីក​ការ​ស្រមើស្រមៃ និង​ការ​យល់​ឃើញ​របស់​ពួក​គេថែមទៀតផង។

មានឧបករណ៍តន្ត្រីជាច្រើនដែលក្មេងអាចលេងបានដូចជា ហ្គីតា ព្យាណូ អ៊ូគូលេលេ វីយូឡុងជាដើម។

២. រៀនភាសាថ្មី

សកម្មភាពមួយទៀតដែលអាចលើកកម្ពស់ភាពវៃឆ្លាតក្នុងកូនរបស់អ្នកគឺការរៀនភាសាថ្មី។ ការរៀនភាសាថ្មីនឹងមានអត្ថប្រយោជន៍ជាច្រើនចំពោះកូនរបស់អ្នក ការកែលម្អការយល់ដឹងរបស់គាត់អំពីវេយ្យាករណ៍ ពង្រឹងការដោះស្រាយបញ្ហា និងផ្តល់ឱ្យកូននូវទស្សនៈកាន់តែច្រើន។ មួយវិញទៀត មនុស្សរៀនភាសាថ្មីងាយស្រួលបំផុតនៅពេលពួកគេនៅក្មេង។ ដូច្នេះកុំខ្លាចក្នុងការឲ្យកូនសាកល្បង។

៣. លេងវីដេអូហ្គេម

មនុស្សមួយចំនួននិយាយថា ហ្គេមវីដេអូមិនល្អសម្រាប់ការអភិវឌ្ឍបញ្ញារបស់កុមារទេ។ ប៉ុន្តែក្នុងករណីនេះ ការលើកឡើងនេះជារឿងមិន​ត្រឹម​ត្រូវ​ទាំង​ស្រុ​ុងទេ​។ ខណៈពេលដែលកូនរបស់អ្នកមិនគួរលេងហ្គេមវីដេអូគ្រប់ម៉ោងពេញមួយថ្ងៃ គាត់អាចទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដពីការលេងវីដេអូហ្គេមនេះដោយ​មាន​ប៉ាម៉ាក់​ជា​អ្នក​គ្រប់​គ្រង​ម៉ោងពេល និងក្នុងពេលជាក់លាក់ណាមួយ។

វីដេអូហ្គេមផ្តល់អត្ថប្រយោជន៍មួយចំនួន ដូចជាបន្ថែមពីលើការជំរុញភាពច្នៃប្រឌិត ពួកគេក៏លើកកម្ពស់ការដោះស្រាយបញ្ហា កែលម្អការឆ្លុះបញ្ចាំងផ្លូវចិត្ត និងគាំទ្រដល់ការរៀនសូត្រផងដែរ។

ទុកពេលឱ្យកូនរបស់អ្នកមួយម៉ោង ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ ដើម្បីជាការកំសាន្តរបស់កូន។ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់ៗប៉ាៗពុំគួរអនុញ្ញាតឲ្យកូនលេងហ្គេមលក្ខណៈហិង្សានោះឡើយ។

៤. ការអានសៀវភៅ

ដូចដែលប៉ាម៉ាក់អាចរំពឹងទុក ការអានគឺល្អសម្រាប់ភាពវៃឆ្លាតរបស់កុមារ។ ការអានមិនត្រឹមតែជួយឱ្យចិត្តរបស់កុមារមានភាពរហ័សរហួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញភាពច្នៃប្រឌិតផងដែរ។

គ្រប់ទម្រង់នៃការអានគឺមានប្រយោជន៍ មិនថាជាកាសែត សៀវភៅប្រលោមលោក ឬទស្សនាវដ្ដីក៏ដោយ។ ការអានជួយពង្រឹងវាក្យសព្ទ និងការប្រើប្រាស់វេយ្យាករណ៍របស់កុមារ។

៥. ការបណ្តោយឲ្យកូនលេងដោយខ្លួនឯង

កំហុស​មួយ​ដែល​ឪពុក​ម្តាយ​ខ្លះ​ធ្វើ​គឺ​តែង​តែ​ជំរុញ​កូន​ៗ​របស់​ខ្លួន​ឱ្យ​ចូល​ទៅ​ក្នុង​ស្ទីល​លេង​ជាក់លាក់ណាមួយតាមបែបរបស់ខ្លួន។ ការបង្ខំឲ្យកូនលេងតាមវិធីជាក់លាក់ណាមួយធ្វើឲ្យពួកគេ បាត់បង់សមត្ថភាព និងឱកាសអភិវឌ្ឍការស្រមើលស្រមៃរបស់គាត់ ហើយនឹងមិនមានឱកាសគិតសម្រាប់ខ្លួនគាត់ឡើយ។ ដូច្នេះ ការចង់ឲ្យកូនធ្វើអ្វីដែលប៉ាម៉ាក់​តែង​ចង់បាន អាច​ជា​ការរំខាន​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ។

៦. ការចម្អិនអាហារ

ការ​ធ្វើ​ម្ហូប​គឺ​ជា​សកម្មភាព​មួយ​ទៀត​ដែល​អាច​លើក​កម្ពស់​ភាព​ឆ្លាត​វៃ​របស់​កុមារ។ វាមិនត្រឹមតែជួយសម្រួលដល់ការដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកុមារឱ្យរៀនពីរបៀបធ្វើតាមការណែនាំផងដែរ។

លើសពីនេះ ការចម្អិន​ប្រាប់​កុមារ​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ទទួល​ទាន ដោយ​ជួយ​ពួក​គេ​ឱ្យ​កាន់​តែ​យល់​ពី​សុខភាព ដែលវាធ្វើឲ្យពួកគេកាន់តែយល់ដឹងពីរបបអាហារណាដែលធ្វើឲ្យសុខភាពល្អ និង ផ្តល់អត្ថប្រយោជន៍ដល់សុខភាព។

៧. ការសរសេរ

សកម្មភាពចុងក្រោយមួយដែលយើងនឹងពិភាក្សាគឺការសរសេរ និងការសរសេរដោយដៃ ជាពិសេស។ ការសរសេរដោយដៃត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្កើនសកម្មភាពយល់ដឹង។ ដើម្បីឱ្យកូនរបស់អ្នកមានអារម្មណ៍ក្នុងការសរសេរ អ្នកអាចផ្តល់ឱ្យកូននូវសម្ភារៈសរសេរ និងចាប់ផ្តើមបង្រៀនពួកគេពីការសរសេរ។

ប្រភព៖ The Mother Huddle អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម