ចំណុចម៉ាក់ប៉ាគួរដឹង មុនកូនចូលរៀនថ្ងៃដំបូង
- 2023-08-11 03:36:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចម៉ាក់ប៉ាគួរដឹង មុនកូនចូលរៀនថ្ងៃដំបូង
ពេលម៉ាក់ប៉ាគិតថាចង់បញ្ជូនកូនទៅសាលា តើបានត្រៀមអ្វីខ្លះ? ប៉ាម៉ាក់មួយចំនួនតែងតែមានអារម្មណ៍ព្រួយបារម្ភនៅថ្ងៃដំបូងដែលកូនចូលសាលា។ ដើម្បីឲ្យប៉ាម៉ាក់មានទំនុកចិត្ត និងមិនសូវព្រួយចិត្ត គួរដឹងគន្លឹះមួយចំនួនមុននឹងបញ្ជូនកូនទៅសាលា។
ផ្ដល់ជម្រើសខ្លះដល់កូន ថ្វីប៉ាម៉ាក់ជាអ្នកជ្រើសរើស ឬសម្រេចចិត្តលើសាលាដែលកូនត្រូវរៀនក៏ពិតមែន តែក៏នៅអាចទុករបស់ខ្លះឲ្យកូនសម្រេចចិត្តដែរ។ ប៉ាម៉ាក់ៗអាចឲ្យកូនសម្រេចចិត្តជ្រើសរើសរបស់មួយចំនួនដូចជាប្រភេទកាតាប ស្បែងជើង ឬដបទឹក ជាដើម។
និយាយជាមួយកូនពីអារម្មណ៍ចូលរៀនថ្ងៃដំបូង ប៉ាម៉ាក់អាចសួរនាំកូនថាកូនមានអារម្មណ៍បែបណាចំពោះថ្ងៃចូលរៀនដំបូង ដើម្បីដឹងពីអារម្មណ៍ពិតរបស់កូន និងជួយផ្ដល់ដំណោះស្រាយ ឬកម្លាំងចិត្តដល់កូន បើសិនជាកូននៅមានអារម្មណ៍មិនស្រណុកចិត្តចំពោះការចូលរៀនថ្ងៃដំបូង។ ដូចគ្នាដែរ ដើម្បីកុំឲ្យកូនមានអារម្មណ៍ភ័យព្រួយ ប៉ាម៉ាក់អាចរកសៀវភៅនិយាយពីការចូលរៀនថ្ងៃដំបូង មកអានឲ្យកូនស្ដាប់ ដើម្បីឲ្យកូនដឹងថានៅសាលាសម្មភាពអ្វីខ្លះ ហើយកូនអាចនឹងជួបអ្នកណាខ្លះ។
អាចនាំកូនទៅមើលសាលាមុនថ្ងៃចូលរៀនដំបូង ការធ្វើដូចនេះ អាចធ្វើឲ្យកូនបានស្គាល់កន្លែងដែលគេត្រូវទៅ នឹងអាចធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅ និងស៊ាំទៅនឹងបរិយាកាសនៅសាលា។
ជួបគ្រូបន្ទុកថ្នាក់មុនចូលរៀន ការធ្វើដូចនេះដើម្បីឲ្យប៉ាម៉ាក់បានដឹងពីស្ថានភាពក្នុងថ្នាក់ ដូចជាការបង្រៀន និងការលេងរបស់សិស្សជាដើម។ ពិសេសគឺប៉ាម៉ាក់អាចបានទទួលលេខសម្រាប់ទាក់ទងគ្រូផ្ទាល់ ដើម្បីអាចសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងកូន។