ស្វែងយល់ពីជំងឺមហារីកមាត់ស្បូន និង​ការព្យាបាលដោយកាំរស្មី?

  • 2023-08-04 09:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺមហារីកមាត់ស្បូន ជាជំងឺឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះត្រូវបានគេស្គាល់ថាជាឃាតករលាក់មុខ ដោយសារតែភាពមិនចេញរោគសញ្ញាអ្វីសោះ រហូតដល់ដំណាក់កាលចុងក្រោយ នៃជំងឺមហារីក ទើបលេចចេញរោគសញ្ញាមួយចំនួនឲ្យឃើញ។

តើជំងឺមហារីកមាត់ស្បូនជាអ្វី?

ជំងឺមហារីកមាត់ស្បូន ជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី ដែលបង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលទៅសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។

ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

#### **តើជំងឺមហារីកមាត់ស្បូន មានការព្យាបាលអ្វីខ្លះ?** ការព្យាបាលជំងឺមហារីកមាត់ស្បូន ជាទូទៅត្រូវធ្វើតាមដំណាក់កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅ ការព្យាបាលរួមមាន ៖ - ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ) - ការចាក់ថ្នាំគីមី - ការវះកាត់

ហេតុអ្វីបានជាកាំរស្មីជាជម្រើសការព្យាបាលដ៏ល្អ?

កាំរស្មី ជាវិធីសាស្រ្តសំខាន់ ដែលមានលក្ខណៈស្តង់ដារក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង ៤ស.ម ឬដុំសាច់រាលដាល ដល់សរីរាង្គជាប់មាត់ស្បូន)។

-ការព្យាបាលដោយកាំរស្មីមានគោលដៅសម្លាប់ ឬបំផ្លាញកោសិកាមហារីក: ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។

- ព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative radiotherapy): ការព្យាបាលដោយកាំរស្មី បូករួមជាមួយនឹងការព្យាបាលដោយការចាក់ថ្នាំគីមី និងការស្អំដោយកាំរស្មី។

- ព្យាបាលក្នុងគោលបំណងពន្យារ ឬសម្រន់ (Palliative radiotherapy): ការព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដើម្បីពន្យារជីវិត និងគុណភាពជីវិតចុងក្រោយរបស់អ្នកជំងឺ។

តើការព្យាបាលដោយកាំរស្មីមានប្រភេទអ្វីខ្លះ?

ប្រភេទនៃការព្យាបាលដោយកាំរស្មីក្នុងជំងឺមហារីកមាត់ស្បូនមាន៖

- ការបញ្ចំាងកាំរស្មី (External Beam Radiotherapy): កាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីន ដោយមានការឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។

- ការស្អំដោយកាំរស្មី (Brachytherapy): ជាការដាក់បញ្ចូលប្រភពកាំរស្មីឲ្យជិត ឬ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗ។ ប្រសិនបើ អ្នកមានរោគសញ្ញាផ្សេងៗ ឬសង្ស័យថាខ្លួនមានជំងឺមហារីកមាត់ស្បូន សូមមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា