យុវជនកូរ៉េជិតកន្លះលាននាក់ ប្រឈមការពិបាករកការងារពេញម៉ោង

  • 2023-07-10 06:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវជន យុវនារីកូរ៉េខាង​ត្បូង​ជិតកន្លះលាននាក់ទើបតែរៀនចប់សាកលវិទ្យាល័យ សឹងតែមិនអាចផ្គត់ផ្គង់ខ្លួនឯងបានក្រោយចេញធ្វើការ។ ៤៨ម៉ឺននាក់គឺជាតួលេខ ដែលយុវជនកូរ៉េអាយុចាប់ពី១៩ ដល់៣៤ ធ្វើការ៣៦ម៉ោងក្នុងមួយសប្ដាហ៍។ តាមច្បាប់កូរ៉េ ធ្វើការ៣៦ម៉ោងក្នុងមួយសប្ដាហ៍គឺជាការងារក្រៅម៉ោង បើច្រើនជាងនេះទើបហៅថាជាការងារពេញម៉ោង។

យុវជនជាច្រើនបានប្រាប់ទៅកាន់បណ្ដាញព័ត៌មាន Chosun ថា ពួកគេត្រូវសម្រេចចិត្តធ្វើការក្រៅម៉ោងជាបណ្ដោះអាសន្នខណៈមិនអាចរកការងារពេញម៉ោងធ្វើបាន។ ចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលកំណត់​សម្រាប់មនុស្សពេញវ័យរស់នៅម្នាក់ឯងចាយក្នុងមួយខែគឺ ១២៣៨ដុល្លារ។ យ៉ាងណាក្ដី សម្រាប់អ្នកធ្វើការ៣៦ម៉ោងមួយសប្ដាហ៍នេះ ពួកគេរកបានយ៉ាងច្រើនត្រឹមតែ ១០៧៨ដុល្លារប៉ុណ្ណោះ ពោលពួកគេរកបានមិនគ្រប់ដើម្បីចំណាយសម្រាប់មួយខែឡើយ។

បកស្រាយពីបញ្ហានេះ អ្នកជំនាញបានលើកឡើងថា ទីផ្សារការងារពេញម៉ោងមានមិនគ្រប់គ្រាន់ ហើយមានការប្រកួតប្រជែងខ្ពស់ ដូចនេះចំនួនអ្នកធ្វើការក្រៅម៉ោងនៅតែមានច្រើន។ កាល​ពី​ខែឧសភា ឆ្នាំ២០២៣ នេះ​ មានឱកាសការងារពេញម៉ោងចំនួន២៤ម៉ឺនកន្លែង​ តែអ្នកស្វែងរកការងារមានដល់ទៅ ៣៨ម៉ឺននាក់។

ជាងពាក់កណ្ដាលយុវវ័យអាយុស្របច្បាប់នៅតែមិនអាចរើចេញរស់នៅម្នាក់ឯងបាន ដោយនៅតែរស់នៅជាមួយឪពុកម្ដាយដោយសារគ្មានលទ្ធភាពទិញ ឬជួលផ្ទះផ្ទាល់ខ្លួន។ ស្របពេលនោះដែរ ៦៧%បានឲ្យដឹងថាពួកគេគ្មានគម្រោងរើចេញនៅខាងក្រៅទេ ការ​ធ្វើដូច​នេះគឺ​ដើម្បីសន្សំការ​ចំណាយ៕

ប្រភព៖ news.zing.vn ដោយ៖ Caramel

អត្ថបទពេញនិយម