អ្នកអត់ថ្នឹករឿងផាត់មុខ ក្រុមហ៊ុនគ្រឿងសម្អាងយក្ស L’Oreal មានរបស់ថ្មីជួយបាន

  • 2023-01-08 04:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំឱ្យពិបាករឿងលាបម៉ាស្ការ៉ា ក្រេម និងគូល័រថ្ពាល់អី L’Oreal ចេញឈុតឧបករណ៍ជំនួយការកាន់ សម្រាប់អ្នកញ័រដៃពេលលាបគ្រឿងសម្អាងមនុស្សជាច្រើនចេះលាបក្រែម ម៉ាស្ការ៉ា និងផាត់ថ្ពាល់ តែមិនមែនគ្រប់គ្នាសុទ្ធតែថ្នឹកនឹងការងារនេះទេ។ មនុស្សរាប់លាននាក់ប្រឈមនឹងបញ្ហាមិនចេះប្រើប្រាស់គ្រឿងសម្អាងលើផ្ទៃមុខរបស់ខ្លួន។

ក្រុមហ៊ុនគ្រឿងសម្អាងយក្សរបស់បារាំង L’Oreal បានបញ្ចេញនូវផលិតផលដងគ្រឿងសម្អាង HAPTA នៅពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូកនិក CES ឆ្នាំ ២០២៣ ឯទីក្រុង Las Vegas សហរដ្ឋអាមេរិក។ គោលបំណងជួយមនុស្សដែលមានចលនាញ័រដៃ ឬពិបាកស្មានកន្លែងដែលត្រូវលាបលើមុខដោយខ្លួនឯង ឧបករណ៍នេះត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Verily ដែលជាក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រសម្រាបជីវិតប្រចាំថ្ងៃ នៅក្នុងសម្ព័ន្ធ Alphabet ដែលជាក្រុមហ៊ុនមេមួយរបស់ក្រុមហ៊ុន Google ផងដែរ។

លោក Guive Balooch អនុប្រធានសកលនៃអ្នកបង្កើតបច្ចេកវិទ្យា L'Oreal បាននិយាយថា៖ «តាមការប៉ាន់ប្រមាណថា មនុស្សម្នាក់ក្នុងចំណោម ១០នាក់នៅសហរដ្ឋអាមេរិកបញ្ហាប្រឈមក្នុងការប្រើប្រាស់គ្រឿងសម្អាង។ យ៉ាងហោចណាស់ម្នាក់ក្នុងគ្រួសាររបស់យើង គឺជាមនុស្សដែលពិបាកផាត់មុខ លាបក្រែមដោយខ្លួនឯង»។ឧបករណ៍នេះទម្រ ដៃតភ្ជាប់ និងកន្លាស់ម៉ាញេទិកដែលអាចផ្ដល់ភាពងាយស្រួលនៃការប្រើប្រាស់ និងផ្តល់នូវការបង្វិល 360 ដឺក្រេ។

លោកបានមានប្រសាសន៍ថា៖ «យើងបានគិតជាយូរមកហើយអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងគោលបំណងដើម្បីបំពេញតម្រូវការភាពស្រស់ស្អាតរបស់មនុស្សដែលមិនសូវថ្នឹកក្នុងការធ្វើចលនាចល័តដៃ និងម្រាមដៃ»។។លោក Balooch បាននិយាយថា HAPTA រួមបញ្ចូលបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងដោយ Verily ដើម្បីធ្វើឱ្យមានស្ថេរភាព លំនឹង និងភាពសុក្រិតនៃទីតាំងបញ្ជា។

ឧបករណ៍ចាប់សញ្ញាឆ្លាតវៃដែលភ្ជាប់មកជាមួយស្គាល់លំនាំរំញោច និងចលនា។ វាសម្របទៅតាមចង្វាក់ទិសដៅដើម្បីជួយក្នុងការអនុវត្តតុបតែងមុខប្រកបដោយប្រសិទ្ធភាព។HAPTA ក៏មានថ្មដែលភ្ជាប់មកជាមួយដែលអាចប្រើបានពេញ១ម៉ោងរាល់ការសាកថ្មពេញម្ដង។

មុខងារដំបូងរបស់ឧបករណ៍គឺជួយក្នុងការលាបបបូរមាត់។ ខណៈពេលដែល L'Oreal បានសាកល្បង HAPTA ជាមួយនឹងម៉ាកក្រែមលាបមាត់ Lancôme របស់ខ្លួននៅឯពិព័រណ៍ CES លោក Balooch បាននិយាយថា គោលដៅគឺសម្រាប់អ្នកប្រើប្រាស់ដើម្បីអាចលាបក្រែមលាបមាត់ ម្សៅទ្រនាប់ ផាត់មុខ និងម៉ាស្ការ៉ាផងដែរ។

L'Oreal រំពឹងថា នឹងបើកដំណើរការចេញលក់ផលិតផលដៃជំនួញលាបគ្រៀងសម្អាង HAPTA នៅចុងឆ្នាំនេះ ជាមួយនឹងតម្លៃប៉ាន់ស្មានចន្លោះពី $150 ទៅ $200៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម