យាយអាយុ ៧២ឆ្នាំដកឧបករណ៍ដកដង្ហើមអ្នកជំងឺនៅក្បែរ ព្រោះថ្លង់ពេក ត្រូវជាប់គុក
- 2022-12-06 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាយអាយុ ៧២ឆ្នាំដកឧបករណ៍ដកដង្ហើមអ្នកជំងឺនៅក្បែរ ព្រោះថ្លង់ពេក ត្រូវជាប់គុក
មានអារម្មណ៍ថាខ្លួនត្រូវគេរំខាន លោកយាយអាយុ ៧២ឆ្នាំបានដកប្រដាប់ដកដង្ហើមរបស់អ្នកជំងឺម្នាក់ទៀតអាយុ ៧៩ឆ្នាំ។
កាលពីថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន CBS បានរាយការណ៍ថា លោកយាយម្នាក់អាយុ ៧២ឆ្នាំមកពីប្រទេសអាល្លឺម៉ង់បានបង្ករភាពចលាចលនៅមន្ទីរពេទ្យ Mannheim ដែលជាកន្លែងលោកយាយកំពុងសម្រាកព្យាបាល។
ជាក់ស្ដែង លោកយាយខាងលើបានស្នាក់នៅរួមបន្ទប់ជាមួយអ្នកជំងឺម្នាក់ទៀតអាយុ ៧៩ឆ្នាំ។ ដោយលើកហេតុផលថា ម៉ាស៊ីនជំនួយដកដង្ហើមរបស់អ្នកជំងឺនៅក្បែរធ្វើឲ្យខ្លួនថ្លង់ពេក មិនចេះនៅ លោកយាយបានឈោងដៃបិទម៉ាស៊ីននេះម្ដង។ សំណាងល្អ ពេទ្យបានមកទាន់ពេលវេលា ហើយដាក់ម៉ាស៊ីនឲ្យដំណើរវិញ។
យ៉ាងណាក្ដី ទោះបីជាត្រូវបានពន្យល់ថា ម៉ាស៊ីននេះមិនអាចបិទបានទេ គឺអាចគ្រោះថ្នាក់ដល់ជីវិតយ៉ាងណាក៏ដោយ តែលោកយាយអាយុ ៧២ឆ្នាំនៅតែបិទម្ដងទៀត ដែលបានធ្វើឲ្យអ្នកជម្ងឺត្រូវទៅសង្គ្រោះបន្ទាន់។ ទោះបីជាពេលនេះ អ្នកជម្ងឺបានឆ្លងផុតហើយក៏ដោយ តែនៅត្រូវតាមដានពិនិត្យបន្ត។
ក្រោយពេលរឿងហេតុនេះកើតឡើយ លោកយាយអាយុ ៧២ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន បណ្ដេញចេញពីពេទ្យ និងត្រូវដាក់ពន្ធគារ ពីបទប៉ុនប៉ងសម្លាប់មនុស្ស៕