ហេតុអ្វីចំណាយលុយ១៥០លានដុល្លារទិញរឿង តែ Yang Mi បែរជាឲ្យ Yang Zi លេងទៅវិញ?
- 2022-09-12 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីចំណាយលុយ១៥០លានដុល្លារទិញរឿង តែ Yang Mi បែរជាឲ្យ Yang Zi លេងទៅវិញ?
អ្នកគាំទ្រមានចម្ងល់ថាហេតុអ្វី ចំណាយទុនធំដើម្បីទិញសាច់រឿង Lost You Forever តែកំពូលតារាសម្ដែងស្រីចិន Yang Mi មិនសម្ដែង ឬទុកឲ្យតារាផលិតកម្មខ្លួនសម្ដែង។
កាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា ទោះបីជា ដល់ឆ្នាំ ២០២៣ទើបខ្សែភាពយន្តភាគបុរាណ Lost You Forever ទើបចាក់ផ្សាយក៏ដោយ តែនៅពេលនេះ រឿងចាប់ផ្ដើមទទួលបានចំណាប់អារម្មណ៍ហើយ។
ប្រភពដដែលបានឲ្យដឹងដា Lost You Forever គឺត្រូវបានបម្លែងចេញពីប្រលោមលោកមានឈ្មោះដូចគ្នា ដោយក្រុមហ៊ុនដែលទិញសិទ្ធិបញ្ញានៃប្រលោមលោកហើយថតជារឿង គឺក្រុមហ៊ុន Jay Walk Studio របស់តារាសម្ដែងស្រីជួរមុខចិន Yang Mi ហើយក៏ជារូបនាងផ្ទាល់ដែលសម្រេចចិត្តទិញរឿងនេះ ក្នុងតម្លៃដល់ទៅ១៥២លានដុល្លារ ដោយគិតថា រឿងនេះនឹងល្បីផ្ទុះ។ យ៉ាងណាក្ដី អ្វីដែលអ្នកគាំទ្រឆ្ងល់នោះគឺ ហេតុអ្វីអ្នកម្ដាយកូន១មិនសម្តែងឯកដោយផ្ទាល់ ឬទុកឲ្យតារាក្នុងក្រុមហ៊ុនដូចជា Dilireba ហើយបែរជាប្រគល់តួធំនេះឲ្យទៅ តារាសម្ដែងក្រៅក្រុមហ៊ុន Yang Zi ទៅវិញ។
អ្នកជំនាញបានលើកឡើងថា ឆ្នាំនេះ Yang Mi និង Dilireba សុទ្ធតែមានរឿងរបស់ខ្លួនត្រូវថតអស់ហើយ ដូចនេះមិនអាចបន្ថែមរឿង Lost You Forever នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ Yang Zi ក៏ជាតារាសម្ដែងស្រីដែលទទួលបានជោគជ័យខ្លាំងសម្រាប់គ្រប់គម្រោងរឿងភាគបុរាណ ដូចនេះហើយ ប្រគល់តួឯកឲ្យនាងអាចនាំចំណូលឲ្យក្រុមហ៊ុនបានច្រើនជាង ទើបម្ចាស់ផលិតកម្ម Jay Walk សម្រេចដូចខាងលើ៕