ល្បិច ៥ចំណុច បង្រៀនរបៀបបង្កើនស្មារតីផ្តោតលើការងារអ្វីមួយឲ្យកាន់តែទទួលបានសមត្ថភាពខ្ពស់
- 2023-08-24 00:43:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិច ៥ចំណុច បង្រៀនរបៀបបង្កើនស្មារតីផ្តោតលើការងារអ្វីមួយឲ្យកាន់តែទទួលបានសមត្ថភាពខ្ពស់
ធ្វើការងារអ្វីមួយមិនសូវបានលទ្ធផលខ្ពស់ អាចនាំការខាតបង់ពេលវេលា និងធនធានផ្សេងៗ ហើយក្រៅពីផ្នែកចំណេះជំនាញ វារួមចំណែកបណ្តាលមកពីភាពកម្សោយនៃអារម្មណ៍ផ្តោត និងខ្វះទំនួលខុសត្រូវលើការងារដែលធ្វើ។ មកពីពេលខ្លះ ពេលធ្វើខុស មិនបានល្អ ឬបង្កើតកំហុស មនុស្សយល់ថាជារឿងហេងស៊យ ឬសំណាងមិនល្អ ប៉ុន្តែភាគច្រើនគួរយល់ថាមកពីកម្រិតសមត្ថភាព និងស្មារតីមិនម៉ត់ចត់ដែលបានមកពីសមត្ថភាពផ្តោតអារម្មណ៍ច្រើនជាង។
ខាងក្រោមនេះជាល្បិច ចំនួន ៥វិធី អាចអនុវត្តរាល់ពេលមានតម្រូវការផ្តោតសតិអារម្មណ៍ ទទួលបានសមត្ថភាពខ្ពស់ក្នុងការងារ៖
១. ការបរិភោគអាហារឲ្យបានត្រឹមត្រូវ នៅពេលអ្នកបំពេញការងារ អ្នកត្រូវការមានសុខភាពផ្លូវកាយល្អរឹងមាំ ដើម្បីអាចផ្តោតអារម្មណ៍ទៅដល់ចំណុចខ្ពស់បំផុតក្នុងការយកលទ្ធផលអស្ចារ្យមួយក្នុងការសម្រេខការងារ។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយរំខានដូចជា ឈឺពោះដោយសារបរិភោគអាហារខុស ឬឈឺក្រពះដោយសារហូបបាយមិនទៀង នោះវានឹងរំខានអារម្មណ៍ដែលធ្វើឲ្យអ្នករឹតតែពិបាកផ្តោតស្មារតីគិត ឬធ្វើកិច្ចការអ្វីមួយ។ អ្នកគួរថែរក្សាសុខភាពផ្លូវកាយឲ្យមែនទែន ប្រសិនបើចង់សម្រេចរាល់ការងារនានាឲ្យទទួលបានគុណភាព និងប្រសិទ្ធភាពខ្ពស់។ សុខភាពមិនអាចជួយទាំងស្រុង ប៉ុន្តែវាជាផ្នែកមួយនៃដំណើរការបង្កើតលទ្ធផលល្អប្រសើរ នឹងបូករួមការតាំងចិត្ត និងផ្លូវចិត្តល្អផងដែរ។
២. កំណត់ពេលវេលា ឬរើសបរិយាកាសជុំវិញក្នុងការធ្វើការឲ្យល្អ កន្លែងបំពេញការងារដែលមានបរិយាកាសរញ៉េរញ៉ៃ អាចបង្កឧបសគ្គដល់អ្នកក្នុងការសម្រេចលទ្ធផលខ្ពស់។ សម្លេងរំខាន ឬមានប្រភេទមនុស្សគួរឲ្យរំខាន ក៏អាចរារាំងអ្នកមិនឲ្យផ្តោតអារម្មណ៍បានល្អដែរ។ អ្នកគួររើសកន្លែងណាដែលមានបរិយាកាសល្អ ជំរុញស្មារតីខំប្រឹង និងរស់រវើក ដើម្បីធ្វើការងារសំខាន់ៗរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការងារខ្លះតម្រូវឲ្យអ្នកធ្វើខាងក្រៅ ឬនៅកន្លែងដែលអ្នកពុំអាចកំណត់យកបាន ដូច្នេះដំណោះស្រាយ អ្នកអាចធ្វើអារម្មណ៍សម្របតាមបរិយាកាសជុំវិញវិញ ឧទាហរណ៍សមាធិ ឬស្តាប់ចម្រៀង ដើម្បីសម្លៀងស្មារតីឲ្យផ្តោតលើកិច្ចការកំពុងធ្វើ។
៣. ផ្ចង់គោលដៅឲ្យច្បាស់លាស់ក្នុងការធ្វើ ការមានគោលដៅប្រឡាំប្រកូវក៏ជាមូលហេតុមិនអាចឲ្យខ្លួនផ្តោតអារម្មណ៍បានល្អដែរ ដូច្នេះអ្នកគប្បីកំណត់គោលដៅឲ្យបានច្បាស់ និងដឹងថាហេតុអ្វីបានជាអ្នកត្រូវធ្វើវា ឬសម្រេចវាឲ្យបាន ប្រកបដោតទំនួលខុសត្រូវ។ វាអាចជាផលប្រយោជន៍ណាមួយដែលជំរុញឲ្យអ្នកធ្វើឲ្យបានល្អ និងជំរុញស្មារតីឲ្យកាន់តែក្លៀវក្លាក្នុងការសម្រេចវា។ ហើយត្រូវចាំ កុំធ្វើការដើម្បីបង្អួតគេថាអ្នកខ្លាំង ឬចង់ឲ្យគេមើលឃើញ តែធ្វើចេញពីការស្រលាញ់ ឲ្យអស់ពីសមត្ថភាព និងឈ្នះភាណខ្ជិលខ្លួនឯង។
**៤. សម្រាក បន្តិចពេលហត់ ឬស្ត្រស គិតអីមិនឃើញ កុំបង្ចំចិត្តបន្ត អារម្មណ៍ស្ត្រេស និងហត់នឿយ អាចរំខានស្មារតីផ្តោត ដូច្នេះបើយល់ថានឿយហត់ អ្នកគួរសម្រាកបន្តិច សឹមត្រឡប់ទៅផ្តោតលើការងារនោះវិញ។ បើអង្គុយយូរពេក អ្នកអាចនឹងឈឺដងខ្លួន ដូចនេះគួរងើបឈរ និងដើរខ្លះ ឬសម្រាកញាំទឹកត្រជាក់ ស្តាប់តន្ត្រី រកមិត្តភក្តិជជែករឿងល្អ សម្រាប់ថ្ងៃស្អែក និងធ្វើឲ្យមាមអារម្មណ៍ល្អត្រឡប់ទៅបញ្ចប់ការងារនៅសល់បានវិញ។
៥. ការពារអារម្មណ៍រំខានណាមួយ ឬកុំឲ្យទូរស័ព្ទរំខានបាន កំពុងធ្វើការស្រាប់តែលោតសញ្ញា ឬ ឮសម្លេងរំខានពីទូរស័ព្ទដៃ មកពីកម្មវិធីបណ្តាញសង្គម ឬ app ផ្សេងៗ ធ្វើឲ្យកាត់ចង្វាក់ផ្តោតអារម្មណ៍។ អំឡុងពេលបំពេញភារកិច្ច អ្នកត្រូវការចាត់ទុកកិច្ចការ ឬគោលដៅការងារសំខាន់ បែបនេះមិនគួរបណ្តោយឲ្យការផ្តោតអារម្មណ៍ត្រូវបានរំខានដោយសារវាឡើយ។ ព្រោះពេលខ្លះគំនិតល្អ ឬការផ្តោតអារម្មណ៍គិតការងារអ្វីមួយ ក៏មិនត្រូវការសម្លេងរំខានជុំវិញច្រើននោះទេ។ រៀនគ្រប់គ្រងពេលវេលា និងបែងចែកភាពច្បាស់លាស់ ក្នុងការសម្រេចការងារ។