រឿងសំខាន់ៗ ៥ យ៉ាងដែលត្រូវពិចារណាមុនពេលសម្រេចចិត្តបែកគ្នាជាមួយដៃគូរបស់អ្នក

  • 2022-09-14 15:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងទំនាក់ទំនងស្នេហាដែលមានរយៈពេលយូរជាមួយគ្នាពេលខ្លះវាអាចនឹងប្រឈមមុខជាមួយបញ្ហាធ្ងន់ធ្ងរជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយវាក៏ជារឿងធម្មតាទៅហើយអំពីជំម្លោះទាស់ទែងគ្នារវាងដៃគូសង្សារ និងប្ដីប្រពន្ធ តែវាក៏មិនបានន័យថាជីវិតស្នេហាត្រូវបញ្ចប់នោះដែរ។ ផ្ទុយទៅវិញនៅពេលដែលអ្នកខិតខំព្យាយាមធ្វើការដោះស្រាយតាមរបៀបសន្តិ​វិធី ការរកដំណោះស្រាយប្រកបដោយសុខមាលភាពល្អអាចជួយធ្វើឲ្យជីវិតដៃគូរបស់អ្នកកាន់តែរឹងមាំថែមមួយកម្រិតទៀត។

ខណៈពេលដែលអ្នកអាចមានអារម្មណ៍ថាអ្វីៗមិនដំណើរការសោះ អ្នកនឹងសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់អ្នក ប៉ុន្តែមុននឹងបញ្ចប់វាសូមចំណាយពេលដើម្បីពិនិត្យមើលឡើងវិញអំពីចំណុចវិជ្ជមាន ចំណុចល្អៗដែលធ្លាប់មាននៅក្នុងទំនាក់ទំនងរបស់អ្នកកាលពីមុន ពីព្រោះការធ្វើបែបនេះអាចរារាំងអ្នកពីការសម្រេចចិត្តដែលអ្នកអាចនឹងសោកស្តាយនៅពេលក្រោយ។

ហេតុដូច្នេះហើយមុននឹងសម្រេចចិត្តថាបញ្ចប់ទំនាក់ទំនងស្នេហារបស់អ្នកត្រូវធ្វើការពិចារណាទៅលើរឿងប្រាំយ៉ាងខាងក្រោមនេះជាមុនសិន៖

  • អ្នកទាំងពីរទុកចិត្តគ្នាទៅវិញទៅមក៖ ទំនុកចិត្តគឺជាធាតុសំខាន់មួយនៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើអ្នកកត់សម្គាល់ឃើញថាជាទូទៅដៃគូរបស់អ្នកប្រព្រឹត្តល្អចំពោះអ្នកនៅពេលដែលអ្នកត្រូវការបំផុតនោះ សូមចងចាំថានេះគឺជាសញ្ញាវិជ្ជមាន។

  • អ្នកចែករំលែកទស្សនៈតែមួយ៖ វិធីមួយទៀតដើម្បីដឹងថាតើទំនាក់ទំនងរបស់អ្នកសមនឹងតស៊ូ ឬគួរតែបញ្ចប់នោះគឺអ្នកទាំងពីរធ្វើការចែករំលែកចក្ខុវិស័យអំពីរឿងអនាគតរបស់អ្នកថាតើអ្នកចង់បានអ្វីដូចគ្នានៅក្នុងជីវិតឬអត់។

  • អ្នកមានអារម្មណ៍ថាការលះបង់គឺស្មើគ្នា៖ ចំណុចសំខាន់មួយទៀតនៃទំនាក់ទំនងល្អគឺនៅពេលដែលអ្នកទាំងពីរមានឆន្ទៈក្នុងការចំណាយពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាណាមួយដែលកើតឡើង ពីព្រោះវាអាចបង្ហាញថាអ្នកនៅតែស្ថិតនៅលើគោលបំណងដូចគ្នា។

  • អ្នកមានឆន្ទៈក្នុងការអភ័យទោស៖ ការអភ័យទោសគឺចាំបាច់ណាស់នៅក្នុងទំនាក់ទំនង ខណៈពេលដែលអ្នកទាំងពីរមានឆន្ទៈក្នុងការអភ័យទោសឲ្យគ្នាទៅវិញទៅមកចំពោះរឿងដែលបានកើតឡើងកាលពីអតីតកាល អ្នកពិតជាអាចបើកបេះដូងយ៉ាងពេញលេញចំពោះអនាគតរបស់អ្នកជាមួយគាត់។

  • អ្នកគោរពឲ្យតម្លៃគ្នាទៅវិញទៅមក៖ នៅក្នុងទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានសុភមង្គលល្អគឺអាស្រ័យទៅលើការចែករំលែកការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ហើយអ្នកមិនខ្មាស់អៀនឬមិនមើលងាយគ្នា ប៉ុន្តែអ្នកផ្តល់ការគាំទ្រ ការលួងលោម សុវត្ថិភាពនឹងភាពកក់ក្ដៅឲ្យគ្នា។

មិនថាអ្នកចង់រកមនុស្សម្នាក់ដែលល្អឥតខ្ចោះគ្រប់បែបយ៉ាងតាមវិធីណាក៏ដោយ ជាទូទៅមនុស្សពីរនាក់នឹងមិនដែលយល់ស្របលើអ្វីៗទាំងអស់ដូចគ្នានោះទេ។ បើអ្នកមានភាពខុសគ្នាច្រើន ប៉ុន្តែអ្នកទាំងពីរចេះធ្វើការសហការសម្របសម្រួលជាមួយគ្នា អ្នកអាចនឹងរៀនពីគ្នា ឬក៏អាចរកឃើញថាអ្នកទាំងពីរគឺដូចគ្នា។ អ្នកត្រូវចាំថាការឈ្លោះប្រកែកគ្នានៅក្នុងទំនាក់ទំនងស្នេហានឹងមិនធ្វើឲ្យអនុស្សាវរីយ៍រីករាយរបស់អ្នកទាំងពីរដែលធ្លាប់មាន ធ្លាប់បានចែករំលែកជាមួយគ្នាបាត់បង់នោះទេ។ ហេតុផលទាំងនោះហើយដែលអ្នកគួរធ្វើការពិចារណាមុនពេលសម្រេចចិត្តបែកគ្នាជាមួយដៃគូរបស់អ្នក៕

ចុចអានបន្ត៖ ៤ ចំណុចនេះ ដែលសុភាពបុរសពិតតែងតែធ្វើវាជាប្រចាំជាមួយដៃគូសង្សាររបស់គាត់

អត្ថបទ៖ Chrel Den