ទស្សនិកជនចង់ដឹងពេទ្យ Yang Mi កែសម្ផស្សត្បិតពីមុខជ្រុងមកពងក្រពើធម្មជាតិខ្លាំងពេក
- 2021-12-21 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនិកជនចង់ដឹងពេទ្យ Yang Mi កែសម្ផស្សត្បិតពីមុខជ្រុងមកពងក្រពើធម្មជាតិខ្លាំងពេក
ទោះបីជាមិនធ្លាប់ទទួលស្គាល់ថាខ្លួនកែសម្ផស្សក៏ដោយ តែមនុស្សជាច្រើនជឿជាក់ថា កំពូលតារាសម្ដែងស្រីចិន Yang Mi គឺពិតជាធ្លាប់ឆ្លងកាត់មុខកាំបិតពិតប្រាកដមែន។ កាលពីថ្ងៃទី ២០ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា កម្រងរូបភាពចាស់ៗរបស់តារាសម្ដែងស្រីលំដាប់ A ចិន Yang Mi ត្រូវបានអ្នកប្រើបណ្ដាញសង្គមបង្ហោះឡើងវិញ។ ទោះបីជាពេលនេះ ស្រីស្អាតអាយុ ៣៥ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកំពូលតារាសម្រស់ក៏ដោយ តែ១០ឆ្នាំមុន គេសង្កេតឃើញថា សម្រស់របស់នាងគឺខុសដាច់ពីពេលនេះ។
ជាក់ស្ដែង នៅក្នុងកម្រងរូបភាពដែលត្រូវគេជីកឡើងវិញនេះ អ្នកម្ដាយកូន១មានទម្រង់ថ្គាមជ្រុង ដែលត្រូវគេហៅថាថ្គាមខ្លា ធ្វើឲ្យនាងមើលទៅមិនទាក់ទាញ។ ត្រលប់មកកាន់ពេលនេះ តួរឿងនិស្ស័យស្នេហ៍ទេវតា៣ជាតិ មានមុខទម្រង់ពងក្រពើ ស្រឡូនមើលពីជ្រុងណាទៅក៏គ្មានអ្វីទាស់។ ទោះបីជាសាមីខ្លួនមិនដែលចេញមុខទទួលស្គាល់ថាខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតក៏ដោយ តែទស្សនិកជនជឿជាក់យ៉ាងមុតមាំថា ទម្រង់មុខពីជ្រុងមិនអាចក្លាយជាមុខវីដោយធម្មជាតិបានឡើយ។
ដូច្នេះហើយ ដោយសារតែឃើញលទ្ធផលស្អាតធម្មជាតិខ្លាំងពេក មនុស្សជាច្រើនបានសម្ដែងការសំណូមពរថា ប្រសិនបើអ្នកម្ដាយកូន១រូបនេះ អាចបង្ហាញពីពេទ្យដែលនាងវះកាត់ គឺពួកគេអរគុណខ្លាំងណាស់ ត្បិតនៅពេលនេះ មានករណីវះកាត់ជាច្រើនដែលមិនធម្មជាតិ ហើយមិនស្អាតដូចអ្វីចង់បានច្រើន។