វិធីបំបាត់ភាពធុញទ្រាន់ និងបង្កើនចំណេះដឹង ធ្វើឲ្យអារម្មណ៍ល្អពេលធ្វើការពីផ្ទះក្នុងរដូវកូវីដ ១៩
- 2021-08-13 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបំបាត់ភាពធុញទ្រាន់ និងបង្កើនចំណេះដឹង ធ្វើឲ្យអារម្មណ៍ល្អពេលធ្វើការពីផ្ទះក្នុងរដូវកូវីដ ១៩
ដោយសារតែមានពេលទំនេរច្រើនសល់ពីពីម៉ោងការងារ ព្រោះធ្វើការពីផ្ទះ ក្នុងរដូវជំងឺកូវីដ១៩កំពុងរាលដាល អ្នកអាចសាកសកម្មភាពទាំងនេះបាន ដែលមិនត្រឹមតែជួយកែអផ្សុកនោះទេ ថែមទាំងជួយបង្កើនចំណេះដឹងទៀតផង។
១. អានសៀវភៅ
ចំណេះដឹងគឺគ្មានដែនកំណត់ឡើយ អ្នកកាន់តែអានសៀវភៅច្រើន ទើបដឹងថាសមត្ថភាពរបស់ខ្លួននៅមានកម្រិតប៉ុណ្ណា។ នៅពេលដែលអ្នកចាប់ផ្ដើមមានទម្លាប់អានសៀវភៅ អ្នកនឹងអាចចោលទម្លាប់មិនល្អជាច្រើនដូចជាអូសមើលបណ្ដាញសង្គមរាប់ម៉ោងជាដើម។ ទោះមួយថ្ងៃអានសៀវភៅតែប៉ុន្មានទំព័រក៏ពិតមែន តែសកម្មភាពនេះក៏បង្កើនរសជាតិជីវិតឲ្យអ្នកមិនតិចឡើយ។
២. ហាត់ Yoga និងសម្មាធិ
ប្រសិនបើអ្នកមានអារម្មណ៍ថាចិត្តមិនស្ងប់ដោយសារតែពិភពលោកកំពុងរងផលលំបាកដោយសារជំងឺរាតត្បាត ហើយមិនទាន់រកដំណោះស្រាយឃើញនោះ អ្នកអាចចាប់ផ្ដើមចំណាយពេល១ ទៅ២ម៉ោងដើម្បីហាត់ Yoga និងសម្មាធិឲ្យចិត្តបានស្ងប់ល្អ។ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យរាងកាយបត់បែនល្អនោះទេ សូម្បីតែសុខភាពផ្លូវចិត្តក៏បានកែសម្រួលដែរ។
៣. បោសសំអាតផ្ទះ
សម្រាប់អ្នកដែលធ្លាប់តែរវល់គ្មានពេលសម្រាក និងមានចរិតខ្ជិលច្រអូសនោះ នេះគឺជាពេលវេលាដែលល្អបំផុត សម្រាប់ការធ្វើបោសសំអាតផ្ទះសម្បែងចេញម្ដងអោយអស់។ តើអ្នកនៅចាំទេថា តើលើកចុងក្រោយដែលអ្នកបោកវាំងនន ផ្លាស់ប្ដូរកម្រាលពូក ឬបូមធូលីគឺនៅពេលណា? ដើម្បីឲ្យពេលវេលាកន្លងផុតទៅមិនឲ្យឥតប្រយោជន៍ អ្នកអាចប្រមូលរបស់ដែលខានបោកគក់យូរ និងកន្លុកកន្លៀងតដែលមានធូលីច្រើននោះ មកសម្អាតចេញម្ដង ធានាថា អ្នកនឹងមានអារម្មណ៍ស្រស់ថ្លាក្រោយពេលធ្វើរួច៕