ចូលឆ្នាំនៅផ្ទះអផ្សុក មកថែសម្រស់ដោយខ្លួនឯងងាយៗតាមប្រភេទស្បែកមុខ

  • 2021-04-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ស្រី។ ដោយសារ​តែ​បុណ្យ​ចូល​ឆ្នាំ​កាន់តែកៀក ហើយ​បើ​អ្នក​ទំនេរ អាច​មក​ថែសម្រស់​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ​ដោយ​វិធី​ទាំង​នេះ។

​១. ប្រើ​ប្រទាល​កន្ទុយ​ក្រពើ (​សម្រាប់​ស្បែក​ស្ងួត)

​​ដោយសារ​ប្រទាល​កន្ទុយ​ក្រពើ​ផ្ទុក​នូវ​ជាតិ​ទឹក​ច្រើន ​ធ្វើ​ឲ្យ​នេះ​​ជា​ហេតុ​ផល​​ការ​យក​​ប្រទាល​កន្ទុយ​ក្រពើ​ធ្វើ​ជា​ម៉ាស​បិទ​មុខ ពិត​ជា​ជួយ​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ​យ៉ាង​ច្រើន ព្រម​ទាំង​ជួយ​លុប​បំបាត់​ស្នាម​អុជ​ខ្មៅ និង​ជ្រួញ​បាន​​ផង​ដែរ។ ​បន្ថែម​ពី​នេះ ​​​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ក៏​ជួយ​រំញោច​ខូឡាជែន​និង​​សសៃ​ Elastin ​ដែល​ការពារ​មិន​ឲ្យ​ឡើង​មុន​បាន​ផង​ដែរ។

វិធី​ងាយ​ៗ អ្នក​អាច​យក​​ប្រទាល​កន្ទុយ​ក្រពើ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់ មក​លាប​លើ​មុខ​ទុក​ប្រមាណ​៣០​នាទី រួច​សម្អាត​មុខ​ជាមួយ​ទឹក​ត្រជាក់។

​២. ប្រើ​ស៊ុត​ផ្នែក​ស (​សម្រាប់​ស្បែក​ខ្លាញ់)

​សម្រាប់​អ្នក​មាន​បញ្ហា​ស្បែក​ខ្លាញ់ ប្រហែល​ជា​ត្រូវ​ពិបាក​បន្តិច​ដោយសារ​រន្ធ​រោម​​រីក​ធំ​ជាង​​ធម្មតា ធ្វើ​ឲ្យ​ឆាប់​មាន​ធូលី និង​ធាតុ​កខ្វក់​ពិបាក​លាង​សម្អាត។ ​ហេតុ​នេះ ​ដំណោះ​ស្រាយ​ល្អ​ជាង​គេ​ អ្នក​គួរ​ប្រើ​​ផ្នែក​ស​របស់​ស៊ុត ​លាយ​ជាមួយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា និង​ទឹក​ក្រូច​​ឆ្មា​កន្លះ​ស្លាប​ព្រា លាប​លើ​មុខ​​ប្រមាណ ២០​នាទី ​បន្ទាប់​មក​លុប​មុខ​នឹង​ទឹក​ក្តៅ​ឧណ្ឌៗ។ ​អ្នក​គួរ​អនុវត្ត​វិធី​នេះ ​ចំនួន ២ -​៣ ដង​ក្នុង​មួយ​សប្តាហ៍។

៣. ផ្លែ​ចេក​លាយ​ជាមួយ​ទឹក​​ដោះ​គោ (​សម្រាប់​ស្បែក​ឆាប់​ប្រតិកម្ម)

អ្នក​មាន​ស្បែក​ឆាប់​ប្រតិកម្ម ​ក៏​ជួប​រឿង​ពិបាក​មិន​ធម្មតា​ដែរ ព្រោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំ​ផុត​លើ​ការ​​ថែ​ទាំ និង​ប្រើ​ប្រាស់​គ្រឿង​សម្អាង។ ​ដូច្នេះ ​អ្នក​អាច​ប្រើ​ដំណោះ​ស្រាយ​បែប​ធម្មជាតិ​នេះ ​ដោយ​គ្រាន់​តែ​​ចិត​ចេក​ណាំ​វ៉ា​៤​កង់ ​លាយ​​ទឹក​ដោះ​គោ​មួយ​ស្លាប​ព្រា ​ថែម​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា រួច​យក​មក​ម៉ាស្សា​លើ​​ផ្ទៃ​មុខ និង​​ក ​​ប្រ​ហែល ១០ -​១៥ នាទី ​រួច​លាង​ទឹក​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ឌៗ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម