ល្បីថាតារាប្រុស Wei Da Xun មកផ្ទះ Yang Mi ទាំងកណ្តាលយប់

  • 2021-01-25 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​ពេល រឿង​អាស្រូវ​ស្នេហា​​រវាង​កំពូល​តារា​​សម្ដែង​ស្រី​ចិន Yang Mi និង Wei Da Xun ស្រាប់​តែ​ផ្ទុះ​ឡើង​វិញ​ ដោយ​លើក​នេះ​គេ​ចាប់​បាន​ផ្ទាល់​តែ​ម្ដង។

កាល​ពី​ព្រឹក​​ថ្ងៃ​ទី ២៣ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ធ្វើ​ឲ្យ​ផ្អើល​អស់​គេ​ឯង​នៅ​ពេល​ប្រភព​មួយ​នេះ បាន​រាយការណ៍​ថា តារា​សម្ដែង​លំដាប់ A ចិន Yang Mi ព្រម​ជាមួយ​សង្សារ​វ័យ​ក្មេង​​ដែល​ជា​តារា​សម្ដែង​ប្រុស Wei Da Xun បានរើ​មក​នៅ​ផ្ទះ​ជាមួយ​គ្នា​ហើយ។

ជាក់​ស្ដែង នៅ​យប់​ថ្ងៃ​ទី ២២ ខែ​មករា​ ប្រុស​ស្អាត​ ៣១​ឆ្នាំ មាន​ការងារ​ត្រូវ​ថត​នៅ​ទីក្រុង​ប៉េកាំង និង​បាន​បញ្ចប់​នៅ​ម៉ោង​៧​យប់។ ក្រោយ​ពេល​ចប់​ការងារ ប្រុស​ស្អាត​រូប​នេះ ​លា​ក្រុម​ការងារ​ទៅ​ផ្ទះ តែ​ជំនួស​ឲ្យ​ការ​ត្រលប់​ទៅ​ផ្ទះ​ខ្លួន​ឯង គឺ​លោក​តម្រង់​ត្រង់​ទៅ​ផ្ទះ​របស់​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ​តែ​ម្ដង។ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​អារម្មណ៍ លោក​បាន​ចុះ​ដើរ​​តាម​ផ្លូវ​តូច ដោយ​មិន​បាន​ជិះ​ឡាន​តាម​ច្រក​ធំ​នោះ​ឡើយ។

Sina បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៩ រំលង​ផ្ទះ​របស់​​អ្នក​ម្ដាយ​កូន​១ តែ​មួយ​ផ្លូវ​ប៉ុណ្ណោះ។ ការ​ដែល​លោក​មិន​ទៅ​ផ្ទះ​របស់​ខ្លួន ហើយ​មក​នៅ​ខុន​ដូ​របស់​មិត្ត​ស្រី​បែប​នេះ មាន​ន័យ​ថា ពួក​គេ​បាន​រើ​ចូល​នៅ​ផ្ទះ​ជាមួយ​គ្នា​ហើយ។ នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា តាម​ការ​ពិត​ពួក​គេ​ដឹង​ថា តារា​ល្បី​ឈ្មោះ​ទាំង​២​ស្រលាញ់​គ្នា​យូរ​ហើយ តែ​ដោយ​សារ​តែ​សាមីខ្លួន​ផ្ទាល់​មិន​ចង់​ទទួល​ស្គាល់​ ដូច​នេះ​ហើយ​អ្នក​គាំទ្រ​ក៏​មិន​ចង់​ដេញដោល​ច្រើន​ដែរ។ គួរ​បញ្ជាក់​ផងដែរ​ថា Yang Mi មានអាយុ​បង Wei Daxun ៣​ឆ្នាំ តែ​នាង​មាន​វ័យ​ក្នុង​សិល្បៈច្រើន​ជាង​លោក​១០​ឆ្នាំ​។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩ Sina បាន​រាយការណ៍​ថា អ្នក​ទាំង​២​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​នឹង​គ្នា ដោយ​នៅ​ពេល Yang Mi ទៅ​ថត​រឿង​ហើយ​ត្រូវ​នៅ​សណ្ឋាគារ​នោះ ប្រុស​ស្អាត​រូប​នេះ​បាន​ទៅ​មើល​ថែ​ដល់​សណ្ឋាគារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម