ផ្ទុះ​ចចាមអារ៉ាម Zheng Shuang ជួល​គេឲ្យ​បង្កើត​កូន​២នាក់​នៅ​អាមេរិក ហើយ​បោះបង់​ចោលធ្វើ​ឲ្យ​ផ្អើល​មួយ​ប្រទេស

  • 2021-01-20 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មករា ពិភពសិល្បៈ​ទាំង​មូល​ត្រូវ​ផ្អើល​កក្រើក​ដោយ​សារ​ លោក Zhang Heng អតីត​មិត្ត​ប្រុស​របស់​តារា​សម្ដែង​ស្រី​ចិន Zheng Shuang បាន​ចេញ​មុខ​បក​អាក្រាត​អតីត​មិត្ត​ស្រី​ថា នាង និង​លោក​បាន​ពឹង​គេ​ឲ្យ​ពពោះ​ជំនួស​នាង​នៅ​អាមេរិក តែ​ក្រោយ​មក​នាង​ក៏​បោះ​បង់​កូន​២នាក់​នេះ​ចោល។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន អតីត​មិត្ត​ប្រុស​របស់​តួ​រឿង LOVE C2O បាន​បង្ហោះ​រូប​ខ្លួន​ពរ​កូន ព្រម​ទាំង​សំបុត្រ​កំណើត​របស់​គេ​ទាំង​២ ដែល​មាន​ឈ្មោះ​ថា​ Zheng Shuang។ លោក​បន្ថែម​ផង​ដែរ​ថា កូន​ភ្លោះ​របស់​លោក​គឺ​មាន​អាយុ ១៣​ខែ​ហើយ។ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា កាល​​ពី​ឆ្នាំ ២០១៩ ពួក​គេ​ទាំង​២​បាន​ទៅ​សហរដ្ឋ​អាមេរិក​ហើយ​ប្រើ​សេវាក​ម្ម​ឲ្យ​គេ​ពពោះ​ជំនួស ប្រុស​មួយ​ ស្រី​មួយ។ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​បែក​គ្នា ហើយ Zheng Shuang មិន​ត្រូវ​ការ​កូន​នេះ Zhang Heng ត្រូវ​នៅ​អាមេរិក​ដើម្បី​មើល​ថែ​កូន។

ក្រៅ​ពី​នេះ ក៏​មាន​ព័ត៌មាន​ពួក​គេ​បាន​រៀបការ​នៅ​អាមេរិក ហើយ​នៅ​ខែ​មីនា​នេះ​នឹង​លែងលះ​គ្នា។ មិត្តភ័ក្ដិ​របស់ Zhang Heng បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ Zheng Shuang មិន​ព្រម​ចុះ​ហត្ថលេខា​លើ​សំបុត្រ​កំណើត​របស់​កូន ទើប​ពួក​គេ​មិន​អាច​ធ្វើ​លិខិត​ឆ្លង​ដែន​មក​ប្រទេស​វិញ​បាន។

នៅ​ពេល​រឿងកំពុង​ផ្ទុះ​ឡើង ស្រាប់​តែ​ស្រី​ស្អាត ២៩​ឆ្នាំ​ចេញ​មុខ​បក​ស្រាយ​តែ​មិន​សូវ​ពាក់ព័ន្ធ​នឹង​រឿង​ខាង​លើ​ថា៖ ក្រុម​មេធាវី​នៅ​អាមេរិក និង​នៅ​ចិន​របស់​ខ្ញុំ​នៅ​តែ​ព្យាយាម​ដោះ​ស្រាយ​រឿង​នេះ នេះ​គឺ​ជា​ចម្លើយ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ។

ទាក់ទង​នឹង​រឿង​ខាង​លើ​ដែរ ភាគហ៊ុន​របស់​ក្រុមហ៊ុន​សម្លៀក​បំពាក់ Prada ដែល​មាន​ Zheng Shuang ក៏​ត្រូវ​បាន​ធ្លាក់​ថ្លៃ ១.៧% ក្រោយ​ពេល​រឿង​អាស្រូវ​រំជួល​គេ​ឯង​នេះ​ផ្ទុះ​ឡើង។ គួរ​បញ្ជាក់​ផងដែរ​ថា Prada ទើប​តែ​ប្រកាស​ថា តារា​កើត​ឆ្នាំ ១៩៩១ ជា​អ្នក​តំណាង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មករា​ប៉ុណ្ណោះ ដោយ​នាង​បាន​ថត​ស្ប៉ត​ចូល​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ខាង​លើ​រួច​ហើយ។ Sina បាន​ឲ្យ​ដឹង​ថា ជាមួយ​រឿង​អាស្រូវ​ដ៏​ធំ​បែប​នេះ Prada អាច​នឹង​ឲ្យ Zheng Shuang ចេញ​សង​កុងត្រា​របស់ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម