ជះលុយអស់ជិត៤ម៉ឺនដុល្លារទៅកាត់ភ្នែក តែលទ្ធផល នារីចំណាស់ម្នាក់ត្រូវប្ដីដេញចេញពីផ្ទះ
- 2021-01-11 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជះលុយអស់ជិត៤ម៉ឺនដុល្លារទៅកាត់ភ្នែក តែលទ្ធផល នារីចំណាស់ម្នាក់ត្រូវប្ដីដេញចេញពីផ្ទះ
នារីវ័យចំណាស់ម្នាក់មកពីប្រទេសចិនបាលួចគ្រួសារទៅវះកាត់ត្របកភ្នែក ដោយចំណាយអស់លុយជាច្រើន តែលទ្ធផលបានមកវិញមានត្រឹមតែបញ្ហា។
បណ្ដាញព័ត៌មាន Toutiao បានរាយការណ៍ថា នារីម្នាក់ត្រកូល Shen រស់នៅខេត្ត Zhejiang បានជួបបញ្ហាគ្រួសារធំមួយ ក្រោយពេលទៅវះកាត់ត្របកភ្នែករួច។
តាមនោះដែរ នារីវ័យ៥៩ឆ្នាំរូបនេះ កាលពីខែកញ្ញា ឆ្នាំមុនបានដួលហើយប៉ះទង្គិចនៅចំណុចត្រង់ភ្នែក។ ដោយសារតែហេតុនេះហើយ លោកស្រីបានទៅកាន់ពេទ្យកែសម្ផស្សមកកន្លែងដើម្បីកែកុនឡើងវិញ។ លោកស្រីត្រូវបានគេណែនាំប្រភេទវះកាត់ច្រើនខុសៗគ្នា ដោយគេសន្យាថា នឹងធ្វើឲ្យគាត់ក្មេងជាងមុន១០ឆ្នាំ។
ចុងបញ្ចប់ លោកស្រីជ្រើសយកការវះកាត់ភ្នែក និងចងចិញ្ចើម ដែលសរុបលុយទៅគឺអស់ដល់ទៅ ២៥ម៉ឺនយាន់ (៣៩០០០ដុល្លារ)។ យ៉ាងណាក្ដី នៅពេលយកសមិទ្ធិផលនេះទៅផ្ទះ លោកស្រីត្រូវបានប្ដីជេរស្ដីយ៉ាងខ្លាំង ថែមទាំងមិនឲ្យចូលផ្ទះទៀតផង មូលហេតុគឺមកពីលទ្ធផលចេញមកអាក្រក់ខ្លាំងពេក។ ជាក់ស្ដែង ក្រោយពេលវះកាត់រួច ភ្នែករបស់នាង Shen បះឡើងទៅលើ បិទមិនចង់រួច គួរឲ្យខ្លាចខ្លាំង។ ក្រោយពេលរឿងនេះល្បីខ្លាំងពេកលើបណ្ដាញសង្គម លោកស្រីបានទៅពេទ្យដដែលនោះឡើងវិញ ហើយគេសន្យាថានឹងធ្វើសង ព្រមទាំងសងថ្លៃជំងឺចិត្ត ១៥០០០យាន់ (២៣០០ដុល្លារ) វិញផងដែរ។
យ៉ាងណាក្ដី រឿងដែលទស្សនិកជនមិនអស់ចិត្តនោះគឺ មិនដឹងជាលោកស្រីខាងលើវះកាត់យ៉ាងម៉េចបានថ្លៃកាត់ភ្នែកនេះឡើងដល់ជិត៤ម៉ឺនដុល្លារ ត្បិតការវះកាត់នេះ យ៉ាងច្រើនអស់តែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ ហើយថ្លៃដែលគេសងជំងឺចិត្តនោះគឺមិនបានស្មើនឹងកន្ទុយដែលលោកស្រីចំណាយផង។ មនុស្សជាច្រើនបានគាំទ្រប្ដីរបស់លោកស្រីថា បើអស់លុយច្រើនយ៉ាងនេះ ហើយចេញមកលទ្ធផលបែបនេះគឺពិតជាមិនខឹងមិនបានមែន៕