មនុស្សស្រលាញ់យើងពិតនឹងដឹងយើងកើតទុក្ខពេលណា បើអ្នកអត់ចិត្តទោះយើងយំក៏មិនខ្វល់
- 2020-08-20 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រលាញ់យើងពិតនឹងដឹងយើងកើតទុក្ខពេលណា បើអ្នកអត់ចិត្តទោះយើងយំក៏មិនខ្វល់
បើស្រលាញ់ ត្រូវតែមានចិត្តទុកដាក់ ព្រួយបារម្ភ ធ្វើឲ្យគេមានភាពកក់ក្ដៅ ទោះនៅឆ្ងាយ ឬជិតគ្នា។ តែប្រសិនបើគេតែង ព្រងើយកន្តើយដាក់យើង សួរថានៅស្រណោះអ្វីទៀត? នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីជាច្រើននៅតែបៀមទុក្ខក្នុងទ្រូង ទឹកភ្នែកជូតក្បាលជង្គង់ តែក៏នៅតែប្រឹងញញឺមបន្លប់ប្រាប់ថាខ្លួនមិនអីទេ។ មិនមែនគេលាក់អារម្មណ៍ព្រោះចង់ឲ្យមនុស្សប្រុសទៅលួងនោះឡើយ តែគេលាក់អារម្មណ៍ដើម្បីចង់ដឹងថា មនុស្សប្រុសពិតជាស្រលាញ់គេពិតមែនឬអត់។
គួរឲ្យសោកស្ដាយ ចរិតមនុស្សប្រុសអត់ចិត្តនៅតែរក្សាដូចដើមទោះកន្លងផុតទៅរាប់សតវត្សហើយក៏ដោយ។ ចឹងបានគេនិយាយថា រកបានមនុស្សប្រុសល្អម្នាក់ដូចរាវម្ជុលបាតសមុទ្រ ត្បិតមនុស្សប្រុសមិនល្អនៅមានច្រើនពេក។ តាមពិតទៅ មិនមានមនុស្សស្រីដែលពិបាកយល់នោះទេ មានតែមនុស្សប្រុសមិនចង់យល់ពីមនុស្សស្រីតែប៉ុណ្ណោះ។ ព្រោះបើគេមានចិត្តហើយ គេនឹងស្វែងយល់ពីមនុស្សស្រីដែលខ្លួនស្រលាញ់ តែបើគេគ្មានចិត្តហើយ ទោះបីជាអ្នកយំអស់ទឹកភ្នែកទៀត ក៏គេមិនខ្វល់ដែរ។
នៅពេលគេស្រលាញ់យើងពិត គេនឹងចាត់ទុកយើងថាជាចំណតចុងក្រោយរបស់គេ ដោយគេនឹងមិនទៅរកចំណតមួយណាទៀតឡើយ។ ផ្ទុយមកវិញ បើគេចាត់យើងត្រឹមលេងសើច យើងនឹងជាចំណតបណ្ដោះអាសន្ន ដោយនៅពេលគេរកឃើញចំណតថ្មី គេនឹងចាកចោលមិនខាន។ អ្នកស្រលាញ់យើងពិត គ្រាន់តែស្រលាញ់មួយប៉ព្រិចភ្នែក ក៏ដឹងថាយើងកើតទុក្ខ ឬកំពុងសប្បាយចិត្ត ដោយមិនចាំបាច់យើងយំបង្ហោះតាមបណ្ដាញសង្គមទើបគេលួងយើងឡើយ។ ដូចនេះ ដើម្បីរកមនុស្សដែលមានចិត្តពិត អ្នកគ្រាន់តែមើលចំណុចនេះ ក៏អ្នកអាចដឹងបានដែរ៕