តារាសម្ដែងប្រុសល្បីឈ្មោះក្នុងរឿងទិនហ្វី ដាច់សរសៃឈាមខួរក្បាលពិការមួយចំហៀងខ្លួន និយាយលែងកើត
- 2020-07-07 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងប្រុសល្បីឈ្មោះក្នុងរឿងទិនហ្វី ដាច់សរសៃឈាមខួរក្បាលពិការមួយចំហៀងខ្លួន និយាយលែងកើត
រូបភាពកេះច្រមុះ តែងខ្លួនធ្វើជាមនុស្សស្រីរបស់តារាសម្ដែងប្រុសជើងចាស់ Lee Kin Yan ធ្វើឲ្យអ្នកគាំទ្រភាពយន្តរបស់ទិនហ្វី មិនអាចបំភ្លេចបាន។ ចូលដល់វ័យចំណាស់ លោកត្រូវជំងឺរួមរិតខ្លួន។
កាលពីថ្ងៃទី ៦ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន QQ បានរាយការណ៍ពីស្ថានភាបបច្ចុប្បន្នរបស់តារាសម្ដែងប្រុសចាស់វស្សាហុងកុង Lee Kin Yan ដែលបានបាត់មុខលើកញ្ចក់ទូរទស្សន៍ជាយូរមកហើយ។
ប្រភពខាងលើបានឲ្យដឹងថា តារាវ័យ៥៩ឆ្នាំ កាលពីឆ្នាំមុន បានដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់ទឹក ក្រោយពេលឈឺក្បាលមួយរយៈ។ ដោយសារតែហេតុការណ៍កើតឡើងលឿនពេកមិនអាចសង្គ្រោះទាន់ពេលវេលា ទើបអាការៈប្រែទៅជាកាន់តែធ្ងន់ធ្ងរ តែសំណាងល្អ លោកនៅរក្សាជីវិតបាន។
យ៉ាងណាក្ដី ហេតុការណ៍នេះបានបន្សល់ឲ្យតួរឿង តុលាការមុខដែក ពិការមួយចំហៀងខ្លួនជារៀងរហូត និយាយលែងបាន។ លោកបានសាកល្បងវិធីជាច្រើនដើម្បីរៀននិយាយវិញ តែនៅទៅមិនរួច។
សំណាងល្អ ក្រោមការមើលថែទាំម៉ត់ចត់ពីគ្រួសារ សុខភាពរបស់លោកចាប់ផ្ដើមល្អឡើងវិញ។ ទាក់ទងនឹងប្រពន្ធ លោក Kin Yan លោកស្រីបានប្រាប់ថា ស្វាមីខ្លួនពិតជាដាច់សរសៃឈាមពិតមែន តែមិនបានបង្ហើបច្រើននោះឡើយ។
Lee Kin Yan គឺជាតារាសម្ដែងល្បីឈ្មោះដែលតែងមានវត្តមានក្នុងរឿងរបស់ស្ដេចកំប្លែងទិន ហ្វី។ ទោះមិនបង្ហាញខ្លួនក្នុងរឿងច្រើនក៏ដោយ តែវត្តមានរបស់លោកម្ដងៗ ធ្វើឲ្យគេទប់សំណើចមិនបាន។ ខ្សែភាពយន្តដែលធ្វើឲ្យលោកល្បីឈ្មោះរួមមាន៖ តុលាការមុខដែក និស្សិតផ្ដាច់សង្ខារ និងក្រុមបាល់ទាត់សៅលីងជាដើម៕