រៀបការ​​ជាមួយ​អ្នក​ក្រ​មិន​គួរ​ឲ្យ​ខ្លាច​ដូច​រៀបការ​ជាមួយ​មនុស្ស​អន់​ចរិតទេ

  • 2020-05-29 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មួយ​ផ្នែក​ធំ​​ដ៏​មាន​ន័យ​នៃ​ជីវិត​មនុស្ស​ស្រី​គឺ​បាន​ប្ដី​ល្អ​ហ្នឹង​ហើយ តែ​បើ​ខុស​ប៉ះ​ចំ​ប្ដី​អាក្រក់​វិញ​ជីវិត​នាង​មិន​ខុស​ពី​ចុះ​នរក​ទេ។

​អ្វី​ដែល​ពិបាក​ទាយ​បំផុត​គឺ​មនុស្ស​ហ្នឹង​ហើយ​ព្រោះ​ថ្ងៃ​នេះ​ល្អ​ តែ​មិន​ដឹង​ថា​ថ្ងៃ​ក្រោយ​ទៅ​ជា​យ៉ាង​ម៉េច​ទេ។ មនុស្ស​ស្រី​បើ​រៀបការ​ជាមួយ​មនុស្ស​ខុស​គឺ​ជា​សុបិន​ដ៏​អាក្រក់​មួយ​ដែល​មាន​នៅ​ក្នុង​ជីវិត​ពិត។ ស្នាម​ញញឹម​តិច​ជាង​ទឹកភ្នែក ភាព​រីករាយ​តិច​ជាង​ភាព​សោកសៅ ក្ដីសុខ​ក៏​កាន់​តែ​តិច​ជាង​ក្ដី​ទុក្ខ។

អ្នក​ខ្លាច​រៀបការ​ជាមួយ​អ្នក​មិន​សូវ​មាន​លុយ​អ្នក​អាច​លំបាក​ទៅ​ថ្ងៃ​ក្រោយ ខ្លាច​គ្មាន​លុយ​ទិញ​ផ្ទះ​ល្អ​នៅ ទិញ​ឡាន​ថ្លៃ​ជិះ រួច​ក៏​សម្រេច​ចិត្ត​រៀបការ​ជាមួយ​អ្នក​មាន​ព្រោះ​គិត​ថា​អាច​នឹង​រស់​ស្រួល។ ប៉ុន្តែ​មនុស្ស​ស្រី​អើយ​រៀបការ​​ជាមួយ​អ្នក​ក្រ​មិន​គួរ​ឲ្យ​ខ្លាច​ដូច​រៀបការ​ជាមួយ​មនុស្ស​អន់​ចរិត និង​ហិង្សា​នោះ​ទេ។

គេ​អាច​នឹង​មាន​លុយ​ឲ្យ​អ្នក​ចាយ ផ្ទះ​ឲ្យ​អ្នក​នៅ ឡាន​ឲ្យ​អ្នក​ជិះ តែ​អ្នក​ធ្លាប់​គិត​ថា​គេ​អាច​ឲ្យ​សុភមង្គល​ពេញលេញ​ឲ្យ​អ្នក​ទេ?

យប់ឡើង​មិន​ដែល​នៅ​ផ្ទះ មក​វិញ​ស្រវឹង​ឡូឡា វាយដំ​អ្នក ជេរប្រទេច​អ្នក តើ​អ្នក​អាច​សប្បាយ​ចិត្ត​នឹង​លុយ​ដែល​គេ​ឲ្យ​អ្នក​ចាយ​ទេ? លើស​ពី​នេះ​គេ​អាច​មាន​ស្រី​ក្រៅ​រាប់​មិន​អស់ តើ​អ្នក​សប្បាយ​ចិត្ត​នឹង​ផ្ទះ​វីឡា​នោះ​ទៀត​ទេ? គេ​មើល​ងាយ​អ្នក​ថា​អ្នក​ចាយ​លុយ​គេ បើ​គ្មាន​លុយ​គេ​អ្នក​នឹង​គ្មាន​អី​ទាំង​អស់ តើ​អ្នក​នៅ​សល់​តម្លៃ​សម្រាប់​ខ្លួន​ទេ?

រៀប​ការ​ជាមួយ​អ្នក​មាន​ ឬ​អ្នក​ក្រ​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​តើ​អ្នក​ណា​អាច​ផ្ដល់​សុភមង្គល​ឲ្យ អ្នក​បាន​ពិត​ប្រាកដ។ រៀបការ​ជាមួយ​មនុស្ស​ចរិត​ល្អ​ទោះ​គេ​មិន​សូវ​មាន​បាន​ តែ​ថ្ងៃ​ក្រោយ​នឹង​មិន​ក្រ​រហាម​ឡើយ ព្រោះ​គេ​មាន​គំនិត​ លើស​ពី​នេះ​នៅ​ផ្ទះ​ល្មមៗ ជិះ​ត្រឹម​ម៉ូតូ​ក៏​គ្រាន់​បើ​ជា​ជិះឡាន​ជាមួយ​នឹង​ទឹកភ្នែក​ទឹកសំបោរ​ដែរ៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម