មូលហេតុទាំងនេះ អ្នកមានលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ គួរប្ដូរចាយលុយរៀលវិញ

  • 2020-05-28 11:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​សេចក្ដី​ដំណឹង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នា​មុន​បន្តិច​ឲ្យ​ដឹង​ថា ការ​ចរាចរ​ក្រដាស​ប្រាក់​ដុល្លារ​ដែល​មាន​ចំនួន​តូច​ ដូច​ជា ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នឹង​បន្តពិភាក្សាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីទៅដល់ការកំណត់​ពេលវេលាណា​មួយ​សម​ស្រប​ ដើម្បីផ្អាកការប្រើប្រាស់ទាំងស្រុង ដោយ​ជំនួស​ដោយ​ការ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​រៀល​វិញ​ សម្រាប់​ប្រតិបត្តិការ​ដែល​មាន​ទំហំ​តូច​។

ជាមួយ​គ្នា​នេះ​ ធនាគារ​ជាតិ​ក៏​ជូន​ដំណឹង​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​ឲ្យ​នាំ​យក​​ក្រដាស​ប្រាក់​ដុល្លារ​តូច​ៗ​ខាង​លើ​ ក្នុង​រយៈ​ពេល​៣ខែ​ ចាប់​ពី​ថ្ងៃ​ទី​ ០១​ ខែ​មិថុនា ដល់​ ៣១ ខែ​សីហា ឆ្នាំ​២០២០​ ​មក​ធនាគារ​ជាតិ ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដោយ​មិន​គិត​កម្រៃ​សេវា។ បន្ទាប់​ពី​ថ្ងៃទី​ ៣១ សីហា​ ឆ្នាំ​២០២០ ធនាគារ​ជាតិ​នឹង​ផ្ទេរ​ការ​ចំណាយ​ដឹក​ជញ្ជូន​ទៅ​ក្រៅ​ប្រទេស​លើ​ក្រដាស​ប្រាក់​ដុល្លារ​តូច​ៗ​ ដូច​បញ្ជាក់​ ឲ្យ​ទៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ជា​អ្នក​រ៉ាប់​រង​វិញ​។ ដោយ​ឡែក​ធនាគារ​ជាតិ​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ ១០ដុល្លារ​ឡើង​ទៅ​គឺ​ មិន​មាន​កម្រៃ​សេវា​។

ងាក​មក​មូលហេតុ​មួយ​ចំនួន​ ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចាប់​ផ្ដើម​រឹត​បន្តឹង​ក្រដាស​ប្រាក់​ដុល្លារ​ចំនួន​ ក្រោម​ហេតុ​ផល​នៃ​ទិដ្ឋភាព​បច្ចេកទេស​មួយ​ចំនួន​ដូច​ជា​៖

  • ការ​ធ្លាក់​ចុះ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជា​កសិករ​ដែល​មាន​ចំណូល​ជា​ប្រាក់​រៀល។
  • ធនាគារជាតិ​នៃ​កម្ពុជា​នៃ​ស្ថាប័ន​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​ដឹកញ្ជូន​រូបិយប័ណ្ណ​ចេញ​-ចូល​កម្ពុជា។ ករណី​ក្រដាស​ប្រាក់​ដុល្លារ​តូច​ នឹង​ចាស់​ ទក់ រហែក​ គឺ​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​គុណភាព​ ហើយ​ការ​ដឹក​ចេញ​ក្រដាស​ប្រាក់​នេះ ត្រូវ​ចំណាយ​ពលកម្ម​​ខ្ពស់។
  • ដៃ​គូ​ក្រៅ​ប្រទេស​ដែល​ជួយ​សម្រួល​ក្រដាស​ប្រាក់​ដុល្លារ​តូច​ៗ មាន​ចំនួន​តិច​ទៅ​ៗ​ និង​មាន​​ការ​រឹតបន្តឹង​ការ​ទទួល​ផងដែរ។​

គួរបន្ថែមថា ការអនុវត្តវិធានការខាងលើ មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារតូចៗទាំងនេះនៅលើទផ្សារឡើយ។

សូម​លោក​អ្នក​អាន​ការ​ពន្យល់​លម្អិត​បន្ថែម​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ខាងក្រោម​៖​​​​​

​​​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម