ខុសគ្នា ១៤​ឆ្នាំ​មែន​ពិត តែ Fan Bingbing ស្អាត​មិន​ចាញ់ Jennie ពេល​ពាក់​វ៉ែនតា​ប្រេន​តំណាង​តែ​មួយ​

  • 2020-05-19 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​អាយុ​ក្បែរ​សែសិប​ហើយ​មែន​ពិត តែ​តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Fan Bingbing នៅ​តែ​​បង្អួត​សម្រស់​មិន​ចាញ់​​តារា​​ស្រករ​ក្រោយ​ដែល​ជា​អ្នក​តំណាង​ប្រេន​តែ​មួយ​ជាមួយ​ខ្លួន។

កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៧ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing បាន​មាន​វត្តមាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ប៉េកាំង ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សៀងហៃ។ ដោយ​សារ​តែ​កម្រ​បង្ហាញ​ខ្លួន​នៅ​ទីសាធារណៈ វត្តមាន​របស់​ស្រី​ស្អាត​វ័យ ៣៨​ឆ្នាំ​លើក​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បណ្ដាញ​ព័ត៌មាន ក៏ដូច​ជា​របស់​ទស្សនិកជន​ជា​ខ្លាំង។

ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា តួរឿង ព្រះនាង​យេយេ​ស្គម​ជាង​មុន ហើយ​ស្អាត​ជាង​មុន​ក្រោយ​ពេល​សម្ងំ​នៅ​ផ្ទះ​អស់​មួយ​រយៈពេល។ បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ដែរ Fan Bingbing បាន​ប្រើ​សម្លៀកបំពាក់​ពី​ប្រេន​ដែល​ខ្លួន​ជា​អ្នក​តំណាង​ទាំង​អស់​ដូចជា Louis Vuitton និង Gentle Monster។

ទស្សនិកជន​បាន​សរសើរ​ប្រេន​ធំ​ៗ​ទាំង​២​ខាង​លើ​ជា​ខ្លាំង​ដែល​ទោះ​បី​ជា​កំពូល​តារា​រូប​នេះ ប្រទះ​រឿង​អាស្រូវ​គេច​ពន្ធ​ដ៏​ធំ​ក៏​ដោយ តែ​ពួក​គេ​មិន​បាន​បោះ​បង់​នាង​ឡើយ ដោយ​នៅ​តែ​រក្សា​នាង​ជា​អ្នក​តំណាង​ប្រចាំ​ប្រទេស​ចិន​ដដែល។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ បើ​ធៀប​នឹងកំពូល​តារា​​ចម្រៀង​កូរ៉េ Jennie ក្រុម Blackpink តំណាង​មក​ពីប្រទេស​កូរ៉េ ដែល​ទើប​មាន​វ័យ​តែ ២៤​ឆ្នាំ​នោះ​ ស្រី​ស្អាត​វ័យ ៣៨​ឆ្នាំ​នេះ ក៏​មិន​ចាញ់​ប្រៀប​ដែរ ដោយ​​ស្អាត​ម្នាក់​ម្យ៉ាង។

ហើយ​អ្វី​ដែល​អ្នក​គាំទ្ររឹត​តែ​ត្រេក​អរ​នោះ​គឺ Fan Bingbing អាច​មាន​សង្ឃឹម​ចូល​សិល្បៈបាន​វិញ​ហើយ ត្បិត​រឿង​របស់​នាង​មួយ​ចំនួន​ដូច​ជា មហិច្ឆតា​អ៊ូម៉ីនាង និង Yang Qui Fei ចាប់​ផ្ដើម​ត្រូវ​បាន​ចាក់​លើ​ទូរទស្សន៍​វិញ​ហើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម