កន្លែងគួររៀបចំទទួលទេវតាឆ្នាំថ្មី ដើម្បីនាំលាភសំណាងចូលផ្ទះ

  • 2020-04-07 08:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​​​មក​ដល់​ រឿង​ដែល​ប្រជាជន​ខ្មែរ​​ភាគ​ច្រើន​និយម​ធ្វើ​មុន​គេ​បង្អស់​ គឺ​ប្រាកដ​ជារៀបចំផ្ទះសម្បែង។ ប៉ុន្តែ​ការ​រៀប​ចំ​ផ្ទះ​សម្បែង​នេះ​ មិន​មែន​ចេះ​តែ​ធ្វើ​ៗ​នោះ​ទេ។ ការ​រៀប​ចំ​​ផ្ទះសម្បែង​សម្រាប់​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ ត្រូវ​បាន​អាចារ្យ​វត្ត​កំសាន្ត​ ក្នុង​រាជធានី​ភ្នំពេញ​ លោកតា​ សៅ សារឿន ​យល់​ថា​ សំខាន់​ណាស់​ ព្រោះ​វា​នឹង​ផ្ដល់​​សិរីសួស្ដី​សម្រាប់​​ឆ្នាំ​ថ្មី​។

Neak Leoung-sabay09

 

លោក ​តា​មាន​ប្រសាសន៍​ថា​ ដំបូង​ សមាជិក​គ្រួសារ​នីមួយៗ​គប្បី​បោស​សំអាត​ផ្ទះ​ជូត​ផ្ទះ​ បោស​ពីង​ពាង រៀប​ចំ​ទុក​ដាក់​របស់​របរ​ក្នុង​ផ្ទះ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ ជូត​លាង​ជាមួយ​សាប៊ូ​ បាញ់​ទឹក​អប់​ឲ្យ​ក្រអូប​សាយ​ពេញ​ផ្ទះ​ជា​ដើម​ ដើម្បី​ទទួល​បាន​សិរី​ជ័យ​លាភ​មង្គល​ និង​អារម្មណ៍​សប្បាយ​រីករាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី។

 

Happy-New-Year3

  ក្រោយ ​ពី​សម្អាត​ផ្ទះ​សម្បែង​ហើយ​ លោក​អាចារ្យ​ សៅ សារឿន​ មាន​ប្រសាសន៍​បន្ត​ថា៖ ​“គេ​អាច​តុប​តែង​ផ្ទះ​តាម​វិធី​របស់​គេ ​ដោយ​ផ្អែក​លើ​លទ្ធភាព​គ្រួសារ​នីមួយ​ៗ។ អ្នក​ខ្លះ​ជួល​គេ​មក​តុបតែង​ផ្ទះ​ ដោយ​ទិញ​គ្រឿង​លំអ​ រៀប​បិទ​បូ​ ឬ​ទិញ​បដា​រនាំង​បូ​ដែល​មាន​អក្សរ​ សួស្ដី​ឆ្នាំ​ថ្មី​ មក​បិទ​នៅ​ខ្លោងទ្វារ​ក៏​មាន”។

  អាចារ្យ​វត្ត​ដដែល ​ពន្យល់​ពី​សិរីសួស្ដី​បាន​មក​ពី​ការ​តុបតែង​លំនៅឋាន​នេះ​ថា៖ “ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី អ្វីៗ​ត្រូវ​ផ្លាស់​ប្ដូរ​ លាង​ជម្រះ​​រឿង​អាក្រក់​ចាស់​ចោល​ មក​ចាប់​យក​រឿង​ល្អ​ថ្មី​ៗ​ពី​ឆ្នាំ​ថ្មី​ ទើប​នាំ​ឲ្យ​ចិត្ត​របស់​យើង​ជ្រះ​ស្រលះ​ទៅ​តាម​នោះ។ បើ​សិន​ជា​មាន​របស់​បែក​បាក់​ ឬ​ខូច​​ ត្រូវ​យក​ទៅ​ជួស​ជុល​ ឬ​ផ្លាស់​ដោយ​របស់​ថ្មី​ទៅ​តាម​លទ្ធភាព”។

លើស​ពី​នេះ​ អាចារ្យ​វត្ត​បន្ថែម​ថា​ បើ​ម្ចាស់​ផ្ទះ​នីមួយ​ៗ​​អាច​និមន្ត​ព្រះសង្ឃ​មក​ប្រោះ​ព្រំ​ដើម្បី​បើក​ សិរីសួស្ដី​ទៀត​ គឺ​រឹត​តែ​ល្អ​​ នឹង​នាំ​សេចក្ដី​សុខ​​ចម្រើន៕  

អត្ថបទ៖ លឹម​ សុនា

អត្ថបទពេញនិយម