ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍
- 2020-04-07 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍
សល់តែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងឈានចូលមកដល់។ ប្រជាពលរដ្ឋនៅទូទំាងប្រទេសនឹងបានឈប់សម្រាកគ្រប់ៗគ្នាដោយវិលត្រឡប់មកលេងស្រុកកំណើតរៀងៗខ្លួន។ ស្របពេលនឹងស្ថានភាពជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាជនខ្មែរមួយចំនួនខ្លាចរអាក្នុងការដើរកម្សាន្តឆ្ងាយៗ ទៅទទួលអាហារនៅខាងក្រៅ ពិសេសគឺការជួបជុំមនុស្សច្រើនកុះករ។ យ៉ាងនេះហើយ ស្របពេលខែបុណ្យទានជាថ្ងៃឈប់សម្រាកដ៏ល្អជួបជុំក្រុមគ្រួសារនោះ អ្នកអាចលៃគិតធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍រួមមានដូចជា៖
១. ចម្អិនម្ហូបអាហារដោយផ្ទាល់ដៃជូនព្រះរស់
ជារៀងកត្តញ្ញូប្រកបដោយសេចក្តីជ្រះថ្លា កូនប្រុសកូនស្រីគប្បីចេះលៃធ្វើបាយសម្ល បង្អែមនំចំណីឆ្ងាញ់ជូនលោកពិសា។ សាកគិតមើលទៅថា ក្នុងមួយឆ្នាំមានម្តងអ្នកអាចនឹងរវល់ការសិក្សារៀនសូត្រ ធ្វើការ ពុំមានពេលនៅជាមួយលោកទាំងពីរច្រើនឡើយ ដូច្នោះឆ្លៀតក្នុងថ្ងៃបុណ្យទាននេះ អ្នកអាចធ្វើបាយសម្ល និងនំចំណីដោយផ្ទាល់ដៃជូនលោកអ្នកមានគុណពិសាដើម្បីសុំពរជ័យសិរីសួស្តីឲ្យបានសេចក្តីសុខសប្បាយ។
២. បង្សុកូលនៅផ្ទះ ឬ ចែកទានដល់ជនក្រីក្រនៅក្នុងភូមិ
ពិធីបង្សុកូលនេះមិនតម្រូវឲ្យធ្វើគ្រប់ផ្ទះឡើយ គឺអាស្រ័យទៅតាមទម្លាប់របស់គ្រួសារនីមួយៗ។ ជាធម្មតា ការបង្សុកូលគឺតែងធ្វើនៅថ្ងៃទី២ ដោយនិមន្តព្រះសង្ឍអមនឹងលោកអាចារ្យមកបង្សុកូលដល់ញាតិការទាំងឡាយណាដែលបានចែកឋានទៅ និងសុំសេចក្តីសុខសួស្តីដល់សមាជិកក្រុមគ្រួសារទាំងមូល។ ក្រៅពីការបង្សុកូល អ្នកអាចធ្វើទានចំពោះជនក្រីក្រទុគ៌តដើម្បីទទួលបានមគ្គផលសម្រាប់ខ្លួនយើងនិងក្រុមគ្រួសារយើងទាំងមូល។ អ្នកអាចធ្វើទានតិចក្តីច្រើនក្តីទៅតាមការសុទ្ធាជ្រះថ្លារៀងៗខ្លួន។
៣. លេងល្បែងកម្សាន្តប្រជាប្រិយជួបជុំបងប្អូន
ថ្វីត្បិតតែការជួបជុំលេងល្បែងប្រជាប្រិយនៅក្រៅមនុស្សច្រើនត្រូវបានកាត់បន្ថយ មិនមែនមានន័យថាអ្នកអាចលេងសប្បាយមិនបាននោះទេ។ អ្នកអាចទិញអង្គុញសម្រាប់បោះលេងបងប្អូន ញាតិមិត្តរបស់អ្នកនៅផ្ទះបាន។ ក្រៅពីនេះ អ្នកអាចលេងលាក់កន្សែង ពង្រាត់កូនកម្លោះកូនក្រមុំ បោះឈូង វាយក្អម នៅជាមួយសមាជិកគ្រួសារបានយ៉ាងរីករាយ។ ការលេងបែបនេះមិនត្រឹមតែនាំភាពរីករាយដ៏គ្រួសារប៉ុណ្ណោះទេ វាថែមទាំងជួយអភិរក្សល្បែងកម្សាន្តប្រជាប្រិយខ្មែរបានថែមទៀតផង។
៤. ធ្វើពិធីស្រង់ព្រះរស់
ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ៣ ថ្ងៃ អ្នកអាចធ្វើពិធីស្រង់ព្រះរស់បាននៅផ្ទះបាន។ អ្នកគប្បីរៀបចំទឹកក្នុងធុងលាយជាមួយទឹកអប់ ផ្កាឈូក ផ្កាម្លិះ សម្រាប់មុជទឹកឲ្យលោកឳពុកអ្នកម្តាយដើម្បីសុំពរជ័យនិងសុំខមាទោស ការឆ្គំាឆ្គងដោយប្រការណាមួយពីលោកទាំងពីរ។
តោះ! មករៀនធ្វើបង្អែមពងមាន់នំអ៊ីទុកញុំាជុំគ្រួសារ ក្នុងឱកាសចូលឆ្នាខ្មែរ
៥. បង្កើនបរិយាកាសសប្បាយរីករាយក្នុងក្រុមគ្រួសារ
ខែចែត្រចូលឆ្នំា ជារៀងរាល់ឆ្នាំនៅតាមវត្តអារាមមួយចំនួនមានកម្មវិធីលេងល្បែងកម្សាន្ត ការរំាច្រៀងលេងជាច្រើន។ តែដោយឡែកឆ្នាំនេះ កម្មវិធីអស់ទាំងនេះមិនតម្រូវឲ្យមានការជួបជុំមនុស្សច្រើនទេដើម្បីចៀសវាងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ បើដូច្នោះមែន ហេតុអ្វីបានជាអ្នកមិនបង្កើតបរិយាកាសរីករាយក្នុងក្រុមគ្រួសាររបស់អ្នក? ជារឿងងាយស្រួលទេ អ្នកអាចច្រៀងចម្រៀងប្រពៃណីជាតិចូលឆ្នំាខ្មែរ រាំលេង ជាមួយសមាជិករបស់អ្នកបានយ៉ាងស្រួលនិងមានសុវត្ថិភាព៕
ចុចអានបន្ត៖
គ្រឿងរណ្តាប់សម្រាប់សូត្រមន្តលើករាសីនៅផ្ទះមុនចូលឆ្នាំ