៥កន្លែងល្អបំផុតសម្រាប់អ្នកកំពុងធុញថប់ ចង់ដើរលេងលំហែឲ្យស្រស់ស្រាយ
- 2019-08-07 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥កន្លែងល្អបំផុតសម្រាប់អ្នកកំពុងធុញថប់ ចង់ដើរលេងលំហែឲ្យស្រស់ស្រាយ
ជួនកាលអ្នកក៏ចង់លំហែអារម្មណ៍ដែរ ព្រោះនឿយណាយនឹងការងារ ការសិក្សាពេក។ ៥កន្លែងនេះ មានទាំងក្នុងស្រុកនិងក្រៅស្រុកល្អបំផុតសម្រាប់ដើរលេង។
១. កោះ Cockcombe រាងបេះដូងនៅមីយ៉ាន់ម៉ា
កន្លែងដើរលេងបំបាត់ទុក្ខប្រៀបដូចផឹកឱសថទិព្វនៅប្រទេសមីយ៉ាន់ម៉ា គឺនៅកោះ Cockcombe ដែលភាពអស្ចារ្យរបស់កោះនេះ មានទឹកថ្លាឈ្វេងចេញជារាងបេះដូង យ៉ាងរ៉ូមែនទិក។ ដើមឈើឡោមព័ទ្ធជុំវិញ បូករួមនឹងពណ៌ទឹកថ្លាដូចត្បូងមរកត ធ្វើឲ្យកោះនេះជាទីទាក់ទាញក្រៃលែងសម្រាប់មជ្ឈដ្ឋានទូទៅ។ កោះCockcombe ស្ថិតនៅតាមជួរនឹងសមុទ្រអាដាម៉ាន ដែលមានចម្ងាយប្រហែល ៨១ .២ Km ពីឆ្នេររ៉ាណុង។
រឿងសំខាន់បំផុតមិនគួររំលងពេលមកលេងដែនកោះនេះ គឺកុំភ្លេចងូតទឹកលេង មើលផ្កាថ្ម ត្រីសមុទ្រចម្រុះពណ៌ ព្រមទាំងជិះទូកកម្សាន្តលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
២. ទឹកថ្លាដូចមរកត Blue Lagoon Vang Vieng នៅឡាវ
ឆៀងហោះហើរមកដល់ទឹកដីប្រទេសឡាវ លោកអ្នកគួរមកលេងស្រះ Blue Lagoon ដែលមានទឹកថ្លាត្រជាក់ដូចឥសីជប់កណ្ដាលព្រៃ។ ចង់ទទួលអារម្មណ៍ស្ងប់ស្ងាត់តាមបែបធម្មជាតិ មើលត្រីហែល ស្ដាប់សំឡេងសត្វយំ និងគយគន់ព្រៃព្រឹក្សា Blue Lagoon ស័ក្ដិសមសម្រាប់អ្នកបំផុត។ បើអ្នកមិនចេះហែលទឹក គេក៏មានជួលពោង និងអាវពោងសម្រាប់លោកអ្នកផងដែរ ដោយចាប់បើកពីម៉ោង៧កន្លះព្រឹក ដល់ម៉ោង៥កន្លះល្ងាច។
៣. សាប៉ានៅវៀតណាម
អ្នកប្រាកដជាធ្លាប់លឺទីក្រុងសាប៉ាដែលល្បីមានព្រិលទឹកកកធ្លាក់ក្នុងវេលាសិសិរដូវមិនខាន ដែលទីក្រុងនេះនៅជាប់នឹងព្រំដែនប្រទេសចិន។ សម្រាប់អ្នកចង់ប៉ះព្រិល និងផ្សែងអ័ព្ទក្រាស់ គេនឹងធ្វើដំណើរទៅទីក្រុងមួយនេះតាមតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម។ ប៉ុន្តែក្រៅពីព្រិល សាប៉ាក៏មានល្បីល្បាញ ដែលទេសចរអាចដើរលេងលក្ខណៈផ្សងព្រេងតាមព្រៃ សិក្សាពីវប្បធម៌នៅភូមិ Hmong Yao មើលទេសភាព ៣៦០ ដឺក្រេនៅភូមិ Ban Lach ងូតទឹកលេងលំហែអារម្មណ៍ និងគយគន់ទេសភាពនៅ Topas Ecolodge ផងដែរ។
៤. កោះរ៉ុងនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា
កោះជាប់ឈ្មោះស្អាតជាងគេមួយនេះល្បីល្បាញដោយសារមានទឹកថ្លាត្រជាក់កាយ បូករួមនឹងឆ្នេរខ្សាច់វែងអន្លាយស្អាតដូចត្បូងគ្រីស្តាល់អមដោយទេសភាពគាប់ភ្នែក។ សម្រាប់អ្នកចង់បានភាពរ៉ូមែនទិកនឹងធម្មជាតិ កុំស្ទាក់ស្ទើរមកលេងកោះរ៉ុង។ លោកអ្នកអាចជិះរថយន្តក៏បាន យន្តហោះក៏បានមកក្រុងព្រះសីហនុ រួចបន្តដោយជិះកាណូត ឬទូកល្បឿនលឿនពីកំពង់ផែឆ្នេរអូឈើទាល មកដែនកោះរ៉ុង។
៥. ល្អាង Batu នៅម៉ាលេស៊ី
ល្អាង Batu ត្រូវគេចាត់ទុកជាគោលដៅទេសចរណ៍ស្រស់ស្អាតបំផុតនៅម៉ាលេស៊ី ដែលសូម្បីក្រុមហ៊ុនទេសចរណ៍ណាក៏មិនភ្លេចនាំភ្ញៀវរបស់ពួកគេមកលេងទីនេះដែរ។ វាជាកន្លែងគោរពសាសនាធំមួយដែលមានរូបសំណាកហិណ្ឌូធំនៅចំពីមុខតែម្ដង។ នៅពេលលោកអ្នកឡើងតាមជណ្ដើរទៅដល់កំពូលខាងលើ អ្នកនឹងឃើញទេសភាពស្រស់ស្អាតជុំវិញទីនោះ។ លោកអ្នកអាចជ្រើសរើសមធ្យោបាយធ្វើដំណើរច្រើនយ៉ាងដើម្បីទៅដល់ល្អាងល្បីល្បាញមួយនេះ តាមឡាន តាក់ស៊ី រថភ្លើង រថយន្តក្រុង ក្នុងទីក្រុងកូឡាឡាំពួរ។
ចុចអាន៖ ៧ប្រទេស គួរចំណាយពេលទៅលេងម្តង ធានាថាជាប់ចិត្តលែងស្រ្តេស