ម៉ាឡេស៊ី​អញ្ជើញ​អ្នក​សារព័ត៌មាន​ និង Blogger ពី​១០​ប្រទេស​ទៅ​​​ភ្លក់អាហារប្រចាំតំបន់ច្រើនកន្លែង

  • 2019-04-22 06:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទីភ្នាក់ងារ​ទេសចរណ៍​ម៉ាឡេស៊ី​បាន​រៀប​ចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច Mega Fam ក្រោម​ប្រធានបទ "មក​​ឃ្លាន ទៅ​វិញ​​ឆ្អែត​ និង​ពេញ​ចិត្ត"​ ដោយ​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន និង​ Blogger ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២១​រូប​ដើម្បី​​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ និង​អាហារ​របស់​ប្រទេស​ម៉ាឡេ​ស៊ី ព្រម​ទាំង​​​មាន​ឱកាស​ភ្លក់​ម្ហូប​ចម្អិន​ដោយ​រូបមន្ត​ពិសេសៗ និង​មាន​នៅ​តែ​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ ដូចជា Otak-Otak, Onde-Onde, និង​អយស្ទ័រ​ជា​ដើម។

អ្នក​សារព័ត៌មាន និង Blogger ទាំង​២១​រូប​មក​ពី​​១០​ប្រទេស​រួម​មាន កម្ពុជា​២​រូប ចិន​៣​រូប ឥណ្ឌា​១​រូប ឥណ្ឌូនេស៊ី​១រូប ជប៉ុន​៣រូប ហ្វីលីពីន​២​រូប កូរ៉េ​ខាង​ត្បូង​២​រូប តៃវ៉ាន់​​២​រូប ថៃ​៣​រូប និង​វៀតណាម​២​រូប បាន​ធ្វើ​ដំណើរ​កម្សាន្ត និង​ទស្សនកិច្ច​ទៅ​តាម​តំបន់​ទេសចរណ៍ ភោជនីយដ្ឋាន​ល្បីៗ និង​ស្នាក់នៅ​សណ្ឋាគារ​ប្រណីតៗ​​រយៈ​ពេល​៤​យប់ ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៦ មេសា ដល់​ថ្ងៃ​ទី១៩ មេសា ២០១៩។

ថ្ងៃ​ទី​១៖

នៅ​ពេល​ព្រឹក យើង​បាន​ទៅ​ទស្សនកិច្ច​នៅ​ Baba Charlie Nyonya Cake ​ដែល​ហាង​ធ្វើ​នំ និង​បង្អែម​ដ៏​ពិសេស​ប្រចាំ​​​ក្រុង​​ប្រវត្តិសាស្ត្រ​​ម៉ាឡាកា ​​ដោយ​ផ្ដល់​ឱ្យ​អ្នក​ទេសចរណ៍​នូវ​ជម្រើស​នំ និង​បង្អែម​ជា​ច្រើន​ប្រភេទ។ អ្វី​ដែល​កាន់​តែ​ពិសេស គឺ​ទេសចរ​​​​អាច​មើល​ឃើញ​ពី​គ្រឿងផ្សំ និង​ដំណើរការ​ធ្វើ​​នំ​​​ដោយ​ផ្ទាល់​​ ព្រោះ​​​នំ​​ទាំង​នោះ​ត្រូវ​ធ្វើ​ភ្លាម​ ដាក់​លក់​ភ្លាម​តែ​ម្ដង ហើយ​នំ​ដែល​ល្បី និង​លក់​ដាច់​ជាង​គេ​គឺ​នំ Onde-Onde ដែល​មាន​រសជាតិ​ស្រដៀង​គ្នា​នឹង​នំ​ផ្លែ​អាយ។

សម្រាប់​ទេសចរ​ដែល​បាន​ទៅ​ដល់​ទឹក​ដី ម៉ាឡាកា​នឹង​មិន​ដែល​រំលង​​ការ​ចូល​មើល និង​ទិញ​នំ​ឆ្ងាញ់ៗ​​នៅ​ហាង​ Baba Charlie Nyonya Cake នេះ​ឡើយ ជា​ពិសេស​បើ​អ្នក​ទៅ​ថ្ងៃ​អាទិត្យ អ្នក​នឹង​ឃើញ​មាន​មនុស្ស​កកកុញ​​នៅ​ក្នុង​ហាង ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក។ ហាង​​នំ​ដ៏​ល្បី​ឈ្មោះ​នេះ​ចាប់​បើក​ពី​ម៉ោង​១០:៣០ ព្រឹក ដល់​៣រសៀល និង​ឈប់​សម្រាក​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ចេញ​ពី​ហាង Baba Charlie Nyonya Cake អ្នក​ចូលរួម​យើង​បាន​ទៅ​​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយដ្ឋាន Nyonya 63 ដែល​មាន​ចុងភៅ​ល្បី​ឈ្មោះ និង​បាន​រីករាយ​ជាមួយ​ការ​តុបតែង​ហាង​បែប​បុរាណ និង​មាន​អាហារ​ឆ្ងាញ់ៗ​ប្រចាំ​​ក្រុង​ម៉ាឡាកា។

បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​ដ៏​មាន​ឱជារស​រួច​មក យើង​ក៏​បន្ត​ដំណើរ​ទៅ​​ដល់​ច្រក​ម៉ាឡាកា​ដើម្បី​ទស្សនា​ទិដ្ឋភាព និង​ទេសភាព​នៃ​វិហារ​គ្រឹស្ត ​កន្លែង​បាញ់​ទឹក Queen Victoria និង​ Stadhuys ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ពណ៌​ក្រហម​ និង​មាន​នាឡិកា​​ពណ៌​ក្រហម​នៅ​ក្បែរ​នោះ។

ចេញ​ពី​នោះ យើង​បាន​ទៅ​ដល់​​ក្រុង Muar នៃ​រដ្ឋ Johor​ដែល​ជា​ក្រុង​ដ៏​ពេញ​និយម និង​ល្បីល្បាញ​ខាង​​ទិដ្ឋភាព​សំណង់​មុន​សង្គ្រាម អាហារ និង​កាហ្វេ ដើម្បី​ភ្លក់​រសជាតិ​អាហារ​ប្លែក​ម្យ៉ាង​ឈ្មោះ​ថា Otak-Otak ដែល​ជា​ត្រី​កិន​លាយ​ជាមួយ​គ្រឿង​និង​ម្ទេស​ហើយ​ខ្ចប់​ស្លឹក​ចេក ឬ​ស្លឹក​ដូង​អាំង​ឈ្ងុយ​ឆ្ងាញ់។

យើង​ក៏​បាន​បន្ត​ដំណើរ​ដោយ​ជិះ​ទូក​ធំ​ទៅ​ញ៉ាំ​អយស្ទ័រ​ដែល​ស្រស់ និង​មាន​រសជាតិ​ពិសេស​រក​ថា​មិន​ត្រូវ។ អ្នក​នឹង​រីករាយ​ជាមួយ​អយស្ទ័រ​៤​រសជាតិ​​ដែល​អ្នក​នេសាទ​រក និង​ចម្អិន​ភ្លាមៗ​ជាមួយ​ទេសភាព​សមុទ្រ​ថ្ងៃ​រៀបលិច​ពណ៌​មាស​ស្រទន់ និង​ក្លិន​សមុទ្រ​ប្រហើរ​រំសាយ​អារម្មណ៍។ Oyster Bay Muar ចាប់​បើក​ពី​ម៉ោង​៦​ល្ងាច​ដល់​ ម៉ោង​១១​យប់។

ឈាន​ដល់​វេលា​យប់ យើង​បាន​ទៅ​ដល់​ Homestay Parit Bugis ដើម្បី​ទទួល​យក​បទពិសោធន៍​នៃ​ការ​ញ៉ាំ​អាហារ​ដោយ​ប្រើ​ដៃ ដែល​ជា​ទំនៀមទម្លាប់​របស់​សហគមន៍​អ្នក​ស្រុក​ម៉ាឡេ-ជ្វា និង​បាន​ទស្សនា​ការ​សម្ដែង Barongan យ៉ាង​ជក់​ចិត្ត។

ថ្ងៃ​ទី២

យើង​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយដ្ឋាន R&H Cafe, Satay Maharani នៅ​ក្រុង​ Muar ដែល​ជា​​ការ​ញ៉ាំ​សាច់​អាំង​សាតេ​​ដ៏​ល្បី​ប្រចាំ​តំបន់។ កន្លែង​បន្ទាប់ គឺ​ឆ្ពោះ​ទៅ​​ក្រុង​ Johor Bahru ដែល​ជា​​រដ្ឋធានី​នៃ​រដ្ឋ Johor ​ដើម្បី​សាក​ល្បង​មី​រីបស (Mee Rebus) នៅ​ភោជនីយដ្ឋាន ZZ Sup Tulang។

ក្រោយ​អាហារ​ថ្ងៃ​ត្រង់​ យើង​បាន​ទៅ​ដល់​​សិប្បកម្ម និង​រោងជាង​ Johor Craft Complex ដែល​ធ្វើ​របស់​របរ​សិល្បៈ​សម្រាប់​តន្ត្រី និង​សិល្បៈ​ដទៃទៀត។ ឈាន​ដល់​ពេល​យប់ អ្នក​សារព័ត៌មាន​ និង​ Blogger ទាំង​២១​រូប​ក៏​ត្រូវ​បាន​នាំ​ទៅ​សាក​អាហារ​ឥណ្ឌា​ដ៏​ល្បី​ឈ្មោះ​ Spice Villa ហើយ​មុខ​ម្ហូប​ដែល​ល្បី និង​លក់​ដាច់​បំផុត​គឺ ការី​ក្បាល​ត្រី។

ថ្ងៃ​ទី៣

យើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ចម្ការ Desaru ដោយ​បាន​ដើរ​មើល​ការ​ដាំ​ផ្លែ​ឈើ​ និង​បន្លែ​ធម្មជាតិ​ជាង​១០០​មុខ និង​បាន​ភ្លក់​អាហារ​ដែល​ចម្អិន​ដោយ​ផ្លែឈើ និង​បន្លែ​​ក្នុង​ចម្ការ​តែ​ម្ដង។ អាហារ​ដែល​ខាង​ចម្ការ Desaru បាន​ចម្អិន​ដល់​អ្នក​ទេសចរ​យើង​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់ ដូច​ជា សម្ល Asam Pedas ដែល​ប្រើ​ផ្លែ​ផាសិន និង​​សម្ល Masak Lemak Nangka ដែល​ប្រើ​ផ្លែ​ខ្នុរ​ខ្ចី​ជា​​បន្លែ​គោល។

បន្ទាប់​មក​ទៀត យើង​ក៏​បាន​បន្ត​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​ Desaru Coast Adventure Waterpark ដោយ​បាន​កម្សាន្ត​ជាមួយ​ឧបករណ៍​លេង​ទឹក​ជា​ច្រើន​ប្រភេទ និង​ទទួល​បាន​បទ​ពិសោធន៍​រំភើប​ក្នុង​រមណីយដ្ឋាន​ទាំង​មូល។

ដល់​ពេល​យប់ យើង​បាន​ Check in ចូល​ស្នាក់​នៅ សណ្ឋាគារ​និង​រមណីយដ្ឋាន Tunamaya Beach and Spa និង​បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Nelayan Seafood by the Coast​ ជាមួយ​គ្រឿង​សមុទ្រ​ស្រស់ៗ មិន​អាច​បំភ្លេ​ចបាន ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​មុខ​ម្ហូប​មាន់​ទឹក​កក ដែល​ជា​មាន់​បំពង​ស្រួយ​ជូរ​អែម​ដាក់​លើ​ដុំ​ទឹកកក​តូច ដោយ​មាន​ផ្លែ​គូលេន​លាយ​ជាមួយ។

ថ្ងៃ​ទី៤

ក្រុម​អ្នក​ចូល​រួម​យើង​បាន​វិល​ពី​ Johor មក​កាន់រដ្ឋ​​មួយ​ទៀត​ឈ្មោះ​ថា Negeri Sembilan និង​បាន​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​សណ្ឋាគារ Royale Chulan Seremban។ ពេល​ល្ងាច​មក​ដល់ ក្រុម​យើង​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​យប់ ៥​ថ្ងៃ​នៃ​ការ​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ពិធី​លាង​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​​ Restoran Rebung Dato' Chef Ismail ដែល​ជា​ភោជនីយដ្ឋាន​​បង្កើត​ឡើង​ដោយ​ចុង​ភៅ​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ គឺ​ចុងភៅ Haji Ismail Ahmad និង​មិត្ត​ភ័ក្ដិ​របស់​លោក​ដែល​ជា​អវកាសយានិក​​ម៉ាឡេ​ដំបូង​គេ​ គឺ​លោក Datuk Dr. Sheikh Muszaphar Shukor។

នៅ​ទី​នោះ ក្រុម​អ្នក​ចូល​រួម​បាន​​រៀន​​ពី​វិធី​ធ្វើ​ម្ហូប​និង​នំ​​ម៉ាឡេ​៣​មុខ និង​បាន​បែង​ចែក​ជា​ក្រុម​ប្រកួត​ធ្វើ​ម្ហូប​ទៀត​ផង។

គួរ​បញ្ជាក់​ថា កម្មវិធី Mega Fam គឺ​ជា​កម្មវិធី​​ដំណើរ​កម្សាន្ត​មួយ​ក្នុង​ចំណោម​កម្មវិធី​ធំៗ​របស់​ទីភ្នាក់ងារ​ទេសចរណ៍​ម៉ាឡេស៊ី​ដែល​តែង​តែ​អញ្ជើញ​អ្នក​សារព័ត៌មាន​ទាំង​កាសែត​បោះពុម្ព និង​អនឡាញ Blogger ស្ថាប័ន​ទូរទស្សន៍​​ពី​អន្តរជាតិ​​មក​​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល​របស់​ម៉ាឡេ​ទៅ​កាន់​ពិភពលោក។

កម្មវិធី​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​អាកាសចរ​​ជាតិ​និង​អន្តរជាតិ​ដូច​ជា AirAsia Berhad (AirAsia) , Malaysia Airlines Berhad (MAB) និង Malindo Airways Sdn Bhd (Malindo) ព្រម​ទាំង​សណ្ឋាគារ​​ម៉ាឡេស៊ី​មួយ​ចំនួន រួម​ជាមួយ​រដ្ឋាភិបាល​ផង៕

អត្ថបទ៖ សរ សុគន្ធី