ចង់ជិះរថភ្លើងមើលទេសភាពនៅស្រុកខ្មែរ និងបានសប្បាយ ត្រូវដឹងរឿង៧យ៉ាងនេះសិន
- 2018-08-19 03:04:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជិះរថភ្លើងមើលទេសភាពនៅស្រុកខ្មែរ និងបានសប្បាយ ត្រូវដឹងរឿង៧យ៉ាងនេះសិន
ធ្វើដំណើរតាមរថភ្លើងគយគន់ទេសភាពតាមដងផ្លូវពីភ្នំពេញទៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ កំពត ក្រុងព្រះសីហនុ បាត់ដំបង ប៉ោយប៉ែត ពោធិ៍សាត់ កំពង់ឆ្នាំង និងតាមខេត្តមួយចំនួនទៀត ដែលខ្សែរថភ្លើងឆ្លងកាត់ កំពុងទាក់ទាញមនុស្សជាច្រើនឲ្យចាប់អារម្មណ៍ចង់សាកល្បង។ ខាងក្រោមនេះគឺជាបទពិសោធន៍ផ្ទាល់របស់ក្រុមការងារ Sabay ពេលជិះរថភ្លើងពីភ្នំពេញទៅបាត់ដំបង ពីចំណុចសំខាន់ៗគួរដឹង៖
១. ត្រូវទៅដល់ស្ថានីយឲ្យបានមុនម៉ោងយ៉ាងតិចកន្លះម៉ោង
ជាទូទៅរថភ្លើងចាប់ផ្ដើមវិលកង់នៅម៉ោង៧ ឬ៧ និង៣០នាទី។ ដូច្នេះគួរទៅរង់ចាំមុននៅម៉ោង៦ព្រឹក ដើម្បីរង់ចាំយកសំបុត្រដោយឥតគិតថ្លៃ។ សំបុត្រដែលត្រូវយកនោះមិនពិបាកទេ គ្រាន់តែប្រាប់ភ្នាក់ងារលក់សំបុត្រថាទៅប៉ុន្មាននាក់ នោះគេនឹងផ្ដល់សំបុត្រ១សន្លឹកសម្រាប់មនុស្សមួយក្រុមតែម្ដង មិនមែនគ្នា១០នាក់សំបុត្រ១០ឡើយ។ ស្ថានីយរថភ្លើងនៅរាជធានីភ្នំពេញ គឺទល់មុខអគារវឌ្ឍនៈ ក្បែរសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
២. អាចយកម៉ូតូកង់ទៅបានតែមានចំនួនកំណត់
បើសិនជាមានគម្រោងចង់យកកង់ ឬម៉ូតូ អាចដាក់ទៅបាន ប៉ុន្តែត្រូវទៅឲ្យបានលឿន ដើម្បីបុគ្គលិកក្រុមហ៊ុនរថភ្លើងងាយស្រួលរៀបចំជូន។ បើតាមការបញ្ជាក់របស់បុគ្គលិកម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ថា ម៉ូតូអាចដាក់ទៅតាមបានជាង១០គ្រឿងប៉ុណ្ណោះ។ ដូចនេះបើចង់យកតាមគួរទៅឲ្យបានមុនគេ។
៣. គួរដាក់អាហារទៅតាមខ្លួន
ដោយសាររថភ្លើងមិនអាចឈប់បានភ្លាមៗដូចរថយន្តក្រុងបានឡើយ បើចង់ឈប់ទិញរបស់ញ៉ាំគឺពិបាក។ ម្យ៉ាងវិញទៀត នៅតាមផ្លូវជាតំបន់វាលស្រែ ព្រៃភ្នំ ពុំមានកន្លែងលក់អីញ៉ាំឡើយ។ បើមិនដាក់ទៅមុខជាយ៉ាប់ហើយ ព្រោះទម្រាំដល់កន្លែងឈប់បាយថ្ងៃត្រង់ត្រូវរង់ចាំដល់ខេត្តពោធិ៍សាត់ខ្ទង់ម៉ោង២រសៀលជាងឯណោះ។
៤. ហាមចេញក្រៅទូរថភ្លើងផ្ដេសផ្ដាស
នៅតាមទូរថភ្លើងនីមួយៗមានអ្នកចាំរក្សាសណ្ដាប់ធ្នាប់ជូន ជាសមត្ថកិច្ចផង និងជាបុគ្គលិកក្រុមហុនរថភ្លើងផង។ ក្នុងនោះគេហាមមិនឲ្យចេញក្រៅទូរថភ្លើងថតរូបផ្ដេសផ្ដាសឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។
៥. ពេលឈប់ដាក់អ្នកដំណើរតាមផ្លូវហាមចុះផ្ដេសផ្ដាស
មានករណីមួយទៀតរថភ្លើងឈប់ដើម្បីដាក់អ្នកដំណើរ តែមិនមែនឈប់សម្រាករយៈពេលយូរឡើយ។ ដូចនេះហាមចុះដាច់ខាត ប្រយ័ត្នរត់ភ្លើងចេញចោល។ ជាក់ស្ដែងពេលក្រុមការងារ Sabay ធ្វើដំណើរទៅបាត់ដំបង មានបងប្រុសម្នាក់បានចុះពេលរថភ្លើងដាក់ភ្ញៀវ ដើររកទិញអីហូប ស្រាប់តែត្រូវរត់តាមភ្លើងពីក្រោយឡើងបែកញើសជោក តែសំណាងល្អរត់ទាន់កុំអីមិនដឹងធ្វើយ៉ាងណាទេ។
៦. ហាមជក់បារីដាច់ខាត
ដូចដែលដឹងហើយបារីហាមជក់ដាច់ខាតនៅទីសាធារណៈ នៅភោជនីយដ្ឋាន ឬនៅលើរថយន្ត។ មិនខុសគ្នាដែរនៅលើរថភ្លើងហាមបង្ហុយផ្សែងបារីឲ្យសោះ ប្រយ័ត្នអ្នកជិះដទៃទៀត ព្រួតគ្នាថាស្ដីខ្មាសគេទៅ។
៧. ហាមចុះភ្លាមៗពេលដែលរថភ្លើងពុំទាន់មានលំនឹង
ពេលរថភ្លើងឈប់ឲ្យចុះ ត្រូវរង់ចាំកង់ឈប់វិលតែម្ដងចាំចុះ។ មានករណីខ្លះអ្នកជិះគ្រាន់តែឃើញរថភ្លើងឈប់សន្សឹមៗនាំគ្នាចុះបាត់។ បែបនេះអាចបង្កឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ៕
សូមមើលវីដេអូខាងក្រោមនេះដើម្បីលម្អិត៖