បើបាន​ទៅ​លេង​ថៃ កុំភ្លេច​ទៅ​អើត​ផ្សារ​រាត្រី​​​៣កន្លែង​នេះ

  • 2018-08-04 01:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថៃ​មិន​មែន​​ត្រឹម​តែ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​តែ​​ការ​កម្សាន្ត​តាម​ឆ្នេរ​សមុទ្រ ទីតាំង​បុរាណ ឬ Shopping នោះ​ទេ ប៉ុន្តែ​មាន​​ផ្សារ​រាត្រី​ជា​ច្រើន​ដែល​អាច​កម្សាន្ត​នៅ​ពេល​យប់ និង​មាន​លក់​អីវ៉ាន់​ថោកៗ ដែល​ទេសចរ​ពេល​បាន​ទៅ​លេង​ប្រទេស​នេះ មិន​គួរ​រំលង​ឡើយ។

ផ្សារ​ Rot Fai

ផ្សារ​រាត្រី​មួយ​នេះ​ល្បី​ល្បាញ​បំផុត​ស្ថិត​នៅ​លើ​ផ្លូវ Srinakarin Soi 51 ពី​ក្រោយ​ Seacon Square ដែល​​ជា​ជាយ​ក្រុង​ស្ថិត​នៅ​ភាគ​ខាង​កើត។ ផ្សារ​នេះ​បែងចែក​ជា​៣​ផ្នែក ដោយ​មាន​លក់​ដូច​ជា សម្លៀកបំពាក់ ឬ​ប្រដាប់ប្រដា​​សម្រាប់ Fashion ផ្សេងៗ ​សម្ភារៈ​កម្រៗ​មក​ពី​ជុំវិញ​ពិភពលោក​​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ និង​​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន​។

ផ្សារ​នេះ​ចាប់​បើក​ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​អាទិត្យ ពី​ម៉ោង​៥​ល្ងាច ដល់​កណ្ដាល​អាធ្រាត្រ។

ផ្សារ JJ Green

​បើ​គិត​ដល់​កន្លែង​លក់​សម្ភារៈ​ជំនាន់​មុន (Vintage) កន្លែង​ជួប​ជុំ​សម្រាប់​ផឹកស៊ី JJ Green គឺ​ជា​កន្លែង​ដែល​គេ​នឹក​ដល់​មុន​គេ​សម្រាប់​ការ​ជួប​ជុំ​ពេល​យប់។ វា​មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ចុង​សប្ដាហ៍ Chattuchak Weekend Market ដែល​មាន​ជាង​១ម៉ឺន៥ពាន់​ស្តង់ ហើយ​មាន​លក់​ស្ទើរ​គ្រប់​មុខ​ដែល​អ្នក​ចង់​បាន ដូច​ជា របស់​ធ្វើ​ដោយ​ដៃ គំនូរ វត្ថុ​អនុស្សាវរីយ៍ សត្វ​ចិញ្ចឹម សៀវភៅ កូន​រុក្ខជាតិ​ដាំ​លម្អ និង​អាហារ​ច្រើន​មុខ។

វា​មាន​ទីតាំង​នៅ​លើ​ផ្លូវ 1 Kamphaeng Phet 3 សង្កាត់ Chatuchak បាងកក។ JJ Green បើក​ពី​ម៉ោង​៥​ល្ងាច​ដល់​១២​​រំលង​អាធ្រាត្រ ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ លើក​លែង​តែ​ថ្ងៃ​សៅរ៍ អាទិត្យ ដែល​បន្ត​បើក​ដល់​ម៉ោង​២​យប់ ព្រោះ​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​នៅ​ច្រើន​ជាង​គេ។

Patpong

​​​Patpong ជា​កន្លែង​ល្បី​ខាង​អីវ៉ាន់​កូពី ដូច​ជា សម្លៀកបំពាក់ កាបូប ស្បែកជើង​ឃ្លុប និង​នាឡិកា​ជា​ដើម និង​មាន​កន្លែង​កម្សាន្ត​​សម្រាប់​យុវវ័យ​ ដូច​ជា​បារ​ផង​ដែរ។ ទោះ​បី​ជា​វា​មិន​សូវ​ឡូយ​ឆាយ​ដូច​ផ្សារ​ខាង​លើ តែ​ផ្សារ​រាត្រី​មួយ​នេះ​នៅ​តែ​មាន​អ្នក​ទេសចរ​ទៅ​មក​ច្រើន​មិន​ដាច់។ ផ្សារ​នេះ​​បើក​លក់​រៀងរាល់​ថ្ងៃ​ ពី​ម៉ោង​​៦​ល្ងាច ដល់​១​យប់៕

ប្រភព៖ Bangkok.com ប្រែ​សម្រួល៖ សរ សុគន្ធី