៧​ឃ្លា​ ​បើ​បុរស​ហ៊ាន​និយាយ មាន​ន័យ​​ថា​គេ​ចាប់​ផ្ដើម​អស់​ចិត្ត​ហើយ

  • 2020-03-26 01:00:00
  • ចំនួនមតិ 137 | ចំនួនចែករំលែក 719

គ្មាន​អ្វី​ដែល​ឋិតថេរ​រហូត​ទេ នៅ​លើ​លោក​នេះ​។ អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​ប្រែប្រួល​ គ្រាន់​តែ​យូរ​ឬ​ឆាប់​ប៉ុណ្ណោះ​។ ស្នេហា​ក៏​ដូច​គ្នា ដំបូង​គាត់​ស្រឡាញ់​អ្នក​ខ្លាំង ប៉ុន្តែ​ក្រោយ​រស់នៅ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ ក្ដី​ស្រឡាញ់​​ទាំង​នោះ​ក៏​អាច​​រលាយ​បាត់​បន្តិច​ម្ដងៗ​រហូត​ធ្លាក់​ដល់​ចំណុច​សូន្យ​។ ដើម្បី​ឲ្យ​អ្នក​រឹត​តែ​អស់​សង្ស័យ​​ ខាង​ក្រោម​នេះ​ហើយ​​ជា​ពាក្យ​៧​​​ឃ្លា​ដែល​មនុស្ស​ប្រុស​ដែល​អស់​ចិត្ត​ស្រឡាញ់​ តែង​និយាយ​ទៅ​កាន់​​​គូ​ស្នេហ៍​របស់​គាត់​ បើ​ផ្អែក​តាម​អ្នក​ជំនាញ​ចិត្តសាស្ត្រ៖​

១. ​​ហេតុអ្វី​បង​ត្រូវ​ពន្យល់​អូន​គ្រប់​រឿង​​នោះ​!

ការ​​​សួរ​ដេញដោល​ចង់​ដឹង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​​គាត់​គ្រប់​ជំហាន​​​​ពេក​ គឺ​ជា​រឿង​ដែល​​មិន​គួរ​ធ្វើ​ ប៉ុន្តែ​វា​ជា​រឿង​​ត្រឹមត្រូវ និង​ទូទៅ​បំផុត​​ដែល​គាត់​គួរ​តែ​ចែក​រំលែក ឬ​​រៀបរាប់​ប្រាប់​សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់​ឲ្យ​អ្នក​បាន​ដឹង​ដែរ​។​ ដូច្នេះ​បើ​គាត់​មិន​ចង់​ធ្វើ​បែប​នេះ​ទេ មាន​ន័យ​ថា​គាត់​លែង​ខ្វល់​ពី​អ្នក​ទៀត​ហើយ​។​

២. វា​មិន​មែន​ជា​បញ្ហា​របស់​បង​ទេ ឬ​ វា​​ជា​បញ្ហា​របស់​អូន​

នេះ​គឺ​ជា​សញ្ញា​​​បញ្ជាក់​យ៉ាង​ច្បាស់​ថា​សម្ពន្ធភាព​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ដើរ​ដល់​​ភាគ​បញ្ចប់​ហើយ​។ គាត់​លែង​ចាប់​​អារម្មណ៍​ចំពោះ​បញ្ហា​របស់​អ្នក ទោះ​​បី​ជា​អ្នក​ស្នើ​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​គាត់​យ៉ាង​ណា​ក៏​ដោយ​។​

៣. បើ​អូន​មិន​ចូលចិត្ត​ទេ! រក​អ្នក​ផ្សេង​​ទៅ​!

ប្រសិន​គាត់​នៅ​ស្រឡាញ់​អ្នក រាល់​ពេល​អ្នក​រិះគន់​ចំពោះ​កំហុស​ឆ្គង​របស់​គាត់ គាត់​តែងតែ​ព្យាយាម​កែ​លំអ​​។ ប៉ុន្តែ​បើ​គាត់​លែង​​ធ្វើ​បែប​នោះ​​ នោះ​មាន​ន័យ​ថា​អ្នក​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ដើរ​ចេញ​ ព្រោះ​គាត់​ក៏​គ្មាន​អ្វី​ត្រូវ​ស្ដាយ​ស្រណោះ​អាឡោះអាល័យ​ជាមួយ​អ្នក​​ទៀត​ដែរ​។​

៤. បង​មិន​ជឿ​ទេ​!

គាត់​ព្យាយាម​តាម​ចាប់​កំហុស​ បង្ខំ​ឲ្យ​អ្នក​និយាយ​ដោះសា​ ដើម្បី​បង្ក​ជម្លោះ ទោះ​បី​វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ក៏​ដោយ​​។ គាត់​ព្យាយាម​គ្រប់គ្រង គាប់​សង្កត់​​អ្នក​តាម​តែ​អាច​ទៅ​រួច​។ នេះ​ក៏​ប្រហែល​ជា​គាត់​កំពុង​រក​លេស ដើម្បី​សុំ​បែក​គ្នា​ជាមួយ​អ្នក​ក៏​ថា​បាន​។​​

៥. ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ​!

ជម្រើស​របស់​អ្នក គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជ្រើសរើស​ដោយ​ខ្លួន​ឯង​។ គាត់​លែង​ចង់​លូក​ដៃ ឬ​ជ្រៀតជ្រែក​ត​ទៅ​ទៀត​​​។ គាត់​បង្ហាញ​ភាព​ព្រងើយ​កន្តើយ សោះ​កក្រោះ យ៉ាង​មាន​ជំនឿ​ចិត្ត ដោយ​មិន​ខ្វល់​ចំពោះ​ការ​ខឹង ឬ​អន់​ចិត្ត​របស់​អ្នក​ឡើយ​ ​។​

៦. អូន​ឯង​គិត​ច្រើន​ពេក​ហើយ​

ពេល​ខ្លះ មនុស្ស​ស្រី​ប្រហែល​ជា​គិត​ច្រើន​តែ​​ឯង​មែន​​។ ប៉ុន្តែ​​​ពាក្យ​មួយ​ឃ្លា​នេះ​មិន​មែន​ជា​ចម្លើយ ដែល​​សមស្រប​ដូច​គ្នា​។ អ្នក​ត្រូវ​តែ​សួរ​បញ្ជាក់​ និង​ឲ្យ​គាត់​ពន្យល់​​ឲ្យ​បាន​ច្បាស់លាស់​។ ប៉ុន្តែ​បើ​គាត់​នៅ​តែ​ឆ្លើយ​​ពាក្យ​មាន​ឃ្លា​នេះ​ដដែល ច្បាស់​ណាស់​នេះ​ជា​សញ្ញា​អស់​ចិត្ត​​របស់​គាត់​។​

៧. បង​​ពិត​ជា​ស្រឡាញ់​អូន​ខ្លាំង​ណាស់​

នៅ​​ពេល​ដែល​គាត់​​និយាយ​ពាក្យ​នេះ ដោយ​ព្យាយាម​សង្កត់​ន័យ​ឲ្យ​ខ្លាំង ដើម្បី​ឲ្យ​អ្នក​ជឿជាក់​លើ​គាត់ មាន​ន័យ​ថា​គាត់​ប្រហែល​ជា​ព្យាយាម​បិទបាំង​រឿង​មិន​ល្អ​មួយ​ចំនួន​ក្រោយ​ខ្នង​អ្នក​​។ ការ​ប្រើ​សម្ដី​​ផ្អែមល្ហែម​បែប​នេះ គឺ​​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​​​លួងលោម ពេល​ខ្លួន​សាង​កំហុស ៕​

ចុចអាន៖

ប្រភព៖ Brightside