តើជំងឺហឺត ព្យាបាលជាដែរឬទេ?

  • 2024-09-16 02:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. តើអ្វីទៅជាជំងឺហឺត

ជំងឺហឺត ជាជំងឺរលាកទងសួតរ៉ាំរ៉ៃដែលបង្កឡើយដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន បន្ទាប់មកធ្វើអោយមានការត្បៀតទងសួតជាហេតុដែលបណ្តាលអោយមានការលំបាកក្នុងការដកដង្ហើមចេញ។

២. អាឡែកហ្សែន ជាអ្វី?

អាឡែកហ្សែនជាសារធាតុទាំងឡាយណាដែលអាចបង្កអោយមានប្រតិកម្មអាឡែកហ្ស៊ី ។ អាឡែកហ្សែនផ្លូវដង្ហើមអាចមានដូចជា៖

  • រោមសត្វជាពិសេសសត្វឆ្មា

  • សត្វល្អិតតូចៗដែលនៅតាមផួយ មុង កន្ទេល

  • លំអងផ្កា

  • ផ្សែងបារី ផ្សែងអូស ផ្សែងម៉ូតូឡាន ឬផ្សែងធូប

  • អាកាសធាតុត្រជាក់

  • ក្លិនឈួលខ្លាំង

  • សារធាតុគីមី ។ល។

៣ .រោគសញ្ញាហឺតមានដូចម្តេចខ្លះ?

រោគសញ្ញាហឺតអាចមានដូចជា៖

  • ហត់

  • ដកដង្ហើមចេញពិបាក (អាចលឺសំឡេង ងឺតៗ ដូចសំឡេងឆ្មា)

  • ក្អក ជាពិសេសនៅពេលយប់ឬ ពេលអាកាសធាតុត្រជាក់

  • ណែនទ្រូង

  • ផ្តាសាយញឹកញាប់

៤ .តើហឺតអាចព្យាបាលជាឬអត់?

រហូតមកដល់បច្ចប្បន្នថ្វីត្បិតតែពុំទាន់មានថ្នាំព្យាបាលជាដាច់ តែគេអាចគ្រប់គ្រងជំងឺហឺតបានប្រសើរ មានន័យថាអាចជំងឺអាចរស់នៅបានសុខសប្បាយដូចគេដូចឯងដោយពុំមានរោគសញ្ញារំខាន។ ករណីហឺតខ្លះអាចព្យាបាលជាដាច់បានទាល់តែហឺតនោះបង្កឡើយដោយអាឡែកហ្សែនជាក់លាក់ ឧទាហរណ៍ បើហឺតបង្កដោយអាឡែកហ្ស៊ីរោមឆ្មា នោះបើឈប់ប៉ះពាល់នឹងឆ្មានោះជំងឺហឺតនឹងជាដាច់។

៥ .តើត្រូវព្យាបានដូចម្តេច?

ការព្យាបាលហឺតដោយប្រសិទ្ធភាពខ្ពស់ត្រូវ៖

  • ជៀសវាងអោយបានពីអាឡែកហ្សែន ដែលបង្កអោយមានប្រតិកម្មទងសួត។

  • ប្រើថ្នាំតាមវេជ្ជបញ្ជាដែលមានថ្នាំ២ក្រុមសំខាន់ៗ ។ ទី១ ជាប្រភេទថ្នាំសង្គ្រោះបន្ទាន់ ដែលប្រើតែពេលមានរោគសញ្ញារំខានតែប៉ុណ្ណោះ (Reliever medications) ។ ទី២ ជាប្រភេទថ្នាំព្យាបាលការរលាកជាប្រចាំនៃទងសួត ឬ ជាថ្នាំការពារកុំអោយមានរោគសញ្ញារំខាន (controller medications)។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly