គន្លឹះធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំ ជួបបញ្ហាពិបាកខ្លាំងយ៉ាងណាក៏មិនរាថយ

  • 2021-08-04 12:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​តិច​ដង​ទេ​ក្នុង​ជីវិត ដែល​មនុស្ស​គ្រប់​គ្នា​បាន​ឈរ​ត្រង់​ចំណុច​មួយ​គ្មាន​ភាព​នឹងន​ រេ​ចុះ​រេ​ឡើង​ប្រៀប​ដូច​ជា​ទូក​នៅ​កណ្តាល​សមុទ្រ​​ធំ​ល្វឹង​ល្វើយ។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ត​រហូត​ដល់​គោលដៅ លុះ​ត្រា​តែ​អ្នក​អាច​ពុះពារ​គ្រប់​ឧបសគ្គ​ ហើយ​ខិត​ខំ​រក​វិធី​​ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹង​មាំ គ្មាន​ថ្ងៃ​រា​ថយ​ចំពោះ​បញ្ហា​ធំ​ឬ​តូច​ក្តី។

គិត​ពី​រឿង​ពិបាក​ៗ ដែល​​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក

ពេល​ខ្លះ​វិធី​ល្អ​បំផុត​ដែល​អាច​លើក​ទឹក​ចិត្ត​​និង​​លួង​លោម​​​ខ្លួន​ឯង​បាន គឺ​មាន​តែ​រូប​អ្នក​នេះ​ហើយ។ ​អាច​សាក​ក្រឡេក​​ទៅ​មើល​និង​​នឹក​គិត​ដល់​បញ្ហា​​​​ឬ​រឿង​រ៉ាវ​លំបាក​ៗ​ជា​ច្រើន​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​ក្នុង​ពេល​អតីតកាល​។ ប្រសិន​បើ​អ្នក​អាច​ឆ្លង​ផុត​រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​​​ហេតុផល​ណា​ដែល​ត្រូវ​មក​ឈប់​ត្រឹម​ហ្នឹង​ទេ ព្រោះ​បញ្ហា​ទាំង​នោះ​ហើយ​ ជា​មេរៀន​គ្មាន​ក្នុង​សៀវភៅ ថែម​ទាំង​​អាច​យក​មក​ប្រើប្រាស់​ពេញ​មួយ​ជីវិត​ទៀត​ផង​។

​បង្កើត​ស្ថិរភាព​សម្រាប់​ខ្លួន​ឯង

​ប្រសិន​បើ​អ្នក​មិន​ចង់​ក្លាយ​ជា​មនុស្ស​ទន់​ខ្សោយ​ ឬ​ឆាប់​​​បញ្ចេញ​​អារម្មណ៍​ប្រតិកម្ម​ពេល​ជួប​បញ្ហា គួរ​តែ​ព្យាយាម​បង្កើន​ទំនុក​ចិត្ត​បន្ថែម​ ហើយ​កុំ​ភ្លេច​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ម្នាក់​ ដែល​មាន​ចិត្ត​មោះមុត រឹងមាំ និង​រួច​រាល់​ក្នុង​ការ​តតាំង​គ្រប់​​ស្ថានការណ៍ ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ជំហរ​លើ​ខ្លួន​ឯង​ខ្លាំង​​ជាង​ការ​​ចាំ​រំពឹង​លើ​អ្នក​ដទៃ។

នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន

ចូលចិត្ត​​នៅ​ក្បែរ​​ឬ​រាប់​អាន​ប៉ះ​ចំ​មនុស្ស​អវិជ្ជមាន អ្នក​​​នឹង​ទទួល​បាន​មក​វិញ​ នូវ​ជាតិ​ពុល​មិន​ល្អ​ជ្រាប​ចូល​​ខ្លួន​ ព្រោះ​​វត្តមាន​របស់​មនុស្ស​ប្រភេទ​នេះ តែង​មក​កាត់​បន្ថយ​កម្លាំង​ថាមពល​និង​សុភមង្គល​របស់​អ្នក​។ បើ​អាច​ជៀស​បាន គួរ​ជៀស​​ឲ្យ​ផុត​តែ​ម្តង​ទៅ ដើម្បី​ការពារ​មិន​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ និង​បាក់​ស្មារតី​ដោយ​សារ​សម្តី​ឥត​បាន​ការ​។

ឈប់​ស្តាប់​​ពី​គំនិត​អ្នក​ដទៃ​ ហើយ​ត្រូវ​ធ្វើ​តាម​បេះដូង​ខ្លួន​ឯង​​វិញ

​​ឈប់​គិត​ឈប់​ខ្វល់​ថា​អ្នក​ដទៃ​គិត​អ្វី​មក​លើ​អ្នក​ត​ទៀត ព្រោះ​មនុស្ស​គ្រប់​គ្នា គួរ​ជ្រើសរើស​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន និង​ជឿជាក់​ ស្រលាញ់​ ​គោរព​​អ្វី​ខ្លួន​កំពុង​មាន​សព្វ​ថ្ងៃ។ បើ​រវល់​តែ​ស្តាប់​ពី​គំនិត​អ្នក​ដទៃ​ច្រើន​ពេក អ្នក​នឹង​​មើល​រំលង​នូវ​អ្វី​ដែល​បេះ​ដូង​ខ្លួន​ឯង​ត្រូវ​ការ​ពិត​ប្រាកដ។ កាន់​ក្តី​សុខ​របស់​អ្នក​ឲ្យ​ជាប់​ក្នុង​ដៃ ដាច់​​ខាត​មិន​ត្រូវ​ផ្ញើ​លើ​នរណា​ទាំង​អស់​៕ ​

ចុចអានបន្ត៖ ៥ វិធី ជួយឲ្យជីវិតស្រស់ថ្លា ធ្វើការដោយក្តីរីករាយរាល់ថ្ងៃ

ប្រភព៖ goodlifeupdate ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម