ដើមហេតុចម្បងៗ ដែលនាំឱ្យមនុស្សស្រីពិបាកមានផ្ទៃពោះ

  • 2021-07-28 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀបការ​ហើយ​មិន​ទាន់​មាន​ផ្ទៃ​ពោះ សម្រាប់​ប្ដី​ប្រពន្ធ​ខ្លះ​មិន​មែន​មក​ពី​ពួក​គេ​មិន​ទាន់​ចង់​បាន​កូន​ទេ។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ច្រើន​ដែល​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​ ហើយ​បណ្ដាល​ឱ្យ​ខាង​ស្រី​មិន​អាច​មាន​កូន​បាន ឬ​អាច​មាន​ដែរ​ តែ​ក្នុង​ភាគ​រយ​ទាប​ខុស​ពី​អ្នក​ផ្សេង។

រូបតំណាង

ដំណាក់​កាល​ក្រោយ​រៀបការ​ដើម្បី​អាច​មាន​កូន​បាន មិន​​ត្រឹម​តែ​ស្ត្រី​ខ្លួន​ឯង​ទេ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ បុរស​ជា​ស្វាមី​ក៏​ត្រូវ​ជួយ​មើល​ថែ​ប្រពន្ធ​ឱ្យ​បាន​ដិត​ដល់​ផង ជា​ពិសេស​ត្រូវ​ជៀសវាង​កំហុស​ឆ្គង​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ឱ្យ​ភរិយា​របស់​អ្នក​មាន​ឱកាស​បង្ក​កំណើត​កូន​ជា​ទី​ស្រលាញ់​ដូច​ដែល​អ្នក​ប៉ង​ប្រាថ្នា។ អ៊ីចឹង​តើ​កត្តា​អ្វី​ខ្លះ​ទៅ​ដែល​អាច​នាំ​ឱ្យ​នារី​ពិបាក​មាន​ផ្ទៃ​ពោះ?

១. ហាត់​ប្រាណ​ហួស​កម្រិត៖

រូបតំណាង

ការ​ហាត់​ប្រាណ​ពិត​ជា​នាំ​សុខភាព​ល្អ​ដល់​រាងកាយ​យើង​ប្រាកដ​មែន ប៉ុន្តែ​បើ​អ្នក​ហាត់​ប្រាណ ឬ​បញ្ចេញ​កម្លាំង​ខ្លាំង​ហួស​កម្រិត​ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​ដល់​រាងកាយ​ទៅ​វិញ​ដែរ ជាពិសេស​សម្រាប់​នារី អាច​រំខាន​ទៅ​ដល់​សមត្ថភាព​បង្ក​កំណើត។ តាម​ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ ​២០១២​ បាន​ធ្វើ​ការ​សិក្សា​លើ​ស្ត្រី​ជាង​ ៣​ពាន់​នាក់​ ដែល​បាន​ចូល​ក្លឹប​ហាត់​ប្រាណ ឬ​ហាត់​ប្រាណ​នៅ​កន្លែង​ផ្សេង​ដើម្បី​ឱ្យ​រាងស្អាត ឬ​ហេតុ​ផល​ផ្សេង។ លទ្ធផល​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ហាត់​ប្រាណ​លើស​ពី​ ៥​ម៉ោង​ ក្នុង​មួយ​សប្ដាហ៍​មាន​លទ្ធភាព​មាន​ផ្ទៃ​ពោះ​ទាប​ជាង​ស្ត្រី​ដែល​ហាត់​ប្រាណ​តិច​ម៉ោង​ជាង​នេះ។

ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​បាន​ហាត់​ប្រាណ​ឱ្យ​បាន​គ្រប់​គ្រាន់ រាងកាយ​របស់​នារី​មួយ​ចំនួន​ក៏​នឹង​ទន់​ខ្សោយ​មិន​មាន​កម្លាំង​ក្នុង​ការ​បង្ក​កំណើត​ដូច​គ្នា។ ដូច្នេះ​ ចូរ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ តែ​ត្រូវ​ក្នុង​កម្រិត​ដែល​រាងកាយ​អាច​ទ្រាំ​ទ្រ​បាន។

២. ស្ត្រេស៖

រូបតំណាង

ថ្វីដ្បិតមិន​ទាន់​មាន​ការ​សន្និដ្ឋាន​ផ្លូវ​ការ​ថា ស្ត្រេស​គឺ​ជា​កត្តា​ដែល​បង្ក​ឱ្យ​ស្ត្រី​មិន​អាច​មាន​ផ្ទៃ​ពោះ​បាន តែ​ក្រុម​អ្នក​ស្រាវជ្រាវ ​និង​ក្រុម​គ្រូពេទ្យ​ជា​ច្រើន​​ជឿ​ជាក់​ថា ការ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ធ្ងន់ធ្ងរ អារម្មណ៍​តាន​តឹង​ហួស​កម្រិត​ មិន​ថា​ព្រោះ​តែ​ការ​ងារ បន្ទុក​គ្រួសារ​ ឬ​រឿង​អ្វី​ផ្សេង​ឡើយ​ វា​បាន​ចូល​ទៅ​រំខាន​ដល់​ការ​បង្ក​កំណើត​របស់​ស្ត្រី។ មិន​តែ​ប៉ុណ្ណោះ អារម្មណ៍​ស្ត្រេស​នេះ​ក៏​អាច​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្ត្រី និង​ការ​លូត​លាស់​របស់​​នាង​ផង​ដែរ។

៣. ស្គម​ឬ​ធាត់​ជ្រុល៖

រូបតំណាង

ការ​ដែល​មាន​ទម្ងន់​ខ្លួន​ស្គម​ឬ​ធាត់​ជ្រុល​ពេក​សុទ្ធ​តែ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​មិន​អាច​មាន​ផ្ទៃ​ពោះ​បាន។ ហេតុ​ផល​​គឺ​ថា កាល​ណា​រាង​កាយ​មិន​មាន​សុខភាព​ល្អ កម្រិត​អរម៉ូន​នៅ​ក្នុង​រាងកាយ​ក៏​មាន​បញ្ហា ដែល​ជា​ហេតុ​នាំ​ឱ្យ​​ការ​បង្ក​កំណើត​មិន​បាន​​ធ្វើ​ទៅ​បាន​ល្អ រដូវ​ក៏​មក​មិន​ទៀង​ទាត់ ឬ​ពេល​ខ្លះ​អាច​មាន​ផ្ទៃ​ពោះ​ដែរ​ តែ​អាច​មាន​ករណី​រលូត​កូន​ក៏​ថា​បាន។ ដូច្នេះ​ដើម្បី​បញ្ចៀស​បញ្ហា​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ថែ​រក្សា​​ទម្ងន់​រាងកាយ​ឱ្យ​នៅ​ថេរ ដោយ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ ទឹក​ និង​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​គ្រប់​គ្រាន់។

៤. អាយុ​​កាន់​តែ​ច្រើន៖

រូបតំណាង

ពិត​ណាស់ កត្តា​អាយុ​ក៏​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​ពពោះ​បាន​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ ស្ត្រី​ដែល​មាន​វ័យ​២០​ឆ្នាំ​ លទ្ធភាព​ដែល​អាច​មាន​កូន​បាន​​គឺ​ពី​ ២៥%-៣៥% ក្នុង​មួយ​ខែៗ ប៉ុន្តែ​បើ​កាល​ណា​អាយុ​របស់​អ្នក​ឈាន​ចូល​ដល់​ខ្ទង់​៤០​ឆ្នាំ លទ្ធភាព​ដែល​អាច​មាន​កូន​បាន​ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​ ៥%​ ប៉ុណ្ណោះ។ ហេតុ​ផល​មួយ​ទៀត កាល​ណា​អាយុ​កាន់​តែ​ចាស់ សមត្ថភាព​ផ្លូវ​ភេទ​ក៏​បាន​ចុះ​ខ្សោយ ហើយ​សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើ​ការ​ ឬ​ប្រើ​ខួរ​ក្បាល​ច្រើន វា​កាន់​តែ​ធ្វើ​ឱ្យ​ភាគ​រយ​នៃ​ការ​ពពោះ​ត្រូវ​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ៕​

ចុចអាន៖ ​ កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត

ប្រភព៖ bestie | momjunction ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម