គំនិត​ចាស់​គំរិល​ទាំង​៣​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​គ្មាន​ថ្ងៃ​រក​ក្ដី​សុខ​ឃើញ បើ​មិន​កែប្រែ

  • 2021-07-28 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​សួរ​ថា​ហេតុ​អ្វី​ជីវិត​គេ​ធូរ​ស្រាល​ម្ល៉េះ ហើយ​ជីវិត​ខ្លួន​បែរ​ជា​មាន​តែ​ភាព​ងងឹត​ បើ​អ្នក​នៅតែ​ប្រកាន់​ខ្ជាប់​គំនិត​ទាំង​៣​នេះ។

១. អស់​សង្ឃឹម​ព្រោះ​ជីវិត​មិន​ល្អ​ឥត​ខ្ចោះ

មិន​ថា​អ្នក​ណា​ក៏​ដោយ នៅ​ពេល​ដែល​អ្នក​មាន​តែ​ការ​មើល​ទៅ​ខាង​លើ ហើយ​មិន​ព្រម​មើល​ជុំ​វិញ​នោះ អ្នក​គ្មាន​ថ្ងៃ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ទេ ព្រោះ​អ្នក​​មើល​ឃើញ​ថា តែ​អ្នក​ល្អ​ជាង​អ្នក ប្រសើរ​ជាង​អ្នក។ តែ​បើ​អ្នក​ក្រឡេក​ទៅ​ក្រោម ទើប​អ្នក​ដឹង​ថា ជីវិត​របស់​ខ្លួន​កំពុង​តែ​ប្រសើរ​​ជាង​អ្នក​ដទៃ​ច្រើន​ប៉ុណ្ណា។ មាន​តែ​ការ​រៀន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ ទើប​ធ្វើ​​ឲ្យ​អ្នក​ស្កប់​ស្កល់ នឹង​រក​ក្ដី​សុខ​ដាក់​ចិត្ត​បាន។ ជីវិត​ពេល​ខ្លះ​ត្រូវ​តែ​មើល​ទៅ​លើ​ដើម្បី​ពុះពារ​ តែ​មិន​មែន​គ្រប់​ពេល​នោះ​ឡើយ បើ​មិន​ដូច​នោះ​ទេ អ្នក​គ្មាន​ថ្ងៃ​សុខសាន្ត​ឡើយ។

២. រង​សម្ពាធ​​ព្រោះ​មិន​អាច​ដូច​ការ​រំពឹង​ទុក​របស់​គេ

ជារៀង​រាល់​ថ្ងៃ​កន្លង​ផុត​ទៅ អ្នក​តែង​តែ​ធ្វើ​ឲ្យ​ខ្លួន​ល្អ​ជាង​មុន តែ​នៅ​តែ​មាន​​អារម្មណ៍​ថា​ខ្លួន​មិន​​ទាន់​ល្អ​គ្រប់​គ្រាន់ ក៏​ដោយ​សារ​តែ​មតិជុំ​វិញ​របស់​អ្នក​មាន​ច្រើន​ពេក មិន​ដឹង​ថា​ធ្វើ​តាម​អ្នក​ណា​ឲ្យ​ប្រាកដ។ យ៉ាងណាក្ដី បើ​អ្នក​សម្រេច​ថា​នឹង​ផ្ញើ​ក្ដី​សុខ​របស់​ខ្លួន​លើ​អណ្ដាត​របស់​អ្នក​ដទៃ គឺ​អ្នក​គិត​ខុស​ហើយ ព្រោះ​អណ្ដាត​គ្មាន​ឆ្អឹង គេ​និយាយ​ចេញ​មក​ ក៏​ភ្លេច​ទៅ​វិញ។ មាន​តែ​អ្នក​ដែល​ធ្វើ​តាម​នោះ​ទេ ដែល​​គ្មាន​ថ្ងៃ​អាច​ធ្វើ​តាម​ចិត្ត​គេ​បាន។ ដូច​នេះ​​យើង​ដឹង​ខ្លួន​ឯង​ល្អ​ជាង​ម្សិល​មិញ​គឺ​គ្រប់​គ្រាន់​ហើយ មិនដូច​តាម​គេ​ក៏​បណ្ដោយ​ទៅ​ចុះ។

៣. គ្រប់​គ្រង​គ្រប់​កាលៈទេសៈ​មិន​បាន

ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​អាច​គ្រប់​គ្រង​ជីវិត​របស់​ខ្លួន​ឯង​នោះ ជីវិត​នេះ​លែង​មាន​ន័យ​ហើយ។ ជា​មនុស្ស​លោក​ម្នាក់ គ្មាន​អ្នក​ណា​​មាន​សមត្ថភាព​គ្រប់​គ្រង​បាន​អ្វី​ៗ​គ្រប់​យ៉ាង។ ជាក់​ស្ដែង គ្មាន​អ្នក​ណា​ដឹង​ថា​ឡើយ​ថា នៅ​ថ្ងៃ​ស្អែក​នឹង​មាន​អ្វី​កើត​ឡើង។ ប្រសិន​បើ​គម្រោង​ដែល​អ្នក​រៀប​នោះ មិន​ដើរ​តាម​គន្លង​ដែល​អ្នក​រំពឹង​ ក៏​សូម​អ្នក​​កុំ​អាក់អន់​ស្រពន់​ចិត្ត​ខ្លាំង​ពេក ដោយ​យើង​នៅ​តែ​មាន​ឱកាស​ធ្វើ​ជា​សារ​ជា​ថ្មី ដរាប​ណា​យើង​មិន​បោះ​បង់​ចោល​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម