មិនមែនបែកបាក់សុទ្ធតែពិបាកវិលរកគ្នា! ចង់ចាប់ផ្តើមស្នេហ៍ថ្មីជាមួយអ្នកចាស់ កុំឲ្យឈឺត្រូវដឹងរឿង៦យ៉ាងនេះ

  • 2021-05-13 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បាក់​បែក​ ពេល​ខ្លះ​មក​ពី​ពួក​គេ​ឈ្លោះ​គ្នា ​ការ​មិន​សូវ​ចេះ​យល់​ពី​គ្នា ​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​លែង​​ដើរ​ទៅ​មុខ។ ​អ្នក​ខ្លះ​បែក​គ្នា ​ទាំង​ម្ខាង​ទៀត​មិន​ដឹង​ហេតុ​ផល ​ហើយ​ពួក​គេ​ត្រូវ​ជាប់​ឈ្មោះ​ជា​មនុស្ស​អាក្រក់ ទាំង​ដែល​គ្មាន​ឱកាស​ដើម្បី​ដឹង​​មូល​ហេតុ​ច្បាស់ ឬ​​​ការ​ពន្យល់​ជា​ដើម​។

​​​យ៉ាង​ណា​ក៏​ដោយ ​បើ​ចង់​ឲ្យ​ស្នេហា​របស់​អ្នក​អាច​ចាប់​ផ្តើម​ឡើង​វិញ ​អ្នក​គួរ​រៀប​ចំ​​ចិត្ត​គំនិត​តាម​តិច​និក​ខាង​ក្រោម។

១. កុំ​ប្រញាប់​វិល​មក​ត្រូវ​គ្នា​ភ្លាម​ៗ

​បន្ទាប់​ពី​បែក​គ្នា ​គឺ​ជា​ពេល​ដែល​អ្នក​ក្រៀម​ក្រំ​ខ្លាំង​បំ​ផុត ​ដូច្នេះ​ហើយ​មុន​ពេល​វិល​មក​ផ្សះ​ផ្សា​គ្នា​វិញ ​អ្នក​គួរ​ដោះ​ស្រាយ​ផ្លូវ​ចិត្ត​របស់​ខ្លួន​ឯង​ជា​មុន​សិន។ គួរ​តែ​អង្គុយ​ចុះ​ហើយ​រក​មើល​ថា​តើ​អ្នក​បាន​ធ្វើ​អ្វី​ខុស ហើយ​រក​វិធី​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន ​រហូត​ដល់​គាត់​ជឿ​​ជាក់​ថា អ្នក​ជា​មនុស្ស​ថ្មី។ ​នៅ​ពេល​នោះ ​ទើប​ស្នេហា​របស់​អ្នក​នឹ​ង​ប្រែ​ជា​ស្រស់​ស្អាត ហើយ​នៅ​ពេល​អ្នក​ត្រៀម​រួច​រាល់​ទាំង​ស្មារតី​ចិត្ត​កាយ​រួច​ហើយ ​ទើប​ស្នេហា​អាច​ដើរ​ទៅ​មុខ​បាន។

២. ផ្តល់​ពេល​វេលា​បន្តិ​ច​ដល់​គាត់ ​មុន​ពេល​ចាប់​ផ្តើម​ជា​ថ្មី

វា​មិន​ត្រឹម​តែ​អ្នក​​ទេ​ដែល​ត្រូវ​ចំណាយ​ពេល​ស្ងប់​ស្ងាត់ ​គាត់​ក៏​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ដូច​គ្នា​ដើម្បី​សម្រេច​ចិត្ត​ថា គួរ​បន្ត​ឬ​បញ្ចប់។ ​ម្យ៉ាង​ទៀត ​គាត់​ក៏​មាន​ការងារ​របស់​គាត់​ដូច​គ្នា ​ដូច្នេះ​ត្រូវ​ផ្តល់​ពេលវេលា​​ឲ្យ​គាត់​ធ្វើ​ជា​ខ្លួន​ឯង ព្រម​ទាំង​គោរព​ការ​សម្រេច​ចិត្ត​របស់​គាត់។ ​កុំ​​យក​រឿង​ផ្ទាល់​ខ្លួន​មក​ជ្រៀតជ្រែក រហូត​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ស្មុគ​ស្មាញ។ ​រឿង​សំខាន់​បំ​ផុត​ដែល​អ្នក​ត្រូវ​ចាំ ​គឺ​ឋានៈ របស់​អ្នក​នៅ​ពេល​នេះ​ ​នៅ​ត្រឹម​ជា Ex ​​នៅ​ឡើយ។

៣. ត្រលប់​មក​និយាយ​ត​ទល់​ ​ដើម្បី​ស្វែង​យល់​​ពី​គ្នា​ឲ្យ​ច្បាស់

​​កា​រ​វិល​ត្រលប់​មក​ម្តង​នេះ ​យ៉ាង​ណា​ក៏​ដោយ​កុំ​បណ្តោយ​ឲ្យ​រឿង​ដដែរ​ៗ​កើត​ឡើង។ ​អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ចិត្ត​ត្រជាក់ ហើយ​ស្នើ​ឲ្យ​គាត់​មក​ជួប ដើម្បី​និយាយ​គ្នា​អំ​ពី​បញ្ហា។ ​​​ប្រាប់​ពី​ចំណុច​រួម​នៃ​បញ្ហា ​ដើម្បី​ទាំង​ពីរ​នាក់​អាច​ដើរ​ផ្លូវ​រួម​ជាមួយ​គ្នា ​​និង​យល់​ពី​គ្នា​បាន​កាន់​តែ​ច្រើន។

៤. ​កុំ​រំលឹក​រឿង​ចាស់

ត្រូវ​ចៀស​​វាង​ដាច់​ខាត​​ការ​រំលឹក​រឿង​អាក្រក់​របស់​​អ្នក​ទាំង​ពីរ​កាល​ពី​មុន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ឈ្លោះ​គ្នា ​ហើយ​នឹង​បែក​គ្នា​ម្តង​ទៀត។ ​​ត្រូវ​ចាំ​ថា ​ No one is perfect ​បូក​រួម​ទាំង​ខ្លួន​​អ្នក​ផ្ទាល់ ព្រោះ​នរណា​ក៏​មាន​គុណ​វិបត្តិ​ដែរ។ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ស្នេហា​ពោរពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ អ្នក​ត្រូវ​ត្រសង​យឺត​ៗ​​ជាមួយ​គ្នា។ ​រឿង​សំខាន់​បំ​ផុត ​មិន​ត្រូវ​បណ្តោយ​ឲ្យ​អារម្មណ៍​យក​ឈ្នះ​លើ​ហេតុ​ផល​នោះ​ទេ។

៥. កុំ​យក​ស្នេហ៍​ធ្វើ​​ជា​ល្បែង

អ្នក​មិន​ចង់​ធ្វើ​ជា​សត្រូវ​ជាមួយ​សង្សារ​របស់​ខ្លួន​ទេ ​មែន​អត់? ​ដូច្នេះ ​ត្រូវ​ឈប់​ ឈ្លោះ​យក​ឈ្នះ​គ្នា​ទៀត​ទៅ​ ព្រោះ​​នៅ​ទី​បញ្ចប់​មាន​តែ​ធ្វើ​ឲ្យ​ម្ខាង​ៗ​ឈឺ​ចាប់​ប៉ុណ្ណោះ។ ​ដំណោះ​ស្រាយ​ល្អ​បំផុត ​ត្រូវ​វិល​មក​ជជែក​គ្នា​ស្វែង​រក​ហេតុ​ផល។ ​កុំ​ប្រើ​អារម្មណ៍​ធ្វើ​ជា​អាវុធ ប្រសិន​បើ​អ្នក​ទាំង​ពីរ​ពិត​ជា​​ចង់​ស្រលាញ់​គ្នា​ម្តង​ទៀត។

៦. បង្កើត​ឲ្យ​ស្នេហា​កាន់​តែ​ផ្អែម​ល្ហែម​ជាង​​កាល​ពី​មុន

នៅ​ពេល​គ្រប់​យ៉ាង​វិល​មក​ធម្មតា​វិញ​ហើយ ការ​ផ្តល់​នូវ​ពេល​វេលា​ផ្អែម​ល្ហែម​គួរ​តែ​មក​ដល់។ ​ដូច្នេះ ​ត្រូវ​ដាំ​ដើម​ឈើ​ស្នេហ៍​ជាមួយ​គ្នា​ម្តង​ទៀត ដោយ​គួរ​តែ​ផ្តល់​នូវ​រស​ជាតិ​ស្នេហា​ផ្អែម​ត្រជាក់​ចំពោះ​គ្នា ​ដូច​ជា ​ចេញ​​ក្រៅ​ញ៉ាំ​អី ​ទៅ​មើល​កុន ​ឬ​​ Surprise ​ដល់​គាត់​នៅ​ថ្ងៃ​ពិសេស​ៗ​ជា​ដើម។ ​ទាំង​នេះ សុទ្ធ​តែ​ជា​រឿង​តូច​ៗ​ដែល​នឹង​ជួយ​ឲ្យ​ស្នេហា​របស់​អ្នក​​ទាំង​ពីរ​វិល​មក​ត្រូវ​គ្នា​វិញ ​និង​ថែម​ទាំង​ផ្អែម​ល្ហែម ​គួរ​ឲ្យ​ច្រណែន​​ទៀត​ផង។

ស្នេហា ​ប្រៀប​ដូច​អណ្តាត​និង​ធ្មេញ គូ​ខ្លះ​ក៏​ធម្មតា តែ​គូខ្លះ​ក៏​មាន​ជម្លោះ។ ​តែ​បើ​អ្នក​​វិល​មក​ជជែក​គ្នា​រក​ហេតុ​ផល ព្រម​ទាំង​ចេះ​លើក​លែង​ទោស​​ដល់​គ្នា ជឿ​ កញ្ញា​ ចុះ ​ថ្ងៃ​ណាមួយ​​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នឹង​ផ្អែម​ល្ហែម​គួរ​ឲ្យ​ច្រណែន​មិន​ខាន៕​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម