ចម្លើយឆ្លើយតបទៅនឹងសំណួរ “ហេតុអ្វីបានជាទ្រាំនៅ Single?”

  • 2021-05-12 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួរនាំច្រើនពេក មានតែបង្ហាញហេតុ និង ផលបន្តិចហើយទើបបាន៖

១. មានពេលកាន់តែច្រើនសម្រាប់អភិវឌ្ឈខ្លួនឯង

គុណសម្បត្តិដំបូងនៃការនៅលីវគឺ អ្នកនឹងមានពេលវេលាផ្ទាល់ខ្លូនកាន់តែច្រើន។ មិនចាំបាច់ត្រូវ ចាត់ចែងពេលទុកសម្រាប់នរណាម្នាក់ ធ្វើអោយក្ដីស្រម៉ៃ បំណងប្រាថ្នាអាចសម្រេចបានកាន់តែឆាប់រហ័ស។ ចំពោះមនុស្សស្រីដែលសម្រេចចិត្តរៀបការទាំងវ័យក្មេង ការងារភាគច្រើនក៏ក្លាយជាការចិញ្ចឹមបីបាច់កូន ទុកដាក់ផ្ទះសម្បែង។ គ្មាននរណាម្នាក់តាំងពីកើតរហូតដល់ស្លាប់នៅវិញ នៅតែមិនទាន់ដឹងថាពួកគេជានរណា និងអ្វីដែលពួកគេចង់បា នដោយសារតែរវល់រស់នៅតាមការកំណត់របស់សង្គមនោះទេ។

២. មានសង្សារ ឬ រៀបការមិនអាចជួយដោះស្រាយបញ្ហាដែលអ្នកមាននោះទេ

ប្រសិនបើនរណាម្នាក់ប្រកែកថាអ្នកមានមិត្តស្រីព្រោះអ្នកចង់អោយនរណាម្នាក់ពិគ្រោះយោបល់ រួមសុខរួមទុក្ខជាមួយគ្នា។ ពីដំបូង វាអាចនឹងការពិតមែន តែសាកស្រម៉ៃមើល បើសិនជាចង់បានរង្វង់ពីរត្រួតលើគ្នា ដោយព្យាយាមយករង្វង់មួយដែលគូសមិនបានត្រឹមត្រូវមកផ្គូរផ្គងគ្នា វានឹងធ្វើអោយមានបញ្ហាផ្សេងទៀតលេចឡើងមកជាមិនខាន។ ស្នេហាគឺជារឿងដែលមិនគួរបង្ខំចិត្តដាច់ខាត បើត្រូវការជំនួយគួរតែពឹងពាក់អ្នកដែលមានចិត្តចង់ជួយ កុំអាត្មានិយមប្រើសង្សាររបស់អ្នកធ្វើជាមនុស្សល្ងង់ ដោយមិនគិតពីគេសោះ។

៣. មិនចាំបាច់សុំការអនុញ្ញាតពេលចង់ធ្វើរឿងអ្វីមួយ

ក្តីសុបិន្ត ឬ អាជីពការងារមួយចំនួន ប្រសិនបើអ្នកមានគូស្នេហ៏ បំណងប្រាថ្នានោះនឹងអាចពិបាកក្នុងការសម្រេច ឧទាហរណ៏ដូចជាការបន្តការសិក្សា ឬ ធ្វើការនៅក្រៅប្រទេស។ អ្នកនឹងត្រូវចាំអង្គុយខ្វល់ចិត្ត ហត់ចិត្តក្នុងការរក្សាទំនាក់ទំនងពីចំងាយមិនខាន។ ចំពោះមនុស្សខ្លួនមួយវិញ មិនចាំបាច់ព្រួយបារម្ភអំពីរឿងនេះនោះទេ អ្នកអាចចំណាយពេលភាគច្រើនរបស់អ្នកសម្រាប់អ្វីដែលអ្នកស្រឡាញ់ និង សេចក្ដីសុខផ្ទាល់ខ្លួនរបស់អ្នក។

៤. សេចក្ដីសុខអ្នកនឹងក្លាយជាអ្វីដែលគួរតែចាប់អារម្មណ៏ជាងគេបំផុត

ប្រសិនបើអ្នកនៅក្មេងនៅតែមានក្តីសុបិន្តជាច្រើនដើម្បីសម្រេចបាននៅឡើយ ការនៅលីវគឺជារឿងដ៏ល្អបំផុតហើយ។ អ្នកនឹងអាចផ្ដោតអារម្មណ៏ទៅលើរឿងដែលអ្នកចង់សម្រេចបានច្រើនជាងមុន មិនចាំបាច់បារម្ភថា ធ្វើនេះទៅគេអន់ចិត្តឬអត់? តិចគេខឹងទៅ? តិចត្រូវឈ្លោះគ្នាទៅ? មានមនុស្សស្រីមិនតិចនោះទេ ដែលចាប់ផ្ដើមកែប្រែខ្លួន ដើម្បីផ្គាប់ចិត្តរហូតភ្លេចអស់ពីអ្វីដែលខ្លួនប្រាថ្នាចង់បាន។

៥. ជួយអោយអ្នករឹងមាំជាងមុន

គុណសម្បត្តិមួយទៀតនៃការនៅលីវគឺអ្នកកាន់តែរឹងមាំដោយសារតែការប្រើប្រាស់ជីវិតម្នាក់ឯងបែបនេះ។ ស្ថានភាពត្រូវបានបង្ខំធ្វើឱ្យមានការសំរេចចិត្តពិបាកក្នុងជីវិត ដែលធ្វើអោយអ្នកក្លាយជាតួឯកយ៉ាងពិតប្រាកដនៅក្នុងជីវិតអ្នកលួ ព្រោះតាមពិតអ្នកមិនអាចតែរំពឹងលើការស្នើសុំជំនួយពីនរណានោះទេ សូម្បីតែសមាជិកគ្រួសារក៏ដោយ។ អ្នកនឹងមិនចាំបាច់ត្រូវពឹងផ្អែកលើ ឬ ស្ថិតនៅក្រោមស្លាបរបស់នរណាម្នាក់ឡើយ ព្រោះអ្នកមិនអាចនឹងទាយដឹងជាមុននោះទេថា នៅពេលអនាគតថាអ្វីដែលអ្នកតែងតែរំពឹងនោះ នឹងនៅតែចាំជួយយកអាសារអ្នករហូតនោះទេ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម