ទ្រព្យ​សម្បត្តិ​របស់ Zhao Li Ying ក្រោយ​ពេល​លែងលះ​ប្ដី

  • 2021-05-10 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​អតីត​ប្ដី​ប្រពន្ធ​កំពូល​តារា​ចិន Zhao Li Ying និង Feng Shaofeng បែង​ចែក​ដាច់​ពី​គ្នា​តាំង​ពី​ដើម ដូច​នេះ​ហើយ ទោះ​បី​ជា​ក្រោយ​លែងលះ​ក៏​ទ្រព្យ​របស់ Zhao Li Ying មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី ៩​ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Mirror Media បាន​ឲ្យ​ដឹង​ថា កាល​ពី​មិន​ទាន់​បែក​គ្នា ទ្រព្យ​សម្បត្តិ​ទាំង​អស់​​របស់​តារា​សម្ដែង​ស្រី Zhao Li Ying និង Feng Shaofeng មាន​សរុប​ប្រមាណ ១​ពាន់​លាន​យាន់ (១៥៤​លាន​ដុល្លារ) ដោយ​នៅ​ក្នុង​នោះ ខាង​ប្រពន្ធ​​គឺ​ជា​អ្នក​ដែល​រក​លុយ​បាន​ច្រើន​ជាង។

ប្រភព​ខាង​លើ បាន​ឲ្យ​ដឹង​ថា តារា​ស្រី​អាយុ ៣៣​ឆ្នាំ​មាន​ផលិតកម្ម​ផលិត​រឿង​ចំនួន​៣ និង​ជា​​អ្នក​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​សិល្បៈ​ធំ​ៗ​ចំនួន​៧​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រាក់​ចំណូល​ភាគ​ច្រើន​របស់​នាង​​បាន​មក​ពី​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​កប់ពពក​ពេល​ថត​រឿង និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដោយ​គ្រាន់​តែ​រាប់​ត្រួស​ៗ​នាង​គឺ​ជា​អ្នក​តំណាង​របស់​ប្រេន​ជាតិ និង​អន្តរជាតិ​ជាង​១០។

៥ ឆ្នាំ​ចុង​ក្រោយ​នេះ តួ​រឿង​និស្ស័យ​ស្នេហ៍​ដាវ​ទេព​តែងតែ​ស្ថិត​ក្នុង​ចំណោម TOP 10 តារា​ស្រី​ដែល​មាន​ចំណូល​ពី​សិល្បៈ​ខ្ពស់​បំផុត​របស់ Forbes។ ជាក់​ស្ដែង​ក្នុងឆ្នាំ​ ២០២១ គ្រាន់​តែ​ចំណូល​ពី​សិល្បៈ​របស់​អ្នក​ម្ដាយ​កូន​១ គឺ​ឡើង​ដល់ ២៩,២​លាន​ដុល្លារ និង​ឈរ​លំដាប់​ទី​៧។

បច្ចុប្បន្ន តារា​កើត​ឆ្នាំ ១៩៨៧ មាន​អចលនទ្រព្យ​ធំ​ៗ​២​កន្លែង​នៅ​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ ដោយ​ក្នុង​មួយ​កន្លែង​តម្លៃ​មិន​ក្រោម​១០​លាន​ដុល្លារ​នោះ​ឡើយ។ ក្រៅ​ពី​នេះ ដោយ​សារ​តែ​វិនិយោគ​ចូល​ក្រុមហ៊ុន​របស់​ប្ដី​ប្រពន្ធ​តារា​សម្ដែង Liu Shishi ដូច​នេះ​ហើយ ក្រោយ​ពេល​ក្រុមហ៊ុន​​នេះ​មាន​ឈ្មោះ​លើ​ទីផ្សារ​ភាគហ៊ុន Zhao Li Ying ក៏​កើប​លុយ​រាប់​សិប​លាន​ដុល្លារ​ដូច​គ្នា។

ដោយ​សារ​តែ​អតីត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ បាន​បែង​ចែក​លុយ​មិន​ឲ្យ​ចូល​គ្នា​តាំង​ពី​ដើម ដូច​នេះ​ហើយ ទោះ​ក្រោយ​លែងលះ អាច​និយាយ​បាន​ថា លុយ​របស់​​តារា​ស្រី​ជួរ​មុខ​​នេះ​មិន​បាន​ធ្លាក់​ចុះ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម