អ្នក​គាំទ្រ​ស្ដាយ​សម្រស់​កំពូល​តារា​ហុងកុង ព្រោះ​​រូប​រាង​ខុស​ពី​មុន​ពេក

  • 2021-05-05 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​បាត់​មុខ​មួយ​រយៈ ដោយ​សារ​លែងលះ​ប្ដី​នោះ តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​ហុងកុង​បាន​ហក់​ចូល​មក​ប្រឡូក​សិល្បៈ​វិញ តែ​រូប​សម្បត្តិ​របស់​នាង​ ធ្វើ​ឲ្យ​ស្ដាយ​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ២​​ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ថា តារា​សម្ដែង និង​ចម្រៀង​ស្រី​ជួរ​មុខ​ហុងកុង Gillian Chung ​បាន ចូល​ថត​កម្មវិធី​ជជែក​កម្សាន្ត​ថ្មី​មួយ។ នេះ​គឺ​ជា​​ការ​ចូល​ទូរទស្សន៍​វិញ លើក​ទី​១​របស់​សមាជិក​កំពូល​ក្រុម​ចម្រៀង Twin ក្រោយ​នាង​លែងលះ​ប្ដី​ កាល​ពី​ចុង​ឆ្នាំ​មុន។

យ៉ាងណាក្ដី​ ជំនួស​ឲ្យ​ការ​ចែក​រំលែក​របស់​នាង មនុស្ស​ជា​ច្រើន​បែរ​ជា ចាប់​អារម្មណ៍​លើ​រូប​សម្បត្តិ​របស់​ស្រី​ស្អាតវ័យ ៤០ឆ្នាំ​វិញ។ តាម​នោះ​ដែរ ទោះ​បី​ជា​មិន​បាន​បង្ហើប​ក៏​ដោយ តែ​ប្រភព​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា Gillian Chung បាន​ឡើង​គីឡូ​យ៉ាង​តិច​ក៏​ ១៥​គីឡូ​ដែរ។ ការ​ឡើង​គីឡូ ហួស​កំណត់​នេះ​បាន​ធ្វើ​ឲ្យ​​នាង​មើល​ទៅ​ដុះ​បឿ និង​លែង​ឃើញ​ក តែ​ម្ដង។

ក្រៅ​ពី​នេះ អ្នក​គាំទ្រ​ក៏​ព្រួយ​បារម្ភ​ចំពោះ​នាង​ដូច​គ្នា ដ្បិត​​នាង​អាច​ឡើង​គីឡូ​ដោយ​សារ​ស្ត្រេស​ពេក ញ៉ាំ​អី​លែង​គិត ទើប​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឯង​លែង​បាន។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ តារា​កើត​ឆ្នាំ ១៩៨១ បាន​ទទួល​ស្គាល់​ថា​ ពេល​ទើប​លែងលះ​ភ្លាម​ៗ នាង​ក្ដៅ​ពេក ទើប​ប្រកាស​ថា ឈប់​ជឿ​លើ​មង្គលការ តែ​នៅ​ពេល​នេះ ក្រោយ​ពេល​គិត​គូរ​ល្អិតល្អន់​ហើយ នាង​បាន​ឲ្យ​ដឹង​ថា នាង​នឹង​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​សារ​ជាថ្មី ប្រសិន​​បើ​រក​បាន​មនុស្ស​ល្អដែល​ស្រលាញ់​ខ្លួន៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម