ទិញផលិតផលប្រើរាល់ដង តិចអត់ដឹងអត្ថន័យនិមិត្តសញ្ញាទាំងនេះ

  • 2021-04-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​ទិញ​ផលិត​ផល​ថែរក្សា​ស្បែក ​អ្នក​ប្រាកដ​ជា​​ឃើញ​និមិត្ត​សញ្ញា​ខ្លះ​ៗ​នៅ​លើ​សម្បក​ផលិត​ផល​នោះ​មិនខាន។ ​​ថ្ងៃ​នេះ​ដើម្បី​ស្រាយ​ចម្ងល់​​​​ពី​និមិត្ត​សញ្ញា​ទាំង​នោះ ​កញ្ញា ​សូម​បង្ហាញ​ដូច​ខាង​ក្រោម​។

១. PAO

​ពាក្យ​ពេញ​គឺ Period After Opening ​ដែល​ចង់​សំ​ដៅ​លើ​​ចំនួន​​ឆ្នាំ​​​​បន្ទាប់​ពី​បើក​ប្រើ​​ប្រាស់។ ​ភាគ​ច្រើន​គេ​សរសេរ​ថា ​ 12M ​គឺ ១២​ខែ ​​ 36M ​គឺ​ ៣៦​ខែ​​ដែល​ស្មើ​នឹង​៣​ឆ្នាំ​។ ​បើ​អ្នក​ប្រើ​លើស​ពី​នេះ​ ​អាច​ប៉ះពាល់​ដល់​ស្បែក​បាន​។

២. ​​ Hourglass (​រូប​កែវ​)

បើ​អ្នក​ឃើញ​​​និមិត្ត​សញ្ញា​នេះ ​គឺ​​សំ​ដៅ​លើ​ចំនួន​ឆ្នាំ​ដែល​ទុក​បាន​មិន​លើស​ពី​​៣០​ខែ ទោះ​បើក​ប្រើ​​ឬ​មិន​ទាន់​បើក​ក៏​ដោយ ដែល​វា​ទាក់​ទង​នឹង​ដឺ​ឡេ​របស់​ផលិត​ផល។

៣. Leaping Bunny (​រូប​សត្វ​ទន្សាយ​)​

​​​​​​សំ​ដៅ​លើ​ផលិត​ផល​នេះ​មិន​បាន​ធ្វើ​តេស្ត​សាក​ល្បង​លើ​សត្វ​ ពេល​កំពុង​ដំណើរ​ការ​ផលិត​នោះ​ទេ។ ​

៤. ​E-mark ​(​អក្សរ ​ e)

​​មាន​ន័យ​ថា ផលិត​ផល​នេះ​​គាំ​ទ្រ​​ដោយ​សហភាព​អឺ​រ៉ុប ​​ត្រួត​ពិនិត្យ​លើ​បរិមាណ​ត្រឹម​ត្រូវ។ ​​ឧទាហរណ៍ ​៣០០ ml e ​​សំ​ដៅ​លើ​ផលិត​ផល​នេះ​គឺ​ពិត​ជា​​ផ្ទុក​ទម្ងន់ ​៣០០ ml ​ពិត​មែន។

​​៥. Mobius loop ​(​ព្រួញ​បៃ​តង​វិល​ចុះ​ឡើង​)

​ព្រួញ​​នេះ​មាន​ន័យ​ថា សម្បក​ផលិត​នេះ​ជា​សម្ភារៈ​​ប្រើ​ឡើង​វិញ។ ​វា​ក៏​បង្ហាញ​ថា ​នៅ​ពេល​អ្នក​ប្រើ​ផលិត​ផល​អស់ ​នោះ​សម្បក​របស់​វា​ក៏​​គេ​អាច​យក​ទៅ​ផលិត​សម្រាប់​​ប្រើ​ម្ដង​ទៀត​បាន។

៦. Green Dot ( ​សញ្ញា​ពណ៌​បៃ​តង​)

​បើ​អ្នក​ឃើញ​និមិត្ត​សញ្ញា​បែ​បនេះ ​មាន​ន័យ​ថា​ សម្បក​ផលិត​ផល​នេះ​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ទេ ​ដោយសារ​តែ​ក្រុម​ហ៊ុន​ម៉ាក​យី​ហោ​នេះ​នឹង​បរិច្ចាគ​ថវិកា​​ ​ដោយ​វិធី​ត្រឹម​ត្រូវ​មួយ​ដើម្បី​កាត់​បន្ថយ​ការ​វេច​ខ្ចប់​ដោយ​ខ្ជះខ្ជាយ។

៧. Ecocert

​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ផលិត​ផល​ផ្សំ​ពី​សរីរាង្គ​ ​គួរ​តែ​យល់​ដឹង​ពី​និមិត្ត​សញ្ញា​នេះ​។ ​​វា​ជា​ការ​ទទួល​ស្គាល់​ពី​​ក្រុម​ហ៊ុន​ត្រួត​ពិនិត្យ​​លើ​ផលិត​ផល​ផ្សំ​ពី​សរីរាង្គ ​នៅ​ប្រទេស​បារាំង។ ​ក្នុង​ផលិត​​ផល​នេះ​ គឺ​ផ្ទុក​​ច្រើន​ជាង ៩៥ ​% ​នៃ​សមាសធាតុ​សរីរាង្គ​ និង​រុក្ខជាតិ​ដែល​​គ្មាន​សារធាតុ​គី​មី​និង​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ ​​តែ​បើ​អ្នក​ឃើញ​ពាក្យ ​World Natural ​​មាន​ន័យ​ថា ​ផលិត​ផល​នេះ​មាន​​គ្រឿង​ផ្សំ​នៃ​រុ​រុក្ខជាតិ​ឬ​សារធាតុ​សរី​រាង្គ​ច្រើន​ជាង ​៥០ %​។

៨. ​ Refer To Insert (​រូប​ដៃ​ចង្អុល​សៀវ​ភៅ​)

​ដោយសារ​តែ​ពិ​បាក​លម្អិត​ពី​គ្រឿង​ផ្សំ​នៅ​លើ​ផលិតផល​ ដូច្នេះ​និមិត្ត​សញ្ញា​នេះ​ចង់​សំ​ដៅ​ថា​នឹង​លម្អិត​បន្ថែម​លើ​ខិត​បណ្ណ​ដែល​ភ្ជាប់​ជាមួយ​ផលិត​​ផល​នេះ​។

៩. Flame ​( ​រូប​អណ្ដាត​ភ្លើង​)

​​​​សំ​ដៅ​លើ​ផលិត​ផល​​នេះ​ងាយ​នឹង​ឆេះ ​ដូច្នេះ​គួរ​រក្សា​ទុក​វា​នៅ​កន្លែង​ណា​ដែល​គ្មាន​ភ្លើង ​ឬ​ទី​ណា​ដែល​មាន​សីតុណ្ហភាព​ខ្ពស់។ ​ជា​ញឹក​ញាប់ ​និមិត្ត​សញ្ញា​នេះ​ច្រើន​មាន​លើ​ស្រ្ពាយ​បាញ់​សក់ ​ឬ​ទឹក​លាង​ក្រចក​ជា​ដើម។

១០. Paraben Free ( ​រូប​ស្លឹក​ពណ៌​បៃ​តង​)

​ជា​សមាស​ភាព​​មួយ​ដែល​មនុស្ស​គួរ​តែ​ចៀស​វាង ​ដោយសារ​វា​ជះ​ឥទ្ធិពល​លើ​ប្រព័ន្ធ​អ័រម៉ូន និង​បណ្ដាល​ឲ្យ​ប្រតិកម្ម​​អាឡាក់ស៊ី ធ្វើ​ឲ្យ​រោល​រមាស់​ស្បែក​យ៉ាង​ងាយ ទោះ​បី​វា​​ជា​សមាស​ភាព​ជួយ​​ការពារ​នៅ​ក្នុង​​ផលិត​ផល​គ្រឿង​សំ​អាង​​ ដែល​មិន​ឲ្យ​ដុះ​ផ្សិត​និង​ឆាប់​ខូច​។ ​បើ​អ្នក​ឃើញ​និមិត្ត​សញ្ញា​នេះ ​មាន​ន័យ​ថា​ផលិត​ផល​នោះ​កំពុង​ផ្ទុក​នូវ​​សារធាតុ​ដូច​រៀប​រាប់​ខាង​លើ​ហើយ​។

​១១. UVA

​ជា​ទូ​ទៅ​​និមិត្ត​សញ្ញា​នេះ ​ច្រើន​មាន​លើ​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ ​ឬ​ផលិត​ផល​ថែរក្សា​ស្បែក។ ​វា​បញ្ជាក់​ថា ​បរិមាណ​​ក្នុង​ផលិត​ផល​នេះ អាច​ការពារ​កាំ​រស្មី​អុល​ត្រា​វី​យូ​ឡេ​ក្នុង​បរិមាណ​ដែល​កំណត់ ជួយ​​រារាំង​វិទ្យុ​សកម្ម​ដែល​បណ្ដាល​ឲ្យ​​ស្បែក​ឆាប់​ចាស់​មុ​ន​វ័យ ​និង​ស្បែក​កើត​មហារីក​ផង​ដែរ។ ​

​​​​១២. Cosmebio

​និមិត្ត​សញ្ញា​​ចុង​ក្រោយ​នេះ ​មាន​ន័យ​ថា ​ផ្ទុក​គ្រឿង​ផ្សំ​ធម្មជាតិ​យ៉ាង​តិច​ណាស់​ក៏ ​៩៥ % ​ដែរ ​ព្រម​ទាំង​​​មាន​ក្លិន​ក្រអូប​ដូច​ទឹក​អប់ ។

ចុចអាន៖ ​ ស្បែកមុខទន់រលោងក្នុងរយៈពេលខ្លី ដោយវិធីធ្វើម៉ាស់បិទមុខនៅផ្ទះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម