មូលហេតុ ៦ យ៉ាងដែលមនុស្សស្រីអាយុខ្ទង់ ២០ គួរតែនៅលីវសិន

  • 2021-04-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្មេង​ខ្ចី​មិន​គួរ​ប្រញាប់​មាន​ស្នេហា​ពេក​ទេ​។​ ​​ទាន់​អាយុ​នៅ​ក្មេង​ មាន​រឿង​ច្រើន​ណាស់​​ត្រូវ​ដឹង​ និង​រៀន​។​ ការ​តាម​រក​ស្នេហា​ ឬ​មនុស្ស​ម្នាក់​ដែល​យើង​ស្រមៃ​ចង់​បាន​ នឹង​ធ្វើ​ឱ្យ​​ខាត​ពេល​ ព្រោះ​ការ​មាន​ដៃ​គូ​ម្នាក់​ មិន​ប្រាកដ​ថា​នឹង​ធ្វើ​ឱ្យ​ភាព​ឯកា​របស់​យើង​លិច​បាត់​នោះ​ទេ​ ពេល​ខ្លះ​យ៉ាប់​ជាង​មុន​ទៀត​ផង។​

ជីវិត​ដ៏​ល្អ​ប្រសើរ​មួយ​ មាន​ន័យ​ថា​ការ​រស់​នៅ​ដោយ​រីករាយ​ឱ្យ​បាន​ច្រើន​តាម​​អាច​ធ្វើ​បាន​ ​មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​ទេ​។​ នេះ​ជា​មូល​ហេតុ​ ៦ យ៉ាង​ដែល​អ្នក​គួរ​តែ​រស់​នៅ​ម្នាក់​ឯង​សិន ពេល​អាយុ​ខ្ទង់​ ២០៖​

១. នៅ​អាយុ​ខ្ទង់​ ២០​ អ្នក​នឹង​រក​ឃើញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ និង​ចង់​បាន​អ្វី​ពិត​ប្រាកដ

​ពេល​យើង​មាន​ស្នេហា​នៅ​អាយុ​ខ្ទង់​ប៉ុណ្ណឹង អ្នក​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​រស់​នៅ​ដោយ​សារ​គេ​ ទាំង​មិន​ដឹង​ថា​គេ​ច្បាស់​លាស់​នឹង​យើង​ដែរ​ឬ​អត់​ទេ។​ អ៊ីចឹង​ហើយ​ទើប​ការ​ស្វែង​រក​ខ្លួន​ឯង​នៅ​ខ្ទង់​អាយុ​នេះ​ជា​រឿង​សំខាន់​ណាស់​ ព្រោះ​អ្នក​នឹង​ស្គាល់​ពី​តម្លៃ​ខ្លួន​ឯង​ ហើយ​អាច​បង្កើត​អត្តសញ្ញាណ​ឱ្យ​ខ្លួន​ឯង​បាន​។​ ដូច​នេះ​ហើយ​អ្នក​អាច​ដឹង​ថា​នៅ​ពេល​ខាង​មុខ​ អ្នក​នឹង​ក្លាយ​ជា​អ្វី​ ហើយ​ត្រូវ​ដើរ​លើ​ផ្លូវ​ណា​។​

២. មាន​ពេល​ច្រើន​សម្រាប់​ស្វែង​រក​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន

សួរ​ខ្លួន​ឯង​មុន​សិន​ ថា​តើ​ថ្ងៃ​បែប​ណា​ជា​ថ្ងៃ​ល្អ​របស់​អ្នក​?​ គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្តី​សុបិន​ និង​ការ​ចង់​បាន​។​ យើង​ត្រូវ​ការ​ពេល​រៀប​ចំ​ និង​ធ្វើ​វា​ឱ្យ​ទៅ​ជា​ការ​ពិត​ តែ​បើ​រវល់​តែ​ខ្ជះខ្ជាយ​ពេល​អត់​ប្រយោជន៍​តាម​យក​ចិត្ត​ ឬ​ផ្គាប់​ចិត្ត​ដៃ​គូ​ យើង​នឹង​មិន​អាច​ដឹង​ថា​តើ​ក្តី​សុបិន​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ​។​ ព្យាយាម​ត្រឡប់​មក​រក​ខ្លួន​ឯង​​ដើម្បី​ដេញ​តាម​សុបិន​នោះ​ ហើយ​ធ្វើ​វា​ឱ្យ​ក្លាយ​ជា​ការ​ពិត​។​ ក្តី​សុខ​ដែល​បាន​មក​ពី​ការ​សម្រេច​គោល​ដៅ​ នឹង​ធ្វើ​ឱ្យ​យើង​រីករាយ​ជាង​ការ​មាន​ស្នេហា​​រាប់​ពាន់​ដង​។​

​​៣. ជា​ពេល​ត្រូវ​វិនិយោគ​ខ្លាំង​ជា​មួយ​ការ​សិក្សា

ទំនាក់​ទំនង​បែប​ក្មេង​ខ្ចី​មាន​ពេល​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​មិន​លើស​ពី​ ៦​ខែ​ទេ​ បន្ទាប់​មក​អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ត្រលប់​ទៅ​វិល​ជុំ​ជា​មួយ​នឹង​សកម្ម​ភាព​ដដែល​ៗ​គ្រប់​ពេល​ មិន​ថា​ពេល​ញ៉ាំ​ មើល​កុន​ ផឹក​ យូរ​ៗ​ទៅ​ទម្លាប់​នេះ​នឹង​ធ្វើ​ឱ្យ​យើង​គិត​ថា​ ខាត​ពេល​។​ ដូច​នេះ​ នៅ​លីវ​ខ្ទង់​អាយុ​ ២០​ ផ្តល់​ឱកាស​ជា​ច្រើន​ដល់​យើង​ដើម្បី​ផ្ដោត​លើ​ការ​សិក្សា​និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ច្រើន​តាម​អាច​ធ្វើ​បាន​។​ មិន​ថា​ការ​រៀន​ភាសា​ ចម្អិន​ ឬ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ទេ​ ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​ខ្លួន​យើង​រីក​ចម្រើន​ និង​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ខ្លាំង​។​

​​​៤. អាច​សន្សំ​លុយ​បាន​ច្រើន

ការ​ពិត​ទៅ​ គ្រប់​គ្នា​ដឹង​ថា​ការ​មាន​មិត្ត​ស្រី​ ឬ​មិត្ត​ប្រុស​គឺ​ជា​ពេល​ចាយ​លុយ​។​​ យើង​ត្រូវ​ចាយ​លុយ​លើ​ដៃ​គូ​ នៅ​ថ្ងៃ​កំណើត​ ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ ថ្ងៃ​ឆ្លង​ឆ្នាំ​ សម្រាប់​ទិញ​កាដូ​ផ្សេង​ៗ​។​ នេះ​មិន​បូក​បញ្ចូល​ការ​ដើរ​កម្សាន្ត​ ការ​ខល​ទូរសព្ទ​ និង​ថ្លៃ​សាំង​ជា​ដើម​ ដែល​ទាំង​នេះ​ធ្វើ​ឱ្យ​ចំណាយ​កើន​ឡើង​។​ តាម​ពិត​ទៅ​ នៅ​អាយុ​ប៉ុណ្ណឹង​ គួរ​តែ​ជា​ពេល​សន្សំ​លុយ​ បើ​សិន​ជា​ការ​ចំណាយ​ប្រចាំ​ខែ​ដោយ​សារ​តែ​ត្រូវ​មើល​ថែ​ដៃ​គូ​ជា​រឿង​មួយ​ដែល​មិន​សម​ស្រប​សោះ​។​

​​​៥. ចង់​ទៅ​ដើរ​លេង​ពេល​ណា​ក៏​បាន

ពេល​មាន​ស្នេហា​ប្រៀប​ដូច​ជា​ការ​មាន​ខ្លួន​ ២ អ៊ីចឹង​ ពេល​ទៅ​ណា​មក​ណា​បាត់​ម្នាក់​ នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​មិន​ល្អ​។​ តែ​បើ​ Single វិញ​ពេល​នឹក​ដល់​ការ​ដើរ​កម្សាន្ត​ភ្លាម​​ យើង​អាច​ទៅ​បាន​ដោយ​មិន​បាច់​គិត​ច្រើន​ ហើយ​ការ​ដើរ​កម្សាន្ត​នៅ​អាយុ​នេះ​ពិត​ជា​សំខាន់​ណាស់​។​ ដោយ​សារ​តែ​វា​ជា​ពេល​ដែល​យើង​នៅ​មាន​កម្លាំង​ពេញ​ក្នុង​ការ​សន្សំ​លុយ​សម្រាប់​ដើរ​លេង​។​

​​​៦. មាន​សេរី​ភាព​ចង់​និយាយ​អី​ក៏​បាន​ និង​អាច​បង្កើត​ទំនាក់​ទំនង​បាន​ច្រើន

បើ​សិន​ជា​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ម្នាក់​ដែល​តាម​យើង​គ្រប់​កន្លែង ផ្ញើរ​សារ​គ្រប់​ពេល​ចង់​ដឹង​ថា​យើង​កំពុង​ធ្វើ​អី​ ទៅ​ក្រៅ​ញ៉ាំ​អី​ជា​មួយ​អ្នក​ធ្វើ​ការ​ ឬ​មេ​ត្រូវ​តែ​រាយ​ការណ៍​គ្រប់​ពេល​ ឬ​ពេល​និយាយ​ជា​មួយ​អ្នក​ស្គាល់​គ្នា​ក៏​ប្រច័ណ្ឌ​ដែរ​។​ នោះ​ជា​សំណាង​អាក្រក់​របស់​យើង​ហើយ​ ព្រោះ​នៅ​អាយុ​ប៉ុណ្ណឹង​ជា​វ័យ​ដែល​យើង​ត្រូវ​ជួប​មនុស្ស​ច្រើន​។​ នៅ​ក្នុង​ជីវិត​ការងារ​ រឿង​សំខាន់​គឺ​បង្កើត​ទំនាក់​ទំនង​ ជា​មួយ​អ្នក​ដែល​អាច​ធ្វើ​ឱ្យ​អនាគត​យើង​ល្អ​ប្រសើរ​។​ ដូច​នេះ​ហើយ​ ​ពិចារណា​​ឱ្យ​បាន​ច្បាស់​មុន​ជ្រើស​រើស​ដៃ​គូ​នៅ​អាយុ​ ២០​៕

​ចុចអាន៖ ​ ខំ​រត់​គេច​ពី​ភាព​ឯកា មើល​គ្រប់​ទិស​ក៏​នៅ​តែ​ឃើញ​តែ​ភាព​ឯកា

ប្រភព៖ Spiceee ប្រែសម្រួល៖ ​សរ សុគន្ធី

អត្ថបទពេញនិយម