ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព

  • 2021-04-13 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បារម្ភ​ភ័យ​ខ្លាច​ជា​អ្វី​ដែល​ពិបាក​ហាម​ឃាត់ ស្រប​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​តែ​វាយ​លុយ​​ស្ទើរ​គ្រប់​ទិស​ទី​​លើ​សកលលោក។ អារម្មណ៍​តាន​តឹង​​មួយ​ចំនួន បាន​កើត​ឡើង​ដោយ​សារ​តែ​​អ្នក​គិត​ថា​ខ្លួនឯង​​​ត្រូវ​ប្រឈម​​នឹង​ហានិភ័យ​នៅ​ចំពោះ​មុខ​​​រាប់​មិន​អស់​។ ជាពិសេស​​​​មាន​បញ្ហា​​​ផ្សេងៗ ដែល​​មិន​អាច​ទប់ស្កាត់​​​​ឬ​ពិបាក​ហាម​ឃាត់​​​បាន​មាន​ដូច​ជា សកម្មភាព​មិន​ប្រុង​ប្រយ័ត្ន​របស់​អ្នក​ដទៃ ការ​បន្ត​ជួបជុំ​គ្នា ការ​ឡើង​ថ្លៃ​នៃ​ម៉ាស់​ឬ​ទំនិញ​នានា វិបត្តិ​​ហិរញ្ញវត្ថុ ព័ត៌មាន​ក្លែងក្លាយ ពាក្យ​បំភ័យ និង​​​ការ​មិន​អាច​ទាយ​ដឹង​​មុន​ ថា​នឹង​មាន​អ្វី​កើត​ឡើង​​បន្ត​បន្ទាប់​ទៀត។

រូបតំណាង

​​ក្នុង​​អំឡុង​ពេល​​នេះ គួរ​ទុក​បញ្ហា​ស្មុគស្មាញ​​ទាំង​នោះ​​នៅ​មួយ​ឡែក​សិន ហើយ​​ងាក​មក​ផ្តោត​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​​វិញ​ប្រសើរ​ជាង។ ព្យាយាម​អនុវត្ត​គន្លឹះ​ល្អៗ​ដូច​ខាង​ក្រោម​ ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​ឯង និង​​ក្លាយ​ជា​ផ្នែក​​ដ៏​សំខាន់​មួយ​ក្នុង​ការ​តតាំង​នឹង​ជំងឺ​កូវីដ​១៩។

បន្ត​គំនិត​វិជ្ជមាន

រូបតំណាង

រក្សា​សុខភាព​ផ្លូវ​កាយ​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​អ្វី​អ្នក​​ដែល​​​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​​ គឺ​សុខភាព​ផ្លូវ​ចិត្ត​តែ​ម្តង​។ ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​​ឲ្យ​បាន​ល្អ បន្ត​គំនិត​វិជ្ជមាន បង្កើន​ភាព​រឹង​មាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​​មួយ​នេះ​។​

តាម​ដាន​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ

រូបតំណាង

កុំ​បណ្តោយ​ខ្លួន​ឯង​តក់ស្លុត​ខ្លាំង​ជាមួយ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​។ អ្វី​ដែល​អ្នក​ឭ​មិន​​ប្រាកដ​ថា​ជា​រឿង​​ពិត អ្វី​ដែល​ឃើញ​ក៏​មិន​អាច​វិនិច្ឆ័យ​បាន​ភ្លាមៗ​ដែរ​។ ត្រូវសង្កេត​តាម​ដាន​​នូវ​ព័ត៌មាន​ណា ដែល​ចេញ​ផ្សាយ មាន​ប្រភព​ត្រឹម​ត្រូវ​ជាក់​លាក់ មុន​នឹង​ចែក​ចាយ​បន្ត។​

អនុវត្ត​តាម​ការ​ណែនាំ​ដែល​ចេញ​ពី​ក្រសួង​សុខាភិបាល

​ត្រូវ​អនុវត្ត​ពី​វិធី​ការពារ និង​ទទួល​យក​​ការ​ណែនាំ​ច្បាស់​លាស់​ពី​ក្រសួង​សុខាភិបាល ឬ​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​និង​​ប្រសិទ្ធភាព​ពេញលេញ ជៀស​វាង​​​នូវ​អ្វី​ដែល​​គ្រាន់​តែ​ជា​ជំនឿ​ឬ​ការ​និយាយ​តៗ​គ្នា​។ ​

ពង្រឹង​ប្រព័ន្ធ​ការពារ​​របស់​រាង​កាយ

រូបតំណាង

​ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​ភាព​ស៊ាំ​របស់​រាង​កាយ​កាន់​តែ​រឹង​មាំ អ្នក​ត្រូវ​ញ៉ាំ​អាហារ​​ដែល​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព មាន​វីតាមីន​ C ខ្ពស់ ចម្អិននៅផ្ទះមានអនាម័យខ្ពស់ និង​ហាត់​ប្រាណ​​ជា​ប្រចាំ ទើប​​មិន​ងាយ​ឈឺ​ថ្កាត់។ ​

ផ្អាក​ការ​ជួបជុំ​និង​កម្មវិធី​ផ្សេងៗ

ដាក់​គម្លាត​ខ្លួន​ឯង​ឲ្យ​ឆ្ងាយ​ពី​ទំនាក់​ទំនង​ដោយ​ការ​​ជួប​មុខ​ផ្ទាល់​មួយ​រយៈ​សិន ហើយ​ងាក​មក​ចំណាយ​ពេល​វេលា ជជែក​គ្នា​លេង ញ៉ាំ​អាហារ បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​​ឲ្យ​បាន​កាន់​តែ​ច្រើន។​​

កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម

រូបតំណាង

អ្នក​អាច​រក្សា​ទំនាក់​ទំនង​និង​​សួរ​សុខ​ទុក្ខ​​មិត្ត​ភ័ក្តិ បង​ប្អូន​សាច់​ញាតិ តាម​រយៈ​​ការ​ខល​មើល​មុខ​គ្នា​ជា​ដើម​។ យ៉ាង​ណា​កុំ​ភ្លេច​ថា គួរ​​ទុក​ពេលវេលា​សម្រាប់​ធ្វើ​រឿង​​​អ្វី​ផ្សេង​ ក្រៅ​​ពី​អង្គុយ​ចុច​​អូស​ចុះ​ឡើង​សម្លឹង​​តែ​ទូរសព្ទ ព្រោះ​ការ​ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​​​សុខភាព​ភ្នែក​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​អាច​បណ្តាល​ឲ្យ​អ្នក​កាន់​តែ​​ស្ត្រេស​លើស​ដើម​។ ​​​​​​

ធ្វើ​រឿង​សប្បាយ​ៗ​នៅ​ផ្ទះ​ដោយ​ខ្លួនឯង

រូបតំណាង

នៅ​ផ្ទះ​មិន​មែន​​មាន​ន័យ​ថា​អផ្សុក​គួរ​ឲ្យ​ធុញ​ដូច​ដែល​អ្នក​​បាន​គិត​នោះ​ទេ​។ អ្នក​​មាន​ឱកាស​​ធ្វើ​​រឿង​ជា​ច្រើន​ដែល​ខ្លួន​​ចូល​ចិត្ត​ ដូច​ជា​មើល​រឿង​ ស្តាប់​ចម្រៀង អាន​សៀវភៅ ថែ​សួន​ផ្កា និង​រៀប​ចំ​​តុប​តែង​បន្ទប់​ជា​ដើម​។ ​​​

បើក​ចិត្ត​ទូលាយ ចេះ​ឲ្យ​តម្លៃ​នៃ​ការ​ខិត​ខំ​លះបង់​របស់​អ្នក​ដទៃ

រូបតំណាង

អ្វី​ដែល​​ពិបាក​ក្នុង​ការ​ទប់​ស្កាត់​​ ទោះ​បី​ជា​អ្នក​រអ៊ូរទាំ អង្គុយ​ចាំ​តែ​បន្ទោស​ក៏​គ្មាន​បាន​ផល​អីមក​វិញ​ដែរ។ មាន​តែ​ការ​បើក​ចិត្ត​ទូ​លាយ និង​គោរព​ឲ្យ​តម្លៃ ចំពោះ​ការ​ខិត​ខំ​លះ​បង់​​ ​របស់​ក្រុម​គ្រូពេទ្យ រួម​ទាំង​​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​បាន​ចូល​រួម​ចំណែក​ សង្កេត​ តាម​ដាន​ព្យាបាល​និង​ចាត់​វិធានការ​ផ្សេងៗ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩៕ ​

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម